នារី២នាក់រងរបួសធ្ងន់ ដោយសារតែត្រូវ ក្រុមចោរតាមបាញ់ប្លន់ យកម៉ូតូស្កូបពី
រាជធានីភ្នំពេញ ៖ មានហេតុការណ៍បាញ់ប្លន់មួយបានកើតឡើង កាលពីវេលាម៉ោង ១ និង៤០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៦១២ ក្នុងសង្កាត់បឹងកក់ ទី២ ខណ្ឌទួលគោក ដែលបង្កឡើងដោយពួកចោរប្រដាប់អាវុធមួយក្រុម មានគ្នា៣នាក់ បានធ្វើសកម្មភាពបាញ់ប្លន់យកម៉ូតូម៉ាកស្កូបពី ១គ្រឿង មិនបានសម្រេច ប៉ុន្តែបណ្តាលឲ្យនារី២នាក់រងរបួសធ្ងន់។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍បាញ់ប្លន់យកម៉ូតូខាងលើនេះ ទី១មានឈ្មោះ សៅ ស្រីពៅ អាយុ ៣០ឆ្នាំ ជាបង ស្រី របួសជើងឆ្វេង ទី២. ស្រីនាង អាយុ ២០ឆ្នាំ ជាប្អូនស្រី របួសជើងស្តាំ និងទី៣. ឈ្មោះ ផល្លា អាយុ ២០ឆ្នាំ ពុំមានរងរបួសអ្វីឡើយ ។ ចំណែកម៉ូតូដែលត្រូវក្រុមចោរតាមប្លន់មិនបានសម្រេចនោះមានម៉ាកស្កូបពី ស៊េរីឆ្នាំ២០១៣ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BT-9813។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង៣នាក់ បានជិះម៉ូតូមួយគ្រឿង ឌុបគ្នាចេញពីកន្លែងកម្សាន្តហាយក្លឹប ដែលមានទីតាំងនៅម្តុំផ្សារសាមគ្គី ក្នុងបំណង់ត្រឡប់មកផ្ទះ។ ខណៈជិះមកដល់ចំណុចជិតផ្សារ៧មករា ស្រាប់តែមានជនសង្ស័យ ៣នាក់ ប្រដាប់ដោយកាំភ្លើង ខ្លី១ដើម ជិះម៉ូតូម៉ាកស្កុបពី ១គ្រឿង ពណ៌ស អត់ចាំស្លាកលេខ បានធ្វើសកម្មភាពប្លន់យកម៉ូតូពីជនរងគ្រោះ តែមិនបានសម្រេច ដោយសារតែជនរងគ្រោះបានព្យាយាមបើកគេច និងស្រែកឆោឡោធ្វើការឲ្យមានភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ។ ភ្លាមៗនោះ ពួកក្រុមជនល្មើសបានអាមេកាំភ្លើង រួចបាញ់សំដៅជនរងគ្រោះ១គ្រាប់ ត្រូវចំជើងនារីម្នាក់ធ្លាយទៅជើងនារីម្នាក់ទៀត បណ្តាលឱ្យអ្នកទាំង២ របួសធ្ងន់ ហូរឈាមស្រោចពេញម៉ូតូ ចំណែកជនល្មើសបានបើកម៉ូតូរត់គេចខ្លួនបាត់ដោយសុវត្ថិភាព។
បន្ទាប់កើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅអន្តរាគមន៍ភ្លាមៗ ដោយបានទំនាក់ទំនងហៅរថយន្តសាម៊ុយមកដឹកយកជនរងគ្រោះទៅធ្វើការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវតាមចាប់មុខសញ្ញាជនល្មើសដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។
ប្រភពពីប្រជាពលរដ្ឋដែលក្បែរកន្លែងកើតហេតុបានឲ្យដឹងថា ក្រុមចោរនេះពិតជាថ្លើមធំណាស់ ដែលហ៊ានចេញធ្វើសកម្មភាពបាញ់ប្លន់ម៉ូតូនៅក្នុងរាជធានីភ្នំពេញ ខណៈពេលដែលសមត្ថកិច្ចជាច្រើនពាន់នាក់ត្រូវបានគេដាក់ពង្រាយនៅតាមដងផ្លូវដើម្បីរក្សាការពារសន្តិសុខ អំឡុងពេលមានមហាបាតុកម្មបែបនេះ៕
ប្រភពពី វត្តភ្នំ
