HRW ជំរុញឲ្យរដ្ឋា ភិបាលកម្ពុជា គោរពតាមគោល ការណ៍អង្គការ សហប្រជាជាតិ
អង្គការសិទ្ធិមនុស្សអន្តរជាតិ(Human Rights Watch) ដែលមានមូលដ្ឋាននៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា គួរតែចាប់ផ្តើមភ្លាមៗនូវការស៊ើបអង្កេតឯករាជ្យ និងតម្លាភាពមួយទៅលើករណីប៉ះទង្គិចរវាងប្រជាពលរដ្ឋ ក្រុមអ្នកតវ៉ា ជាមួយកម្លាំងសមត្ថកិច្ច រហូតធ្វើឲ្យបុរសម្នាក់ បានស្លាប់ និងធ្វើឲ្យរងរបួសពលរដ្ឋ យ៉ាងតិច២៤នាក់ទៀត។
កាលពីថ្ងៃទី១៥ខែកញ្ញា ក្រុមបាតុករ ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច បានប៉ះទង្គិចជាមួយកម្លាំងសមត្ថកិច្ច រហូតធ្វើឲ្យមានការបាញ់គ្រាប់ផ្សែង បាញ់ទឹក និងគ្រាប់កាំភ្លើងពិតទៅលើបាតុករ។ កាលពីថ្ងៃអាទិត្យ បុរសម្នាក់ បានស្លាប់នៅក្នុងការហេតុការណ៍ប៉ះទង្គិចគ្នាជាមួយកម្លាំងសមត្ថកិច្ចនៅម៉ោងជាង១០យប់ នៅរង្វង់មូលក្បាលថ្នល់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លោក ហូរ វ៉ាន់ អនុប្រធានគណៈកម្មាធិការវិន័យគណបក្សសង្គ្រោះជាតិ ឲ្យដឹងថា មនុស្សម្នាក់ បានស្លាប់ ៨នាក់ រងរបួស និង៦នាក់ ត្រូវបានចាប់ខ្លួន។
សេចក្តីថ្លែងការណ៍របស់HRW ចេញផ្សាយនៅថ្ងៃអង្គារនេះ បង្ហាញថា រដ្ឋាភិបាលកម្ពុជា គួរតែបញ្ជាជាសាធារណៈទៅកម្លាំងសមត្ថកិច្ច ក្នុងការគោរពតាមស្តង់ដារអន្តរជាតិ នៅពេលបើកការបាញ់ និងវិធានការហិង្សាផ្សេងៗ។
នាយកប្រចាំតំបន់របស់អង្គការឃ្លាំមើល សិទ្ធិមនុស្សអន្តរជាតិលោក ប្រេដ អាដាម (Brad Adams) មានប្រសាសន៍ថា៖«រដ្ឋាភិបាលកម្ពុជា ព្យាយាមកំណត់បាតុកម្មរបស់គណបក្សប្រឆាំងជាមួយការដាក់រនាំង គ្រប់គ្រងចលនាចូល និងចេញក្រៅរាជធានីភ្នំពេញ»។លោកបន្តថា ការបាញ់កាំភ្លើងដោយផ្ទាល់នៅពេលយប់ទៅលើប្រជាពលរដ្ឋ ដែលមិនមានប្រដាប់អាវុធ បង្ហាញពីការបំភិតបំភ័យភ្លាមៗ ដែលជានិយមន័យនៃការប្រើប្រាស់កម្លាំងហួសហេតុ។ លោកបញ្ជាក់ថា ការស៊ើបអង្កេតមួយឯករាជ្យ គឺត្រូវការជាបន្ទាន់ ដើម្បីបង្ហាញ និងកាត់ទោសអ្នកដែលត្រូវទទួលខុសត្រូវ លើការរំលោភបំពាន ដោយកម្លាំងសមត្ថកិច្ច។
អង្គការសិទ្ធិមនុស្សអន្តរជាតិ ក៏បានអំពាវនាវឲ្យរដ្ឋាភិបាល បញ្ជាសមត្ថកិច្ច ដោយគោរពទៅតាមគោលការណ៍នៃច្បាប់របស់អង្គការសហប្រជាជាតិ និងប្រើប្រាស់វិធានគ្រប់កម្រិតដោយអហិង្សា មុនការប្រើប្រាស់ប្រដាប់អាវុធ។សេចក្តីថ្លែងការណ៍បន្តថា គណបក្សប្រឆាំង គួរតែចាត់វិធានការ ដើម្បីបញ្ច្រៀសអ្នកគាំទ្រពីការប្រព្រឹត្តអំពើហិង្សាប្រឆាំងនឹងមន្ត្រីអនុវត្តច្បាប់ ដោយសារតែរឿងនយោបាយ។
កាលពីថ្ងៃចន្ទ មន្ត្រីសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានអំពាវនាវឲ្យមានការស៊ើបអង្កេតប្រកបដោយតម្លាភាព ទៅលើករណីប៉ះទង្គិចជាមួយកម្លាំងសមត្ថកិច្ច រហូតធ្វើឲ្យបុរសម្នាក់ស្លាប់ នៅរង្វង់មូលក្បាលថ្នល់ កាលពីយប់ថ្ងៃអាទិត្យ។
អ្នកនាំពាក្យស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា លោក John Simmons ប្រាប់VODតាមរយៈអ៊ីម៉េលថា ស្ថានទូតអាមេរិក ដឹងថា រដ្ឋាភិបាលកម្ពុជា កំពុងតែស៊ើបអង្កេតលើករណីនេះ តែស្ថានទូត អំពាវនាវឲ្យមានការស៊ើបអង្កេតដោយតម្លាភាព ដែលជំហានមួយក្នុងការការពារព្រឹត្តិការណ៍ដ៏អាក្រក់នេះ ទៅថ្ងៃអនាគត។ ស្ថានទូតអាមេរិក ជំរុញឲ្យគ្រប់ភាគី ចៀសវាងពីហិង្សា និងធ្វើការជាមួយគ្នា ដោយដោះស្រាយការខ្វែងគំនិតគ្នាផ្សេងៗទៀត។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា ក្រសួងមហាផ្ទៃកំពុងតែស៊ើបអង្កេតលើករណីបុរសម្នាក់ ដែលបានស្លាប់នោះ និងកំពុងស្វែងរកចាប់ខ្លួនជនល្មើស។ចំណែកគណបក្សសង្គ្រោះជាតិ នៅតែបន្តមហាបាតុកម្មនៅថ្ងៃអង្គារនេះ ដើម្បីបញ្ចប់តាមការគ្រោងទុកចំនួនបីថ្ងៃ បីយប់៕ប្រភព ពី វីអូឌី
