រកឃើញ​មាស​២៨០​ដុំ​មាន តម្លៃ​ជិត​២​លាន​ដុល្លារ​នៅ ក្នុង​បន្ទប់ទឹក​លើ​យន្តហោះ

10/27/2013 0 Comments A+ a-

បុគ្គលិក​ផ្នែកអនាម័យ​នៅលើ​យន្តហោះ​បាន​ប្រទះឃើញ​មាស​រហូតដល់​ទៅ​២៨០​ដុំ មានតម្លៃ​ជិត​២​លាន​ដុល្លារ​អាមេរិក​នៅក្នុង​បន្ទប់ទឹក​លើ​យន្តហោះ​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុង​ដា​ហា​កាប្រទេស​បង់​ក្លា​ដេ​ស​​នា​ថ្ងៃនេះ ។​

​សារព័ត៌មាន​Daily Mail បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹងថា ក្រុមប៉ូលិស​បាន​ទៅដល់​កន្លែងកើតហេតុ​ភ្លាមៗ ដើម្បី​ត្រួតពិនិត្យ​ករណី​បុគ្គលិក​អនាម័យ​លើ​យន្តហោះ​ប្រទះឃើញ​មាស​ទម្ងន់​រហូតដល់​ទៅ​៣២​គីឡូក្រាម​ក្នុង​យន្តហោះ ដេ​ល​យន្តហោះ​នេះ​បាន​ហោះហើរ​ចេញពី​ទីក្រុង​ឌូ​បៃ ឆ្ពោះទៅកាន់​ទីក្រុង​ដា​ហា​កា ។​

មន្ត្រីប៉ូលិស​សេដ្ឋកិច្ច​បង់​ក្លា​ដេ​ស បាន​ឲ្យ​ដឹងថា ប៉ូលិស​បានដឹង​ព័ត៌មាន​រាយការណ៍​ជាសម្ងាត់​មក​ថា មាន​មាស​ដ៏​ច្រើន​នៅលើ​យន្តហោះ ហើយ​ម្ចាស់​ដុំ​មាស​នោះ​ទំនងជា​ដឹងខ្លួន​មុន​ទើប​ភិតភ័យ​មិន​ហ៊ាន​ចេញមុខ ក៏​ទុក​មាស​ចោល​នៅលើ​យន្តហោះ​គេច​ឲ្យ​រួច​តែ​ខ្លួន​ទៅ ។​

គួរ​រម្លឹក​ជូន​ដែរ​ថា ក្នុង​រយៈពេល​៨​ខែ​កន្លងទៅ នៅក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុង​ដា​ហា​កា ប៉ូលិស​សេដ្ឋកិច្ច​ប្រមូលបាន​មាស​រហូតដល់​ទៅ​៣០០​គីឡូក្រាម និង​គ្រឿងអលង្ការ​មានតម្លៃ​ជាច្រើន​ទៀត ។​

ដោយឡែក​នៅ​អាកាសយានដ្ឋាន​Charles de Gaulle ឯណោះ​វិញ ប៉ូលិស​បាន​រកឃើញ​គ្រឿងញៀន​ប្រភេទ​កូកាអ៊ីន រហូតដល់​ទៅ​១,៣​តោន នៅលើ​យន្តហោះ​១​គ្រឿង​របស់​ប្រទេស​បារាំង ដោយ​គ្រឿងញៀន​កូកាអ៊ីន​នោះ ត្រូវបាន​គេ​លាក់ទុក​ក្នុង​វ៉ា​លី​ស​ចំនួន​ជាង​៣០​វ៉ា​លី​ស ។ កូកាអ៊ីន​ដែល​រកឃើញ​នេះ​មានតម្លៃ​ប្រមាណ​២០០​លាន​អឺរ៉ូ ខណៈដែល​សមត្ថកិច្ច​ប៉ូលិស​កំពុង​ស្រាវជ្រាវ​រក​ជន​ដែល​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​ដ៏​ច្រើនសន្ធឹក​នេះ ៕​
________________________
ប្រភពព័ត៌មានពី៖ ដើមត្នោត