រដ្ឋ​ឲ្យ​ដៃ​គូ​ក្រុមហ៊ុន គិត ម៉េង ផ្អាក​កាប់​ឈើ

10/26/2013 0 Comments A+ a-

ជីវភាព​រស់នៅ​របស់​អ្នកស្រុក ​នៅ​តាម​ដង​ទន្លេ​សេសាន​ ក្នុង​ខេត្ត​ស្ទឹងត្រែង។ រូបថត ម៉ៃ វីរៈ
ជីវភាព​រស់នៅ​របស់​អ្នកស្រុក ​នៅ​តាម​ដង​ទន្លេ​សេសាន​ ក្នុង​ខេត្ត​ស្ទឹងត្រែង។ រូបថត ម៉ៃ វីរៈ
ភ្នំពេញៈ ការ​កាប់​ឈើ​នៅ​តំបន់​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម ២ ដែល​ប្រតិបត្តិ​ដោយ​ក្រុមហ៊ុន​ជា​ដៃ​គូ​ក្រុមហ៊ុន Royal Group របស់​លោក ឧកញ៉ា គិត ម៉េង នឹង​ត្រូវ​ផ្អាក​បណ្តោះ​អាសន្ន​រហូត​ទាល់​តែ​តំបន់​សម្បទាន​នេះ​អាច​ត្រូវ​បាន​កំណត់​ព្រំ​ប្រទល់​ត្រឹមត្រូវ ហើយ​​គណៈកម្មការ​ស៊ើប​អង្កេត​មួយ​ត្រូវ​បាន​បង្កើត​ឡើង បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ដាក់​ការ​ហាម​ឃាត់​ដែល​ចូល​ជា​ធរមាន តាំង​ពី​ថ្ងៃ ទី១៦ ខែ តុលា។
លោក កុល សំអុល អភិបាល​ខេត្ត ស្ទឹងត្រែង ដែល​បាន​ចូល​រួម​កិច្ច​ប្រជុំ​កាល​ពី​ព្រឹក​ម្សិលមិញ ជាមួយ​លោក ទី សុគន្ធ រដ្ឋ​លេខាធិការ​ក្រសួង កសិកម្ម និង​លោក ឆេង គឹមស៊ុន ប្រធាន​រដ្ឋបាល​ព្រៃឈើ​បាន​ថ្លែង​ថា បទ​បញ្ជា​នេះ​នឹង​កាត់​បន្ថយ​ជា​បណ្តោះ​អាសន្ន នូវ​ការ​កាប់​ឈើ​ដែល​សាខា​របស់​ក្រុមហ៊ុន Royal Group ឈ្មោះ Ang & Associates Lawyer Ltd ត្រូវ​បាន​អនុញ្ញាត​ឲ្យ​នាំ​ចេញ​ពី​កន្លែង​នោះ។
លោក កុល សំអុល បាន​ថ្លែង​ថា៖ «បទ​បញ្ជា​នេះ​គឺ​ដើម្បី​កាត់​បន្ថយ​ការ​យក​ឈើ​គ្រប់​ប្រភេទ​ក្នុង​តំបន់​អាង។ ដូច្នេះ​កិច្ច​ប្រជុំ​នេះ​គឺ​ដើម្បី​អនុវត្ត​សេចក្តី​ជូន​ដំណឹង​ពី​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី»។
លោក​បន្ត​ថា បទបញ្ជា​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ ទី១៦ ខែ តុលា នឹង​នៅ​តែ​មាន​ប្រសិទ្ធភាព​រហូត​ដល់​ក្រុមហ៊ុន​បាន​កំណត់​ព្រំ​ប្រទល់ តំបន់​សម្បទាន ហើយ​រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​ពិនិត្យ​ឡើង​វិញ ចំពោះ​ការងារ​ដែល​កំពុង​ធ្វើ​នៅ​តំបន់​នោះ។
