ស្ថានភាពរស់នៅរបស់ ពលរដ្ឋត្រូវទឹកស្អុយជន់ លិចនៅភូមិទំនប់
តំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ដែលមានទឹកជំនន់ចាប់តាំងពីក្រោយភ្ជុំបិណ្ឌមកនោះ នៅមិនទាន់ស្រកចុះអស់នៅឡើយ។ ចំណែកភូមិទំនប់ ឬហៅថាភូមិត្រឡោកបែក សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង និងផ្លូវខ្នងទំនប់ទួលគោក ឬគេនិយមហៅថា ផ្លូវត្រឡោកបែក នោះ បានជន់លិចខ្លាំងជាងគេ ហើយលិចដោយទឹកស្អុយថែមទៀត។
អ្នកភូមិកំពុងមានការលំបាកធ្វើដំណើរចេញចូលប្រកបអាជីវកម្មផ្សេងៗ ការរស់នៅដែលប្រឈមនឹងគ្រោះថ្នាក់ដល់សុខភាព ជាពិសេសកុមារដែលរស់នៅលើទឹកកខ្វក់ជាច្រើនថ្ងៃ និងគ្មានពេលកំណត់នោះ។
«សំឡេង»
អ្នកភូមិទំនប់ ឬត្រឡោកបែក បានរស់នៅលើទឹកជំនន់ទឹកស្អុយប្រមាណជាងមួយសប្ដាហ៍មកហើយ គឺចាប់តាំងពីមានភ្លៀងធ្លាក់ខ្លាំងក្រោយថ្ងៃបុណ្យភ្ជុំបិណ្ឌរួចមក។
ផ្ទះជាច្រើនខ្នងនៅតំបន់នោះ បានលិចទាំងអស់ មានរាក់មានជ្រៅទៅតាមកន្លែងទួល និងទំនាប។
ផ្ទះដែលមានបើកអាជីវកម្ម បាបផ្អាកដំណើរការបណ្ដោះអាសន្ន ចំណែកមធ្យោបាយធ្វើដំណើរចេញចូល គឺពួកគាត់បានច្នៃដោយប្រើពោងពោះវៀនកង់ឡានធំៗពីរទៅបី ចងផ្អោបចូលគ្នាធ្វើជាក្បួនអុំចម្លងមកថ្នល់ធំ។
ស្ត្រីអ្នកភូមិម្នាក់ឈ្មោះ គឹម ដួងចន្ទ បានរៀបរាប់ថា បញ្ហាទឹកលិចភូមិបែបនេះ បានបង្កឲ្យពួកគាត់មានការលំបាកជាច្រើន៖«បញ្ហាពិបាកធ្វើដំណើរ ទឹកកខ្វក់…»។
ក្រៅពីនេះទៀត បញ្ហាពិបាកគ្រប់គ្រងសុវត្ថិភាពក្មេងៗនៅលើទឹក និងបញ្ហាសុខភាពដែលពួកគេអាចប្រឈមនឹងជំងឺឆ្លងផ្សេងៗ ដោយបរិស្ថានជុំវិញមិនល្អ។
ស្ត្រីអ្នកភូមិម្នាក់ទៀត ក៏បានរៀបរាប់អំពីបញ្ហាលំបាកមួយចំនួនរបស់ពួកគាត់ ដែលកំពុងជួបប្រទះពេលទឹកលិចភូមិនេះដែរ។
តំបន់ភូមិទំនប់ នេះ ស្ថិតនៅតំបន់ទំនាបជាប់មាត់បឹង ប៉ុន្តែអ្នកភូមិឲ្យដឹងថា ភូមិនេះខានលិច ៣ឆ្នាំមកហើយ ហើយកាលពីលិចពេលមុននោះ ក៏មិនលិចជ្រៅដែលមានកន្លែងខ្លះជិតមាត់បឹង អាចមានជម្រៅជាង ៣ម៉ែត្រ។
