មន្ត្រីក្រសួងអប់រំត្អូញត្អែរពី កង្វះមធ្យោបាយបំពេញ បេសកកម្មការងារ
វិស័យសិក្សាធិការកំពុងរងការរិះគន់ថា មានគុណភាពធ្លាក់ចុះនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាក់ស្ដែង នាយកដ្ឋានធានាគុណភាពអប់រំនៃក្រសួងអប់រំ យុវជន និងកីឡា កំពុងមានកង្វះមធ្យោបាយសម្រាប់បំពេញបេសកកម្មការងារ និងគ្មានដៃគូពីអង្គការក្រៅរដ្ឋាភិបាល ដើម្បីធ្វើការជំរុញគុណភាពអប់រំជាដើម។
តើបញ្ហាទាំងនេះគួរតែមានការកែលំអអ្វីខ្លះ?
បុគ្គលិកនាយកដ្ឋានធានាគុណភាពអប់រំនៃក្រសួងអប់រំ យុវជន និងកីឡា មួយរូប បានត្អូញត្អែរចំពោះនាយកដ្ឋានដែលខ្លួនកំពុងបំពេញការងារប្រចាំថ្ងៃថា ខ្វះមធ្យោបាយសម្រាប់បំពេញបេសកកម្មការងារឲ្យមានប្រសិទ្ធភាព។
មន្ត្រីអប់រំនៃនាយកដ្ឋានធានាគុណភាពអប់រំនៃក្រសួងអប់រំ យុវជន និងកីឡា លោក ឯក កេង មានប្រសាសន៍នៅថ្ងៃទី១០ ខែតុលា ថា លោកមិនខ្លាចញញើតនឹងនិយាយចំពោះបញ្ហាទាំងនេះទេ។ លោកបានបំពេញតួនាទីជាមន្ត្រីក្របខ័ណ្ឌក្រសួងអប់រំ ជាង ២០ឆ្នាំមកហើយ។ ប៉ុន្តែ លោកបានកត់សម្គាល់ថា នាយកដ្ឋានរបស់លោកដែលមានតួនាទីសំខាន់ក្នុងការវាយតម្លៃគុណភាពអប់រំ ពង្រឹងគុណភាពអប់រំ បែរជាមានភាពខ្វះមុខខ្វះក្រោយ មិនអាចឲ្យមន្ត្រីក្នុងនាយកដ្ឋាននេះបំពេញការងារឲ្យពេញដៃពេញជើង។ លោក ឯក កេង បន្តថា នាយកដ្ឋាននេះមានតែរថយន្តម៉ាកកាម៉ារី (CAMRY) សេរីចាស់ ១គ្រឿង ដែលជិះស្ទើរមិនចង់ទៅមុខ។
មន្ត្រីដដែលបានបន្តថា នាយកដ្ឋានធានាគុណភាពនេះ ក៏កំពុងខ្វះដៃគូអភិវឌ្ឍន៍វិស័យអប់រំរបស់អង្គការសង្គមស៊ីវិល មកសហការពង្រឹងគុណភាពអប់រំជាមួយ ដូចនាយកដ្ឋានដទៃដែរ។ លោក ឯក កេង បានអំពាវនាវទៅថ្នាក់ដឹកនាំក្រសួងអប់រំ ឲ្យគិតគូរពីកង្វល់ទាំងនេះ។
ទាក់ទងនឹងការត្អូញត្អែរនេះ ប្រធាននាយកដ្ឋានធានាគុណភាពអប់រំ លោកស្រី បឹត ជីវី ហាក់ស្ទាក់ស្ទើរចំពោះការផ្ដល់សម្ភាស។ ប៉ុន្តែ លោកស្រីបានអះអាងថា នេះជាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់បុគ្គលិក។ ផ្ទុយទៅវិញ បញ្ហាទាំងនេះមិនបានធ្វើឲ្យរាំងស្ទះដល់ការងារពង្រឹងគុណភាពអប់រំបច្ចុប្បន្ននោះទេ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក ណាត ប៊ុនរឿន ដែលជាអ្នកកាន់គម្រោងវិស័យអប់រំ បានទេ នៅថ្ងៃទី១០ តុលា។
ជារឿយៗ ការត្អូញត្អែរពីការបែងចែកថវិកាធ្វើការនៅតាមក្រសួង មន្ទីរ និងនាយកដ្ឋាននានា ថាពុំមានតម្លាភាពនោះ ត្រូវបានគេដឹងជាទូទៅ និងស្ទើរក្លាយទៅជារឿងធម្មតាទៅហើយ។ ប៉ុន្តែ កម្រនឹងមានមន្ត្រីហ៊ាននិយាយស្ដីពីបញ្ហាទាំងនេះណាស់ ព្រោះខ្លាចអស់ការងារតួនាទី និងតំណែងជាដើម។
ពាក់ព័ន្ធបញ្ហានេះ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន បានថ្លែងថា ការបែងចែកថវិកាជាតិពីក្រសួង មកដល់នាយកដ្ឋាននានាសម្រាប់ធ្វើការ គឺនៅមានការរើសអើងពីថ្នាក់ដឹកនាំក្រសួង ដោយសារអំពើពុករលួយ និងការប្រកាន់បក្ខពួកជាដើម។
ឆ្លើយតបទៅនឹងបញ្ហានេះ អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក កែម ឡី មានមតិថា បើមើលនៅក្នុងប្រទេសជាសមាជិកអាស៊ានទាំងអស់ ប្រទេសកម្ពុជា បានចំណាយទៅលើវិស័យអប់រំចំនួន ១២,៤% នៃថវិកាជាតិ ដែលមានទឹកប្រាក់ប្រមាណ ២៤៨លានដុល្លារ សម្រាប់វិស័យអប់រំក្នុងមួយឆ្នាំ ដែលថវិកាជាតិមានប្រមាណជាង ២ពាន់លានដុល្លារសហរដ្ឋអាមេរិក នោះ។ លោកថា ប្រទេសថៃ បានចំណាយទៅដល់ ២៩,៥% នៃថវិកាជាតិរបស់គេ។ តែ លោក កែម ឡី បញ្ជាក់ថា ការបង្កើនថវិកាអាចមានប្រសិទ្ធភាពទៅបាន លុះត្រាតែការចំណាយត្រឹមត្រូវ។
អ្នកវិភាគបានយល់ឃើញថា រដ្ឋាភិបាលបានខកខានទៅលើបញ្ហា ៣ចំណុច ដែលគួរឲ្យចាប់អារម្មណ៍សម្រាប់វិស័យអប់រំ គឺទី១ ត្រូវកែប្រែកម្មវិធីសិក្សាឲ្យរៀន ៥០% និងអនុវត្ត ៥០% តាំងពីថ្នាក់បឋមដល់ថ្នាក់មហាវិទ្យាល័យ។ ចំណុចទី២ គឺគួរតែមានសាលាពីថ្នាក់បឋមរហូតដល់សាកលវិទ្យាល័យ ដែលអាចមានលទ្ធភាពបង្រៀនភាសាអង់គ្លេស ដល់សិស្សបាន និងចំណុចទី៣ គឺទាល់តែរៀបចំសាលាទាំងអស់ឲ្យទៅជាសហគ្រាសសាធារណៈ ឲ្យដូចជាគោលនយោបាយសហគ្រាសរដ្ឋបាលសាធារណៈរបស់រដ្ឋាភិបាល។ ធ្វើដូច្នេះ ទើបអាចបង្កើនគុណភាពអប់រំនៅកម្ពុជា បានមួយកម្រិត៕
ប្រភពពី វិទ្យុអាស៊ីសេរី