ស្ត្រី​ចាស់​ជរា​ម្នាក់​នៅ​ កំពង់ស្ពឺ​តស៊ូ​ចិញ្ចឹម​ខ្លួន​ និង​ចៅ​កំព្រា​៤​នាក់

10/28/2013 0 Comments A+ a-

តាម​ទំនៀម​ទម្លាប់​ខ្មែរ ពេល​ឪពុក​ម្ដាយ​មាន​វ័យ​ក្មេង មាន​តួនាទី​​និង​ភារកិច្ច​រក​ស៊ី​ចិញ្ចឹម​បី​បាច់​ថែរក្សា និង​​​​រៀបចំ​ទុក​ដាក់​កូន​ចៅ​​ឲ្យ​មាន​អនាគត​ល្អ។ ដល់​ពេល​ឪពុក​ម្ដាយ​ចាស់​ទៅ គឺ​ជា​វេន​កូន​ចៅ​​​ទទួល​បន្ទុក​​ចិញ្ចឹម​​​​ពួក​គាត់​វិញ​ម្ដង។ ប៉ុន្តែ​មាន​មនុស្ស​ចាស់​ជរា​ខ្លះ​ដែល​មិន​មាន​កូន​ចៅ​ជា​ទី​ពឹង ត្រូវ​តស៊ូ​រស់​នៅ​ម្នាក់​​ឯង​​ទាំង​វេទនា​ជា​ទី​បំផុត។
ទិដ្ឋភាព​នៅ​ភូមិ​ស្រុក​ស្រែ​ចម្ការ​​​ពេល​យប់​មាន​សភាព​ស្ងប់​ស្ងាត់ ​មិន​ដូច​នៅ​ទីក្រុង​មាន​សំឡេង​​​រថយន្ត មនុស្ស​​​អ៊ូអរ មាន​​ភ្លើង​អគ្គិសនី​បំភ្លឺ​ឡើយ។ ​នៅ​ជនបទ​ខ្លះ មាន​ពន្លឺ​ព្រះចន្ទ​និង​ផ្កាយ​ជំនួស​ភ្លើង​អគ្គិសនី សំឡេង​មាន់​​រងាវ​ជំនួស​នាឡិការ​រោទ៍ ដែល​ប្រាប់​អ្នក​ស្រុក​អំ​ពី​ពេល​វេលា។
«សំឡេង​មាន់​រងាវ» មាន់​រងាវ​បី​ដង​ឆ្លើយ​ឆ្លង​បណ្ដាក់​​គ្នា​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​​លាន់​អឺងកង​ពេញ​ភូមិ ដាស់​អ្នក​ស្រុក​​​ឲ្យ​ក្រោក​​ពី​ដំណេក ជា​សញ្ញា​ប្រាប់​ថា​ថ្ងៃ​ជិត​រះ​ហើយ។ ក្រោយ​ភ្ញាក់​ពី​ដំណេក ប្រជាកសិករ​ខ្លះ​​រៀប​ចំ​​ចាក​ចេញ​​​ទៅ​ស្រែ​ចម្ការ ខ្លះ​​ចេញ​ទៅ​​ប្រកប​មុខ​របរ​ចិញ្ចឹម​ជីវិត​រៀងៗ​ខ្លួន។
ដោយ​ឡែក​​លោក​យាយ ឈឿង គុណ មាន​ផ្ទះ​នៅ​ចុង​ភូមិ ​មិន​​អាច​ចេញ​ទៅ​ប្រកប​របរ​នឹង​គេ​បាន​ទេ ដោយសារ​​​គាត់​ចាស់​ជរា។ លោក​យាយ​សម្រាន​ស្ដូកស្ដឹង​លើ​កន្ទេល ព្រោះ​​មាន​ជំងឺ​ប្រចាំ​កាយ៖ «មាន់​រងាវ​ហើយ​ម៉ោង ២ ម៉ោង ៣ ខ្ញុំ​ភ្ញាក់​ងើប​ឡើង​អង្គុយ​ហើយ លែង​សម្រាន្ត​លក់​ហើយ អង្គុយ​ទើសភ្លឺ…»
លោក​យាយ ឈឿង គុណ ​​មាន​អាយុ ៧៩​ឆ្នាំ រស់​នៅ​ភូមិ​ត្បែស ឃុំ​វល្លិស ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ។ កាល​មុន​គាត់​​នៅ​មាន​កម្លាំង​​​ដើរ​ស៊ី​ឈ្នួល​ដក​ស្ទូង​​​ឲ្យ​អ្នក​ស្រុក​គ្រាន់​​យក​ប្រាក់​បន្ដិច​​បន្តួច​​​ចិញ្ចឹម​ខ្លួន និង​​ចៅ ៤​នាក់​ទៀត​នៅ​ក្នុង​បន្ទុក។ តែ​​ថ្មីៗ​នេះ​កម្លាំង​គាត់​​ខ្សោយ​មិន​​អាច​ដើរ​​​ធ្វើ​ពលកម្ម​បាន​ដូច​មុន​​ទៀត​ទេ។