លោក សៀក មេគង្គ មេឃុំ ស្រែ​គ ស្រុក សេសាន ខេត្ត ស្ទឹងត្រែង បាន​ថ្លែង​ថា ប្រជាជន​មូលដ្ឋាន​បាន​ទទួល​ព័ត៌មាន​អំពី​ការ​ហាម​ឃាត់​នេះ​យ៉ាង ទូលំ​ទូលាយ ខណៈ​ពួក​គេ​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើ​ព្រៃឈើ​សម្រាប់​ជីវភាព​រស់​នៅ​របស់​ខ្លួន។
លោក​បន្ត​ថា៖ «យើង​រីក​រាយ​ណាស់​នៅ​ពេល​យើង​ឮ​ថា ក្រសួង កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នឹង​បញ្ឈប់​ការ​ដឹក​ឈើ​និង​ការ​កេង​ប្រវ័ញ្ច​នៅ​តំបន់​ទំនប់​វារី​អគ្គិសនី សេសាន​ក្រោម ២ ពីព្រោះ​ការ​កាប់​ឈើ​ដើម្បី​ធ្វើ​អាង​នៅ​ក្នុង​តំបន់​នេះ​នឹង​មិន​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​ប្រជាជន​តំបន់​នេះ​ទេ»។
ក្រុមហ៊ុន Hydrolancang International Energy ដែល​ជា​សាខា​មួយ​របស់​ក្រុមហ៊ុន ចិន ឈ្មោះ Huaneng ដែល​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា ជាមួយ​ក្រុមហ៊ុន Royal Group របស់​លោក គិត ម៉េង កាល​ពី​ថ្ងៃ ទី២៦ ខែ វិច្ឆិកា ឆ្នាំ ២០១២ សម្រាប់​ការ​ផ្តល់​ហិរញ្ញវត្ថុ រយៈ​ពេល​ពីរ​ឆ្នាំ​ចូល​មក​ក្នុង​គម្រោង​ទំនប់​វារី​អគ្គិសនី​នេះ។
កាល​ពី​ពេល​មុន​ក្នុង​ឆ្នាំ​នេះ ក្រុមហ៊ុន Ang & Associates ត្រូវ​បាន​រាយការណ៍​ថា បាន​ចុះ​កិច្ច​ព្រម​ព្រៀង​វិនិយោគ​រួម​គ្នា​ជាមួយ​លោក សុខ វណ្ណា ដែល​ជា​ប្អូន​ប្រុស​របស់​លោក សុខ គង់ ស្ថាបនិក​ក្រុមហ៊ុន សូគីម៉ិច (Sokimex) ដើម្បី​ឈូស​ឆាយ​តំបន់​ដែល​មាន​ទំហំ ៣៦.០០០ ហិកតា ជា​ការ​រៀបចំ​សម្រាប់​គម្រោង​ដែល​មាន​ទឹក​ប្រាក់ ៨១៦ លាន​ដុល្លារ​អាមេរិក។
ក្រុម​អ្នក​បរិស្ថាន​បាន​ព្រមាន​ថា គម្រោង​ទំនប់​វារី​អគ្គិសនី​ជាច្រើន​នៅ​ដៃ​ទន្លេ​មេគង្គ​នឹង​មាន លក្ខណៈ​បំផ្លិច​បំផ្លាញ​បំផុត។
លោក គិត ម៉េង មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ទាក់​ទិន​បញ្ហា​នេះ​បាន​ទេ កាល​ពី​ម្សិលមិញ។
លោក មៀច មាន អ្នក​សម្រប​សម្រួល​នៃ​បណ្តាញ​ការពារ​ទន្លេ សេសាន ស្រែពក និង​សេកុង ជា​អង្គការ​តស៊ូ​មតិ​ក្នុង​ស្រុក បាន​ថ្លែង​ថា ក្រុមហ៊ុន​បាន​ប្រើ​ប្រាស់​អាជ្ញាប័ណ្ណ ដើម្បី​ជា​ការ​លាក់​លៀម​ការ​កាប់​ឈើ​នៅ​ក្រៅ​តំបន់​សម្បទាន​របស់​ខ្លួន។
