កម្មករសំណង់ ស្រវឹងស្រែក ឡូឡាពេលយប់ មេការឃាត់កាប់ពីរពូថៅ
ខេត្តកណ្តាល ៖ បុរសជាកម្មករម្នាក់ត្រូវកម្មករសំណង់ដូចគ្នាចាប់ប្រគល់ឱ្យនគរបាលចាត់ការតាមច្បាប់ បន្ទាប់ពីផឹកស្រាស្រវឹង ហើយទាញពូថៅដេញកាប់មេការឱ្យរងរបួសចំនួនពីរពូថៅយ៉ាងដំណំ កាលពីវេលាមោ៉ង១១យប់ថ្ងៃទី៣ កញ្ញា ស្ថិតនៅភូមិព្រែកសំរោងទី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។
មន្ត្រីប៉ូលិសព្រហ្មទណ្ឌក្រុងតាខ្មៅបានឱ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួនពីបទប្រើអំពើហិង្សាដោយចេតនានេះឈ្មោះអ៊ូ សុខហឿន អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅភូមិស្រែវាល ឃុំស្រែវាល ស្រុងស្ទឹងត្រង់ ខេត្តកំពង់ចាម មានមុខរបរជាកម្មករសំណង់ស្នាក់នៅភូមិសង្កាត់កើតហេតុ ។ ចំណែកជនរងគ្រោះឈ្មោះ ឡុញ សុភាព អាយុ២៣ឆ្នាំ ជាមេការសំណង់នៅភូមិឃុំកើតហេតុបានរងរបួសត្រង់ស្មាខាងស្តាំ និងកំភួនដៃខាងស្តាំ ។
មន្ត្រីប៉ូលិសបានបន្តទៀតថា នៅយប់កើតហេតុ ជនសង្ស័យឈ្មោះ សុខហឿន បានផឹកស្រាជាមួយកម្មករសំណង់ដូចគ្នា នៅក្នុងការដ្ឋានរហូតដល់ម៉ោង១១យប់ក៏ស្រវឹងគ្រប់ៗគ្នា ហើយអ្នកផ្សេងបាននាំគ្នាចូលទៅដេកអស់ ប៉ុន្តែឈ្មោះ សុខហឿន មិនព្រមចូលទៅដេកនៅតែស្រែកឡូឡាតែម្នាក់ឯងខ្លាំងៗនាំឱ្យរំខានដល់អ្នកដទៃ។ ដោយទ្រាំមិនបានមេការឈ្មោះ ឡុញ សុភាព ដែលជាជនរងគ្រោះបានចេញទៅឃាត់កុំឱ្យស្រែកឡូឡា ព្រោះយប់ជ្រៅទៅហើយនាំឱ្យរំខានដល់គេឯង ពេលនោះក៏បានទាស់ពាក្យសម្តីគ្នាបន្តិចបន្តួច ។
ដោយសារ សុខហឿន ស្រវឹងខ្លាំងផង ក៏ខឹងបានស្ទុះទៅយកពូថៅដេញកាប់ទៅលើមេការ បណ្តាលឱ្យត្រូវចំស្មាខាងស្តាំ មួយកន្លែង និងកំភួនដៃមួយកន្លែងទៀតរងរបួសយ៉ាងដំណំ ដែលបង្កឱ្យផ្អើលឆោឡោឡើងដល់កម្មករផ្សេងៗទៀតមកព័ទ្ធចាប់ឈ្មោះសុខហឿន ភ្លាមៗតែម្តង និងបានប្រគល់ឱ្យប៉ូលិសចាត់ការតាមផ្លូវច្បាប់ ។បច្ចុប្បន្នជនសង្ស័យបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ៕ប្រភព កោះសន្តិភាព