លោក​យាយ ឈឿង គុណ៖ «កាល​ពី​ខ្ញុំ​នៅ​ជា ខ្ញុំ​ចេះ​តែ​ដើរ​រក​ស៊ី​ដក​ស្ទូង​​គេ​​អ៊ីចឹង​ទៅ បាន​លុយ​បាន​កាក់​បន្តិចបន្តួច​ចិញ្ចឹម​ជីវិត។ ដល់​ឥឡូវ​ដេក​ដួល​លែង​រក​អី​កើត បាន​អស់​លោក​ជួយ​ចិញ្ចឹម គេ​អ្នក​ស្រុក​អ្នក​ទេស​​គេ​ជួយ។ កូន​ក្មួយ​ណា​មក​គេ​ឲ្យ ៥​ពាន់ ១​ម៉ឺន​រៀល​អ៊ីចឹង​ដែរ»
លោក​យាយ​រៀបរាប់​អំពី​ជីវិត​ដែល​នាំ​ឲ្យ​គាត់​​ធ្លាក់​ខ្លួន​ទុរគត៌​​​ថា ប្ដី​របស់​គាត់​និង​កូនចៅ​បាន​ស្លាប់​ជំនាន់ ប៉ុល ពត។ នៅ​ឆ្នាំ​១៩៧៩ ​ពេល​កងទ័ព​វៀតណាម​ វាយ​ផ្ដួល​រំលំ​របប ប៉ុល ពត ​អស់​ទៅ ត្រូវ​បាន​រដ្ឋាភិបាល​​លោក ហេង សំរិន ​ដែល​កាន់​តំណែង​ជំនាន់​នោះ​ ចែក​ដី​ផ្ទះ​និង​ដី​​ស្រែ ហើយ​គាត់​រស់​នៅ​ជា​មួយ​កូន​ប្រុស​ម្នាក់​ដែល​រួច​ជីវិត​​ពី​របប ប៉ុល ពត។
លោក​យាយ​បន្ត​ថា ជា​អកុសល​​ដីស្រែ​និង​ផ្ទះ​ត្រូវ​កូន​​គាត់​លក់​អស់ ហើយ​កូន​នោះ​​ក៏​ស្លាប់​ទៅ​ទៀត ដោយ​បន្សល់​ទុក​ចៅ​ៗ ៤​នាក់​ក្នុង​បន្ទុក៖ «កូន ៦​នាក់ ស្លាប់​អស់​ជំនាន់ (ប៉ុល) ពត អស់​រលីង។ ដី គោ ផ្ទះសម្បែង​អី​​អស់​​ជំនាន់ ប៉ុល ពត។ គេ (រដ្ឋាភិបាល ហេង សំរិន) អោយ​ដី ១៥​អា បាន​ជា​កូន​វា​បង្ហិនបង្ហោច​ឯង​អស់​រលីង»
អ្នក​ជិត​ខាង​ក៏​បាន​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា កាល​ពី​ឆ្នាំ​មុនៗ អ្នក​ភូមិ​តែង​ជួល​លោកយាយ​​ឲ្យ​ដក​ស្ទូង​ដើម្បី​ឲ្យ​គាត់​បាន​ប្រាក់​ចិញ្ចឹម​ជីវិត និង​​បាន​ចិញ្ចឹម​ចៅ​កំព្រា​ផង។
អ្នក​ជិត​ខាង​ម្នាក់ គឺ​លោក នៅ ឌឹម ដែល​ជា​​មេ​ឃុំ​ក្នុង​មូលដ្ឋាន​​ដែរ​នោះ ឲ្យ​ដឹង​ថា  ឆ្នាំ​នេះ​អ្នក​ភូមិ​លែង​ហ៊ាន​ជួល​លោក​យាយ​ឲ្យ​ដក​ស្ទូង​ដូច​ពេល​មុន​ទៀត​ហើយ ​​ដោយ​​ខ្លាច​គាត់​គ្រោះថ្នាក់ ព្រោះ​កន្លង​មក​លោក​យាយ​ឧស្សាហ៍​ដួល​ក្នុង​ស្រែ​​ញឹកញាប់​ពេល​កំពុង​ស្ទូង​ដក ដោយសារ​កម្លាំង​គាត់​កាន់​តែ​​ខ្សោយ៖ «គាត់​ជា​កសិករ​ម្នាក់ ពី​ដើម​ជំនាន់ លន់ នល់ គាត់​រស់​នៅ​ជាមួយ​ប្ដី​ប្រពន្ធ ដល់​ ប៉ុល ពត គឺ​ស្លាប់​ប្ដី ស្លាប់​ទាំង​កូន​ទាំង​អស់…។ រាល់​ថ្ងៃ​គាត់​ទទួល​បន្ទុក​ចិញ្ចឹម​ចៅ ៤​នាក់​ថែម​ទៀត…»
