ចោរបាញ់២ គ្រាប់ប្លន់យកម៉ូតូស្កូពី ពីនិស្សិតស្រីម្នាក់ ទៅបាត់
ភ្នំពេញ: ចោរប្លន់ប្រដាប់អាវុធ ២ នាក់បានធ្វើសកម្មភាពប្រើកាំភ្លើងខ្លីបាញ់គំរាម ២ គ្រាប់ ប្លន់យកម៉ូតូស្កូពី ពីនិស្សិតស្រីម្នាក់យកទៅបាត់ នៅចំណុចផ្សារឯករាជ្យ២ តាមបណ្តោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន កាលពីវេលាម៉ោងជាង ១១ ព្រឹកថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០១៣នេះ។
ផ្អែកតាមការបំភ្លឺពីនារីរងគ្រោះ មានឈ្មោះ ថាវ ស្រីលីន អាយុ ២៤ឆ្នាំ ជានិស្សិត ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ចោមចៅ បាននិយាយប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ រូបនាងបានជិះម៉ូតូស្កូពីពណ៌ស ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1BV-2898 តាមបណ្តោយផ្លូវវេងស្រេង លុះដល់ចំណុចផ្សារឯករាជ្យ២ នាងក៏បានឈប់ម៉ូតូបំរ៉ុងទៅជួបបងប្រុសរបស់ខ្លួននៅក្នុងផ្សារឯករាជ្យ។ គ្រាន់តែឈប់ម៉ូតូភ្លាម ក៏ស្រាប់តែក្រុមចោរប្លន់ពីរនាក់ ជិះម៉ូតូស្មាស់ ១គ្រឿង ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម មិនស្គាល់ម៉ាក បានមកភ្ជង់បាញ់ចំនួន ២ គ្រាប់ ប្លន់យកម៉ូតូបានសម្រេច គេចខ្លួនបាត់។
ថាវ ស្រីលីន បានបញ្ជាក់ថា នៅក្នុងហេតុការណ៍នោះដែរ ក៏មានបងប្អូនប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុជាច្រើនអ្នក ប្រុងចូលជួយអន្តរាគមន៍ផងដែរ តែត្រូវបានក្រុមចោរប្លន់បាញ់គំរាម រួចជិះម៉ូតូគេចខ្លួនបាត់ពីកន្លែងកើតហេតុដោយសុវត្ថិភាព។
តាមការសន្និដ្ធានពីសមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ក្រុមចោរប្លន់ប្រើកាំភ្លើងខ្លី កា៥៩ ប្លន់យកម៉ូតូបានសម្រេច ទើបកម្លាំងសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅកន្លែងកើតហេតុ ព្រមទាំងសាកសួរជនរងគ្រោះអំពីភិនភាគមុខសញ្ញាក្រុមចោរប្លន់ប្រដាប់អាវុធ៕
ប្រភពពី CEN