លោក​បន្ត​ថា៖ «សហគមន៍​នៅ​តែ​មិន​ដឹង​ថា តើ​អ្វី​ជា​សំណង និង​តំបន់​សម្បទាន​។ ក្រុមហ៊ុន​តែង​តែ​ប្រើ​អាជ្ញាប័ណ្ណ ដើម្បី​ធ្វើ​ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​និង​ជុំវិញ​តំបន់​នេះ»។ លោក​បន្ថែម​ថា តំណាង Hydrolancang ត្រូវ​រំពឹង​ថា នឹង​ចុះ​ទៅ​ការដ្ឋាន​ប៉ុន្មាន​សប្តាហ៍​ទៀត។
ការ​កាប់​ឈើ​បាន​ចាប់​ផ្តើម​ក្នុង​ខែ មេសា ដើម្បី​ត្រៀម​រៀបចំ​ការ​សាង​សង់​ទំនប់​វារី​អគ្គីសនី​ដ៏​ធំ ដោយ​អាជ្ញាធរ​មូលដ្ឋាន​និង​អ្នក​បរិស្ថាន​បាន​ចោទ​ថា ការ​ឈូស​ឆាយ​ព្រៃឈើ​ពុំ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​នៅ​ក្រៅ​តំបន់​សម្បទាន​ផ្លូវ​ការ​ទេ។
លោក ផា តី អាយុ ៣០ ជា​អ្នក​ភូមិ​នៅ ស្រែគ បាន​ថ្លែង​ថា ចាប់​តាំង​ពី​ក្រុមហ៊ុន​បាន​ចាប់​ផ្តើម​ឈូស​ឆាយ​ការដ្ឋាន ទាហាន​ដែល​ក្រុមហ៊ុន​បាន​ជួល​ឲ្យ​យាម​តំបន់​នេះ​បាន​យាយី និង​បំភិត​បំភ័យ​អ្នក​ស្រុក និង​រឹប​អូស​យក​ឈើ​របស់​ពួក​គេ​ដែល​ពួកគេ​កាប់​ដើម្បី​សាង​សង់​ផ្ទះ គ្រឿង​សង្ហារិម និង​ទូក។
លោក​បន្ត​ថា៖ «យើង​កាប់​ព្រៃ​ក្នុង​សហគមន៍​ព្រៃឈើ​យើង ដើម្បី​សាង​សង់​ផ្ទះ ឬ​ធ្វើ​ទូក និង​គ្រឿង​សង្ហារិម ដើម្បី​រក​ប្រាក់​ចិញ្ចឹម​ជីវិត​រាល់​ថ្ងៃ​។ សន្តិសុខ​ក្រុមហ៊ុន​បាន​ចាប់​យើង ហើយ​រឹប​អូស​ឈើ​ពី​យើង ហើយ​បង្ខំ​ឲ្យ​យើង​បង់​ប្រាក់​ពី ១០០ ទៅ ៥០០ ដុល្លារ​អាមេរិក ដើម្បី​បាន​ឈើ​មក​វិញ»។
លោក ទេព ប៊ុណ្ណារិទ្ធ នាយក​ប្រតិបតិ្ត​នៃ​សមាគម​អភិរក្ស​បរិស្ថាន និង​វប្បធម៌ ដែល​បាន​ទៅ​តំបន់​សាងសង់​ខេត្ត ស្ទឹងត្រែង ពី​ម្សិលមិញ ហៅ​ការ​គូស​ប្លង់​តំបន់​នោះ​គឺជា​អាទិភាព​កំពូល។
លោក​បន្ត​ថា៖ «តំបន់​នេះ​គ្រប​ដណ្តប់​លើ​ផ្ទៃ​ដី ៣៦ ពាន់​ហិកតា ប៉ុន្តែ​មិន​ទាន់​គូស​ផែនទី​ច្បាស់​លាស់​ទេ។ ប្រជាជន​ខឹង​ដែល​គេ​គ្មាន​សេរីភាព ប្រើ​ធនធាន​ព្រៃ​ឈើ​ដើម្បី​ចិញ្ចឹម​ជីវិត ខណៈ​គាត់​ផ្តោត​លើ​ព្រៃឈើ​ជា​សំខាន់​ដើម្បី​ការ​រស់​នៅ»៕ PS / TK
_______________________
ប្រភពព័ត៌មានពី៖ ខ្មែរប៉ុស្តិ៍