លោក ហ៊ុន សែន និងលោក សម រង្ស៊ី ជួបគ្នាជាលើកទីពីរ នៅព្រឹកថ្ងៃអង្គារនេះ
កិច្ចប្រជុំលើកទីពីរនេះ នឹងធ្វើឡើងនៅវេលាម៉ោង៩ព្រឹក និង១០នាទី នៅវិមានរដ្ឋសភា ដែលសមាសភាពថ្នាក់ដឹកនាំប្រជុំ គឺដូចកិច្ចប្រជុំកាលពីថ្ងៃចន្ទ។ជំនួបរយៈពេលជិត៥ម៉ោង កាលពីថ្ងៃចន្ទ ត្រូវបានភាគីទាំងពីរ លើកឡើងថា មានការឯកភាពគ្នា និងពេញចិត្តនឹងការពិភាក្សាផ្លាស់ប្តូរគ្នា ទើបធ្វើឲ្យមានភាគីទាំងពីរ ត្រូវចំណាយពេលយូរបែបនេះ។
មុននឹងកិច្ចប្រជុំ លោក សម រង្ស៊ី មានប្រសាសន៍ថា កិច្ចប្រជុំនៅថ្ងៃនេះ នឹងអាចមានរយៈពេលយូរជាងថ្ងៃម្សិលមិញ។ ជាការឆ្លើយតបលោក ហ៊ុន សែន មានប្រសាសន៍ថា ការប្រជុំយូរ មិនមែនជាបញ្ហាទេ សំខាន់គឺឲ្យតែទទួលបានលទ្ធផលល្អ។ លោកនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ពីបទពិសោធន៍នៃការចូលរួមប្រជុំរបស់លោក នៅក្រៅប្រទេស ដែលមានរយៈពេលយូរជាងនេះទៀត។
កាលពីថ្ងៃចន្ទ ភាគីទាំងពីរ បានចំណាយពេលជិត៥ម៉ោង ដើម្បីពិភាក្សាគ្នា ដោយភាគីទាំងពីរ លើកឡើងថា មានការពិភាក្សាផ្លាស់ប្តូរយោគយល់គ្នាច្រើន ទើបការប្រជុំ ត្រូវចំណាយពេលយូរដូចនេះ។
ភាគីទាំងពីរ បានឯកភាពក្នុងការគោរពតាមព្រះរាជសារព្រះមហាក្សត្រ ចុះថ្ងៃទី១៦ខែកញ្ញានេះ ដោយអំពាវនាវឲ្យមានការបញ្ឈប់ហិង្សារវាងបាតុករ និងសមត្ថកិច្ច បន្តការចរចាគ្រប់កម្រិត ដើម្បីដោះស្រាយបញ្ហា និងមានស្មារតីថ្មីមួយ ដើម្បីផលប្រយោជន៍ជាតិ។ មិនតែប៉ុណ្ណោះភាគីទាំងពីរ ក៏បានឯកភាពបង្កើតយន្តការមួយកែទម្រង់ការបោះឆ្នោតនៅពេលខាងមុខ។
លោក យឹម សុវណ្ណ បញ្ជាក់ថា ចំណុចមួយចំនួន ដែលភាគីទាំងពីរ មិនទាន់ឯកភាពគ្នាគឺ ការបង្កើតគណៈកម្មការចម្រុះ តែគណបក្សសង្គ្រោះជាតិ នៅមានជំហរបង្កើតដដែល។ចំណែកគណបក្សប្រជាជនកម្ពុជា មិនយល់ព្រម ដោយលើកឡើងថា ការង្កើតគណៈកម្មាការចម្រុះនេះ គឺខុសច្បាប់ ហើយគណបក្សប្រជាជនកម្ពុជា មិនអាចត្រឡប់ក្រោយបានទេ។លោក យឹម សុវណ្ណ បញ្ជាក់ថា ភាគីទាំងពីរនៅមានពេលជិតមួយសប្តាហ៍ទៀត មុនការប្រជុំសភាលើកដំបូងនៅថ្ងៃទី២៣ខែកញ្ញា ដើម្បីចរចាលើបញ្ហាផ្សេងៗ ធ្វើយ៉ាងម៉េចឲ្យភាគីទាំងសងខាងទទួលយកបាន។
ក្នុងជំនួបកាលពីថ្ងៃចន្ទ គណៈប្រតិភូគណបក្សប្រជាជនកម្ពុជា៦រូប ក្រៅពីនាយករដ្ឋមន្ត្រី រួមមានអនុប្រធានទី១ព្រឹទ្ធសភា លោក សាយ ឈុំ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោកប្រាក់ សុខុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា នាយករងខុទ្ទកាល័យ គណបក្សជាជនកម្ពុជាលោក សោម សឿន និងលោក ឈាង វុន។ ចំណែក ខាងគណបក្សសង្គ្រោះជាតិមានលោក កឹម សុខា ជាអនុប្រធាន លោក ប៉ុល ហំម លោក យឹម សុវណ្ណ លោក អេង ឆៃអ៊ាង លោក សុន ឆ័យ និងលោក គួយ ប៊ុនរឿន៕
