សហគមន៍ខ្មែរនៅអឺរ៉ុប នឹងធ្វើបាតុកម្មនៅ ហ្សឺណែវដើម្បីទាមទារ សិទ្ធិនិងយុត្តិធម៌ សម្រាប់ពលរដ្ឋខ្មែរ
នៅក្នុងសេចក្តីជូនដំណឹងរបស់សហគមន៍ខ្មែរនៅអឺរ៉ុប ដែលវីអូឌីទទួលបាននៅថ្ងៃទី១៧ខែកញ្ញានេះ បានសរសេរថា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ខាងមុខនេះ លោក សុរិយា ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា នឹងធ្វើរបាយការណ៍ពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅទីស្នាក់ការអង្គការសហប្រជាជាតិ។ សេចក្តីជូនដំណឹងបានស្រង់សេចក្តីប្រកាសនិងគោលជំហរបស់ លោក ស៊ូប៊ែឌី ថាលោកបានជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំកែប្រែ ធានាឲ្យមានការបោះឆ្នោតដោយសេរី យុត្តិធម៌ ព្រមទាំងទាមទារឲ្យធ្វើកំណែគណៈកម្មការជាតិបោះឆ្នោត និងធ្វើច្បាប់ស្តីពីដីសម្បទាន។
បើតាមសេចក្តីជូនដំណឹង បាតុកម្មដែលធ្វើឡើងដោយសហគមន៍ខ្មែរនៅអឺរ៉ុបនេះ នឹងមានការចូលរួមពីសំណាក់ លោក ម៉ាកូ ប៉ាណេឡា ប្រធានគណបក្សរ៉ាឌីកាលអ៊ីតាលី ដែលជាសមាជិកសភាអឺរ៉ុប ហើយលោកនឹងចូលរួមក្នុងគណកម្មការជាមួយលោក សុរិយ៉ា ស៊ូប៊ែឌី៕ប្រភព ពីវីអូឌី