បុរសវ័យចំណាស់ម្នាក់ លោក សាន សុខា មានវ័យប្រមាណជាង ៦០ឆ្នាំ ដែលជាចាស់ទុំ រស់នៅក្នុងភូមិទំនប់ នេះ ច្រើនឆ្នាំមកហើយ បានឲ្យដឹងថា ពលរដ្ឋភាគច្រើនមានជីវភាពក្រីក្រ។ ទោះបីមានការលំបាកយ៉ាងណា ក៏ពួកគាត់តស៊ូទ្រាំរស់នៅលើទឹកជ្រាំស្អុយនោះ ដោយគ្មានលទ្ធភាពផ្លាស់ប្ដូរទីលំនៅបណ្ដោះអាសន្ននោះឡើយ។
សាធារណជនភាគច្រើន ពិបាកនឹងស្គាល់ភូមិទំនប់ នោះ ដោយសារផ្លូវចូលដែលចុះពីផ្លូវទំនប់ទួលគោក ឬគេហៅថា ផ្លូវត្រឡោកបែក នោះតូចចង្អៀត។ រហូតមកពេលនេះ អ្នកភូមិឲ្យដឹងថា ពុំទាន់អាជ្ញាធរ ឬអង្គការមនុស្សធម៌ចូលរួមយកចិត្តទុកដាក់ ដោះស្រាយបញ្ហាប្រឈមរបស់អ្នកភូមិនោះទេ។
ក្រុមអ្នកភូមិបានបង្ហាញហេតុផលប្រហាក់ប្រហែលគ្នា ជុំវិញការដែលមានទឹកលិចភូមិគាត់ និងតំបន់ដទៃទៀតក្នុងទីក្រុងភ្នំពេញ នៅឆ្នាំនេះ។
លោក សាន សុខា មានប្រសាសន៍ថា ពាក់ព័ន្ធបញ្ហានេះ មានហេតុផលជាច្រើន ក្នុងនោះបញ្ហាទឹកភ្លៀងច្រើនដែលជាកត្តាធម្មជាតិ បញ្ហាផ្លូវទឹកហូរចេញពីភូមិបានស្ទះ ដោយអាជ្ញាធរមិនបានកាយស្ដារឲ្យមានចរន្តទឹកហូរបាន និងការលុបបឹងរំដោះទឹកមួយចំនួនក្នុងទីក្រុង ដូចជាបឹងកក់ បឹងទំពុន បឹងពោងពាយ ជាដើម។
ស្របពេលគ្នានេះដែរ តំបន់ជិតបឹងជាកន្លែងរំដោះទឹកនោះ ត្រូវជន់លិច ហើយអ្នកភូមិបានបូមទម្លាក់មកបឹងត្រឡោកបែក ភូមិទំនប់ ទាំងអស់។
ទាក់ទងនឹងការលើកឡើងរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធបញ្ហាទឹកលិចរាជធានីភ្នំពេញ នេះ នាយកទីចាត់ការសាលាក្រុង លោក ឡុង ឌីម៉ង់ សុំមិនធ្វើអត្ថាធិប្បាយទេ នៅល្ងាចថ្ងៃទី១១ តុលា ដោយលោកពន្យល់ថា កំពុងជាប់រវល់កិច្ចការផ្សេងៗ ហើយលោកក៏ពុំទាន់បានសិក្សាពីបញ្ហាទឹកលិច និងពុំទាន់បានទទួលរបាយការណ៍លម្អិតពីបញ្ហានេះនៅឡើយ។
ទោះយ៉ាងណា ប្រជាពលរដ្ឋបានអំពាវនាវសុំឲ្យអាជ្ញាធរក្រុងភ្នំពេញ ប្រញាប់ដោះស្រាយបញ្ហាទឹកលិចនេះជាបន្ទាន់ ដើម្បីបញ្ចៀសបញ្ហាគ្រោះថ្នាក់ដល់ការរស់នៅ សុខភាព និងការខាតបង់ពេលវេលាធ្វើការផ្សេងៗ អាជីវកម្ម ទ្រព្យសម្បត្តិរបស់ពួកគាត់ និងទាមទារឲ្យមានការទទួលខុសត្រូវចំពោះរឿងនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
១
២
៣
៤
៥
៦
៧
៨
៩
១០
១១
១២
១៣
១៤
១៥
១៦
១៧
១៨
១៩
ប្រភពពី វិទ្យុអាស៊ីសេរី