ស្ត្រីជើងឆើត ចង់ហ៊ឺហាតែគ្មាន លុយម្នាក់ត្រូវ បានប៉េអឹម បញ្ជូនមកកាន់តុលាការ
រាជធានីភ្នំពេញ ៖ ស្ត្រីជើងឆើតចង់ហ៊ឺហាតែគ្មាន លុយម្នាក់ត្រូវបានប៉េអឹមបញ្ជូនមកកាន់តុលាការ ដើម្បីឱ្យព្រះរាជអាជ្ញាធ្វើការដាក់បន្ទុក កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១ កញ្ញា ២០១៣ បន្ទាប់ពីឃាត់ខ្លួនរយៈពេល២ថ្ងៃ ពីបទឆបោកដែលនារីនេះទិញរថយន្តទំនើបជិះ តែមិនព្រមប្រគល់ប្រាក់ ឱ្យទៅម្ចាស់រថយន្ត ។
ស្ត្រីម្នាក់នេះឈ្មោះចូវ មុំ អាយុ៤៥ឆ្នាំ ត្រូវបានគេដឹងថា ជាអ្នករកស៊ីលក់ដូរ ស្នាក់នៅផ្ទះលេខ២៤ ផ្លូវលេខ២៥១ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ត្រូវបានឃាត់ខ្លួនដោយមន្ត្រីកងរាជអាវុធហត្ថការិយាល័យ ស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌនៃទី បញ្ជាការរាជធានីភ្នំពេញ ។ ចំណែកម្ចាស់រថយន្តឈ្មោះហៃ កន អាយុ៣៣ឆ្នាំ ជាអ្នករកស៊ីលក់ដូរ ផ្ទះលេខ៤៤៥ ផ្លូវលេខ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
មន្ត្រីកងរាជអាវុធហត្ថការិយាល័យស្រាវជ្រាវបទល្មើស ព្រហ្មទណ្ឌនៃទីបញ្ជាការរាជធានីភ្នំពេញបានឱ្យដឹងថា យោងតាមពាក្យបណ្តឹងរបស់បុរសឈ្មោះហៃ កន ចោទប្រកាន់ថា ស្ត្រីឈ្មោះចូវ មុំ បានទិញរថយន្តម៉ាកឡិចស៊ីស RX470 ពណ៌បៃតង ពីគាត់ក្នុងតម្លៃ២២.០០០ដុល្លារ ហើយស្ត្រីឈ្មោះចូវ មុំ នេះ មិនមានប្រាក់ប្រគល់ជូននោះទេ ដោយសុំដាក់ប្លង់ដីធានា ហើយថា មួយសប្តាហ៍នឹងប្រគល់លុយគ្រប់ជូនម្ចាស់រថយន្ត។
ពេលធ្វើកិច្ចសន្យាចប់សព្វគ្រប់អស់ហើយ រថយន្តឡិចស៊ីស RX470 ក៏ត្រូវបានទៅលើដៃស្ត្រីឈ្មោះចូវ មុំ ឯប្លង់ដីក៏បានទៅលើដៃឈ្មោះហៃ កន... លុះមួយសប្តាហ៍ក្រោយមក ស្រាប់តែមិនឃើញស្ត្រីឈ្មោះចូវ មុំ យកលុយមកសងថ្លៃរថយន្តធ្វើឱ្យឈ្មោះហៃ កន ដែលជាអ្នកលក់រថយន្តមានការព្រួយ បារម្ភដោយចាំបាត់ ចាំបាត់ ពីព្រោះថា លើសពេលជាច្រើនខែ នៅតែមិនឃើញស្ត្រីឈ្មោះចូវ មុំ មកសងប្រាក់ទៀត ក្នុងនាមជាម្ចាស់រថយន្តក៏ដាក់ពាក្យបណ្តឹងទៅទី បញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថស្រាវជ្រាវ ស្វែងរកឈ្មោះនេះជារៀងរហូត គិតមកដល់ពេលនេះ ជាង៩ខែហើយ ។
ការព្យាយាមរបស់មន្ត្រីកងរាជអាវុធហត្ថក៏បានហៅឈ្មោះចូវ មុំ ឱ្យចូលបំភ្លឺបានដូចបំណង រួចហើយក៏ធ្វើការឃាត់ខ្លួនពីបទឆបោកដោយសារ តែទិញរថយន្តគេមិនព្រមប្រគល់ប្រាក់ ហើយប្លង់ដីគឺជាប្លង់ក្លែងក្លាយទៀត ដូច្នេះមានន័យថា ស្ត្រីរូបនេះឆបោកម្ចាស់រថយន្តឈ្មោះហៃ កន តែម្តង ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
