ភ្លើងស្នេហ៍អ្នករត់ម៉ូតូ ឌុបនិងស្ត្រីបម្រើខារ៉ាអូខេ កើតរឿងប្រចណ្ឌ ដោយសារនាងឆ្លៀត ទៅដេកជាមួយភ្ញៀវ
រាជធានីភ្នំពេញ ៖ នារីបម្រើខារ៉ាអូខេម្នាក់ ដែលចចេសទៅរួមដំណេក ជាមួយប្រុសផ្សេង ត្រូវបានប្រុសស្នេហ៍ ជាអ្នករត់ម៉ូតូឌុប ប្រចណ្ឌចាប់បោចសក់ វាយទះកំផ្លៀង បន្ទាប់ពីពួកគេឈ្លោះ ទាស់ទែងគ្នាបង្កឱ្យ មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចកាលពីវេលាម៉ោង ៣និង១០នាទីទៀបភ្លឺ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៣ នៅមុខផ្ទះម៉ាស្សា កោសជប់ ៧៧៧ តាមមហាវិថីម៉ៅសេទុង សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។
នៅមុនពេលកើតហេតុ គេបានឃើញនារីម្នាក់នេះ និងបុរសខាងលើ បានជិះម៉ូតូជាមួយគ្នា ម៉ាកវីវ៉ាមួយគ្រឿងតាមបណ្តោយផ្លូវម៉ៅសេទុង ហើយពេលមកដល់កន្លែង មានមនុស្សច្រើន នាងបានលោតចុះពីលើម៉ូតូ ស្រែករកគេឯងអោយជួយ ដោយសារបុរសជាសង្សារ វាយធ្វើបាបរូបនាង ព្រោះតែរឿងប្រច័ណ្ឌ ខ្លាំងពេក។ សមត្ថកិច្ចប៉ូលិសមូលដ្ឋាន ក៏បានចុះមកធ្វើអន្តរាគមន៍ ដើម្បីទប់ស្កាត់កុំអោយមាន អំពើហិង្សាទៅលើ នារីភេទបន្តទៀត។
នៅពេលប៉ូលិសមកដល់ ស្រាប់តែពួកគេទាំង២នាក់ ហាក់ដូចជាត្រូវរ៉ូវគ្នា ឡើងជិះម៉ូតូគេចចេញ ពីកន្លែងកើតហេតុបាត់ សូម្បីតែប៉ូលិសចង់សួរនាំ ដើម្បីធ្វើកំណត់ហេតុ ក៏មិនបានផង។ មូលហេតុដែលនាំឲ្យ មានការវាយទះតប់នារីភេទនេះ ត្រូវបានសាក្សីអះអាងថា ដោយសារបុរស ជាគូស្នេហ៍ខឹងនារីជាសង្សារ របស់ខ្លួនចចេស ទៅរួមដំណេកជាមួយ ប្រុសផ្សេងនៅខាងក្រៅ បន្ទាប់ពីបុរសជាសង្សារតាមឃ្លាំមើលឃើញថា សង្សាររបស់ខ្លួននៅតែបន្ត ទៅដេកជាមួយភ្ញៀវ៕
_____________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ
ប្រភពព័ត៌មានពី៖ វត្តភ្នំ