លោក​មេ​ឃុំ​បន្ត​ថា ដោយ​ឃើញ​ជីវភាព​របស់​លោក​យាយ ឈឿង គុណ វេទនា​ដូច្នេះ អាជ្ញាធរ​មូលដ្ឋាន​បាន​ព្យាយាម​ស្វែង​រក​ជំនួន​ពី​សប្បុរសជន​នានា ដើម្បី​ជួយ​សង្គ្រោះ។ ក្នុង​នោះ​អាជ្ញារ​មូលដ្ឋាន​ក៏​បាន​ស្វែង​រក​ជំនួយ​ឧបត្ថម្ភ​ដើម្បី​ជួយ​ចាស់​ជរា​គ្មាន​ទីពឹង​ក្នុង​មូលដ្ឋាន​ដទៃ​ទៀត​ដែរ។
លោក​ថា ទី​បំផុត ​ការ​ស្វែង​រក​ជំនួយ​នេះ​ក៏​បាន​ដូច​បំណង គឺ​លោក​យាយ ឈឿង គុណ បាន​ទទួល​អំណោយ​ផ្ទះ​មួយ​ខ្នង​​​​ដែល​គេ​សង់​ជូន​​ក្នុង​តម្លៃ​​​​​ជិត ៣០​លាន​រៀល ជំនួស​ខ្ទម​កំសត់​របស់​គាត់ ​និង​បាន​​​ទទួល​​ប្រាក់​ឧបត្ថមម្ភ​​​បន្ថែម​ទៀត មាន​សំលៀកបំពាក់ រួម​ទាំង​​​សម្ភារៈ​ផ្សេង​ទៀត​ពី​​អ្នកស្រី ហ៊ុន ម៉ាណា ជា​កូន​ស្រី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក​មេ​ឃុំ នៅ ឌឹម ​អះអាង​ថា ផ្ទះ​នេះ​​​ធ្វើ​ពី​ថ្ម ដំបូល​សង្កសី ទទឹង ៦​ម៉ែត្រ បណ្ដោយ ៩​ម៉ែត្រ។ លោក​ថា អំណោយ​ដូច​គ្នា​នេះ​​​បាន​​ធ្វើ​ជូន​ដល់​លោក​យាយ​ចាស់​ជរា ២​នាក់​ទៀត ​ក្នុង​ឃុំ​វល្លិស ដែល​គាត់​​គ្មាន​ទីពឹង​ដូច​លោក​យាយ ឈឿង គុណ នេះ​ដែរ ហើយ​លោក​មេ​ឃុំ​ដែល​មក​ពីបក្ស​ប្រជាជន មិន​ភ្លេច​ឆ្លៀត​ពេល​កោត​សរសើរ​​​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជាជន​ដែល​លោក​ថា បាន​ដឹក​នាំ​ប្រទេស​ជាតិ​មាន​ការ​អភិវឌ្ឍ​ដូច​សព្វ​ថ្ងៃ​នេះ។
ជីវភាព​​លោក​យាយ ឈឿង គុណ បាន​ប្រសើរ​ឡើង​បន្ដិច​បន្ទាប់​ពី​ទទួល​បាន​អំណោយ​ដែល​លោក​យាយ​យល់​ថា ជា​សំណាង​​ដូច​ត្រូវ​ឆ្នោត​ក្នុង​ជីវិត​ដែល​មិន​នឹក​ស្មាន​ដល់។
លោក​យាយ​បន្ត​ថា កាល​រស់​នៅ​ក្នុង​ខ្ទម​ចាស់ ភ្លៀង​លិច​មុខ​លិច​ក្រោយ ជួន​កាល​​​ភ័យ​ខ្លាច​ចៅ​លេង​ភ្លើង​ឆេះ ​ព្រោះ​គាត់​​ងងឹត​ភ្នែក មិន​​រហ័សរហួន​ក្នុង​ការ​មើល​ថែ​ទាំ​ចៅ​ដែល​អាច​នាំ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ជីវិត។
