ប៉េអឹម ចាប់ក្រុមក្មេងទំនើង បុគ្គលិក និងម្ចាស់ហាងអង្គរថោន ពីបទ បង្ករបួស

10/28/2013 0 Comments A+ a-

ភ្នំពេញ: កំលាំង​កងរាជអាវុធហត្ថ បានធ្វើការ​បង្ក្រាប​ក្រុម​ជនសង្ស័យ ដែលជា​ក្មេង​ទំនើង​មួយក្រុម ដែល​បាន​បង្ក​ការអុកឡុក បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ និង​បង្ក​របួសស្នាម ដែល​ធ្វើ​ឲ្យ​មាន​របួសស្នាម​ទាំងសង្ខាង គឺ​ទាំង​ក្រុម​ជនសង្ស័យ និង​អ្នកបំរើ ម្ចាស់​ហាង នៅក្នុង​ហាង​ អង្គរ​ថោ​ន ដែល​ស្ថិតនៅ​ផ្លូវ​លេខ​៤៣២ សង្កាត់​ទួល​ទំពូង កាលពី​វេលា​ម៉ោងជាង ៩ យប់ ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៣​។​
​    ​
​ហេតុការណ៍​នេះ ​បានកើត​ឡើង ដោយសារតែ​ក្រុម​ក្មេង​ទំនើង​បាន​កម្មង់​ម្ហូប​យូរពេក ធ្វើ​ឲ្យ​មានការ​ខឹងសម្បារ រហូតដល់​ទះ​តុ បោក​កែវ នៅពេលដែល​ម្ចាស់​សួរនាំ ក៏មាន​ការឈ្លោះប្រកែក​តឹងសរសៃក​ដាក់គ្នា រហូត​ឈានដល់​ការប្រើ​អំពើហិង្សា​ដាក់​ទៅ​វិញ​ទៅ​មក​។​
​    ​
​បន្ទាប់មក​កំលាំង​កងរាជអាវុធហត្ថ នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្ម​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​អាវុធហត្ថ​ខណ្ឌចំការមន ចុះ​ទៅដល់​កន្លែង​កើត​ហេតុ​ភ្លាមៗ រហូត​ឈានដល់​ការចាប់​ឃាត់ខ្លួន​មនុស្ស​ចំនួន ៩ នាក់ ក្នុងនោះ​ស្រី​ចំនួន ២ នាក់ រួមទាំង​វត្ថុតាង បញ្ជូន​ទៅកាន់​ទីបញ្ជាកា​រដ្ឋា​ន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​។​
​    ​
​ប្រភព​បាន​បង្ហើប​ប្រាប់​គេហទំព័រ CEN ឲ្យ​ដឹងថា នៅពេល​ចាប់ខ្លួន​ក្រុម​ក្មេង​ទំនើង បាន​ទូរស័ព្ទ​ខ្វាត់ខ្វែង​រក​អន្តរាគមន៍ ពី​មន្ត្រី​អាវុធហត្ថ​ខណ្ឌ​៧​មករា និង​មន្ត្រីជាន់ខ្ពស់​ប៉ូលិស​ម្នាក់ ប៉ុន្តែ​មិនឃើញ​មាន​មន្ត្រី​អ្នកណាម្នាក់​ចេញមុខ​មក​អន្តរាគមន៍​នោះទេ​។​
​    ​
​សូម​រម្លឹកថា នាពេល​កន្លងមកនេះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាស​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ធ្វើការ​បង្ក្រាប​ក្មេង​ទំនើង​ដែល​ធ្វើ​ខុស មិន​ថា​កូន​អ្នកធំ កូន​អ្នកតូច​ណា​ទេ​៕




ប្រភពពី CEN