នាយករដ្ឋមន្ត្រីបារាំងចង់ ឲ្យអ្នកនយោបាយខ្មែរ ធ្វើការជាមួយគ្នា
នាយករដ្ឋមន្ត្រីបារាំង លោក Jean-Marc AYRAULT បានផ្ញើលិខិតសាទរចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានជាប់ឆ្នោតជាថ្មីជាប្រមុខរដ្ឋាភិបាលកម្ពុជា។ នាយករដ្ឋមន្ត្រីបារាំងក៏បានកត់សម្គាល់ថា វាជាការសំខាន់ណាស់ដែលតួអង្គនយោបាយសំខាន់ៗនៅកម្ពុជា ធ្វើការជាមួយគ្នាដើម្បីធានាការប្រព្រឹត្តទៅដោយរលូននៃស្ថាប័ន។
នេះជាការសាទររបស់ប្រទេសប្រជាធិបតេយ្យធំមួយទៀត បន្ទាប់ពីនាយករដ្ឋមន្ត្រីអូស្ត្រាលី។
នៅក្នុងសារលិខិតចុះថ្ងៃទី ៤តុលា ដែលក្រសួងការបរទេសកម្ពុជា ទើបតែផ្សព្វផ្សាយនៅថ្ងៃទី ១២តុលានេះ នាយករដ្ឋមន្ត្រីបារាំង លោក Jean-Marc AYRAULT បានថ្លែងសាទរចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសដែលលោកបានជាប់ឆ្នោតជាថ្មី ជាប្រមុខរដ្ឋាភិបាលកម្ពុជា។
ប្រមុខរដ្ឋាភិបាលបារាំងបានថ្លែងក្នុងលិខិតនោះទៀតថា ការបោះឆ្នោតកាលពីខែកក្កដាបានបង្ហាញពីការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់អ្នកបោះឆ្នោត។ លោកបន្តថា វាជាការសំខាន់ណាស់ដែលអ្នកនយោបាយខ្មែរទាំងអស់ ធ្វើការជាមួយគ្នាចាប់ពីពេលនេះតទៅ ដើម្បីធានាការប្រព្រឹត្តទៅដោយរលូននៃស្ថាប័ន ដែលជាកត្តាមិនអាចខ្វះបាននៃលទ្ធិ ប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍ប្រទេស។
លោក Jean-Marc AYRAULT បន្តទៀតថា ជានិច្ចកាល បារាំងតែងនៅជាមួយកម្ពុជា ជាពិសេស ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១មក សមិទ្ធផលដ៏គួរឲ្យកត់សម្គាល់ជាច្រើន ត្រូវបានសម្រេច។ ដោយមានភក្តីភាពជាមួយចំណងមិត្តភាពដ៏ជិតស្និទ្ធនិងយូរអង្វែង ដែលបានចងភ្ជាប់ប្រទេសទាំងពីរ បារាំងនឹងបន្តរួមដំណើរជាមួយកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីការអភិវឌ្ឍន៍ និងនីតិរដ្ឋ។ នេះជាការគូសបញ្ជាក់របស់ប្រមុខរដ្ឋាភិបាលទីក្រុងប៉ារីស ចំពោះសមភាគីក្រុងភ្នំពេញ។
កាលពីថ្ងៃទី ៦តុលា នាយករដ្ឋមន្ត្រី អូស្ត្រាលី លោក ថូនី អាប់បត ក៏បានសរសេរលិខិតសាទរចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។ នាយករដ្ឋមន្ត្រីអូស្ត្រាលី ដែលបានចាត់ទុកកម្ពុជាជាដៃគូសហប្រតិបត្តិការយ៉ាងសំខាន់មួយនោះ បានសម្តែងការគាំទ្រចំពោះដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោក ថូនី អាប់បត ក៏រំពឹងដែរថា ការសម្របសម្រួលរវាងគណបក្សទាំងអស់នៅកម្ពុជា គឺជាការធានាបាននូវសន្តិភាព សន្តិសុខ ដែលជាមូលដ្ឋានគ្រឹះសម្រាប់អនាគតប្រទេសកម្ពុជា។
គួរកតសម្គាល់ថា ប្រទេសប្រជាធិបតេយ្យធំៗទាំងពីរនេះ សុទ្ធតែបានសម្តែងបំណងចង់ឲ្យអ្នកនយោបាយនៅកម្ពុជាធ្វើការជាមួយគ្នា ដើម្បីអនាគតប្រទេសជាតិ។ គោលបំណងដ៏ទទូចនេះ បានស្តែងឡើងខណៈដែលគណបក្សជាប់ឆ្នោតទាំងពីរនៅកម្ពុជា កំពុងបែកបាក់គ្នាដោយគណបក្សមួយបង្កើតរដ្ឋសភា និងរដ្ឋាភិបាលម្នាក់ឯង ចំណែកគណបក្សមួយទៀត មិនព្រមចូលអង្គុយក្នុងរដ្ឋសភា ហើយកំពុងបើកយុទ្ធនាការការទូត សុំកុំឲ្យសហគមន៍អន្តរជាតិទទួលស្គាល់រដ្ឋាភិបាល និងរដ្ឋសភាអាណត្តិទី៥ នេះ៕
ប្រភពពី វិទ្យុបារាំងអន្តរជាតិ