សព្វ​ថ្ងៃ​លោក​យាយ​រស់​នៅ​ក្នុង​ផ្ទះ​ថ្ម​ថ្មី​ធំ​ទូលាយ និង​មាន​សុវត្ថិភាព​ជាង​មុន ថែម​ទាំង​​មាន​សត្វ​តុកកែ​​មួយ​ក្បាល​ទៀត​​ជា​សមាជិក​​​គ្រាន់​ឲ្យ​ចៅ​កំព្រា​គាត់​បូល​​លេង​តាម​វា​យំ​ម្ដងម្កាល​​នៅ​ពេល​យប់ «សំឡេង​សត្វ​តុកកែ»
ពេល​វេលា​ចេះ​តែ​ទៅ​មុខ ប្រាក់​ឧបត្ថម្ភ​​ដែល​លោក​យាយ​ទទួល​បាន​​​ពី​សប្បុរសជន​​ក៏​កាន់​តែ​អស់។ លោក​យាយ​មិន​មាន​ប្រភព​ធនធាន​ប្រាក់​ចំណូល​​ប្រចាំ​សម្រាប់​ទ្រទ្រង់​ជីវភាព​ប្រចាំ​ថ្ងៃ​ទេ។ នៅ​ពេល​នេះ​លោក​យាយ​ក៏​មាន​ជំងឺ​ប្រចាំ​កាយ​កាន់​តែ​ធ្ងន់​ទៀត។
អស់​សង្ឃឹម​ក្នុង​ជីវិត​គិត​អ្វី​មិន​កើត ដឹង​ខ្លួន​ថា​មិន​មាន​កម្លាំង​ពលំ​​ដូច​កាល​នៅ​ពី​ក្មេង ដែល​អាច​ធ្វើការ​​​ចិញ្ចឹម​ខ្លួន​ត​ទៅ​ទៀត​បាន លោក​យាយ​សម្រួម​​ចិត្ត​​ជឿ​លើ​ធម៌​ព្រះ បណ្ដោយ​ជីវិត​ទៅ​តាម​កម្ម​វាសនា។ ក៏​ប៉ុន្តែ​លោក​យាយ​នៅ​មិន​ដាច់​អាល័យ​ចៅ​កំព្រា​នៅ​តូច​មិន​ទាន់​ដឹង​ក្ដី មិន​ដឹង​ថា តើ​វាសនា​ពួកគេ​ទៅ​ជា​យ៉ាង​ណា​ទៅ​អនាគត។
រឿង​រ៉ាវ​​ជីវិត​ទុរគត៌​របស់​លោក​យាយ ឈឿង គុណ គឺ​ជា​ឧទាហរណ៍​​​មួយ​ក្នុង​ចំណោម​ជីវិត​ចាស់​​ជរា​ជា​ច្រើន​ទៀត​ដែល​​រស់​នៅ​គ្មាន​កូន​ទី​ពឹង។
រដ្ឋាភិបាល​​​កម្ពុជា មិន​មាន​គោលការណ៍​​ឧបត្ថម្ភ​គាំទ្រ​មនុស្ស​ចាស់​ទេ ក្នុង​ពេល​ដែល​បក្ស​សង្គ្រោះ​ជាតិ ប្រកាស​ថា នឹង​​ផ្ដល់​ប្រាក់​ខែ​ជូន​មនុស្ស​ចាស់​ចាប់​​ពី​អាយុ ៦៥​ឡើង​ទៅ ចំនួន ៤​ម៉ឺន​រៀល បើ​សិន​ជាប់​ឆ្នោត ក៏​ប៉ុន្តែ​ស្ថានភាព​នយោបាយ​ដូច​បច្ចុប្បន្ន​នេះ ហាក់​ដូច​ជា​មិន​ឲ្យ​ចាស់ៗ​សង្ឃឹម​ណា​បន្តិច​សោះ។ ដូច្នេះ​មនុស្ស​​ចាស់​ត្រូវ​បន្ត​រស់​ត​ទៅ​ទៀត គឺ​រស់​តាម​តាម​លំអាន​នៃ​​ទំនៀម​ទម្លាប់​ខ្មែរ គឺ​ឪពុក​ម្ដាយ​​​​ចិញ្ចឹម​​​កូន​​ពេល​នៅ​ក្មេង ហើយ​ដល់​ពេល​ឪពុក​ម្ដាយ​ចាស់​ទៅ ​កូន​ចៅ​​​​ត្រូវ​ចិញ្ចឹម​ឪពុក​ម្ដាយ​​​វិញ​ម្ដង៕
ប្រភពពី វិទ្យុអាស៊ីសេរី