ពីរនាក់ម្តាយកូន អុំទូករើសខ្យង ក្នុងបឹងធ្លាក់ លង់ទឹកស្លាប់
ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីម្នាក់ និងកូនប្រុសគាត់អាយុ៤ឆ្នាំ បានលង់ទឹកស្លាប់ខណៈ២នាក់ម្តាយ និងកូន អុំទូកទៅរើសខ្យងយកទៅលក់ដើម្បីដោះស្រាយជីវភាព ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៣ កញ្ញា នៅក្នុងបឹងធំជាប់ទួលអំពិល ក្នុងភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
ក្រុមគ្រួសារជនរងគ្រោះបានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ផូ សុទុម អាយុ៣៤ឆ្នាំ មានប្តីឈ្មោះ ពៅ ធី អាយុ៣២ឆ្នាំ មុខរបរធ្វើស្រែ ពួកគេមានកូនចំនួន៤នាក់ (ប្រុស១ស្រី៣) ចំណែកកូនប្រុសដែលលង់ទឹកស្លាប់ជាមួយម្តាយជាកូនទី៣ឈ្មោះ ពៅ តុង អាយុ៤ឆ្នាំ ។ ក្រុមគ្រួសារនេះរស់នៅក្នុងភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ។
មុនពេលកើតហេតុ ស្ត្រីរងគ្រោះ និងកូនប្រុសអាយុ៤ឆ្នាំ បាននាំគ្នាជិះទូក១គ្រឿងទៅរើសខ្យងក្នុងបឹងធំទួលអំពិលជាមួយនឹងទូកអ្នកស្រុកមួយចំនួនទៀត ។ នៅពេលនោះ កូនប្រុសរបស់គាត់ឱនរើសខ្យង ក៏ដាំដូងធ្លាក់ទឹក ឯម្តាយឃើញដូច្នេោះក៏ហក់ទៅតាមចាប់កូនដែលលិចឆ្ងាយពីទូក ធ្វើឱ្យផុតដៃផុតជើងលង់ស្លាប់ទាំងម្តាយ និងកូនតែម្តង ។
ក្រោយពេលកើតហេតុ អ្នកស្រុកដែលអុំទូករើសខ្យងជាមួយគ្នាក្នុងបឹងបានឃើញទូករបស់ស្ត្រីរងគ្រោះអណ្តែតលើទឹកគ្មានមនុស្សជិះក៏មានការសង្ស័យ ហើយប្រមូលគ្នាមកមុជរាវរក ។ លុះប្រមាណជាងមួយម៉ោងក្រោយមក ក៏បានប្រទះឃើញសពជនរងគ្រោះទាំង២នាក់ម្តាយកូន ហើយទូរស័ព្ទប្រាប់ក្រុមគ្រួសារឱ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯលំនៅឋាន។
នាព្រឹកថ្ងៃទី៤ កញ្ញា នៅលំនៅឋានជនរងគ្រោះក្នុងពិធីបុណ្យបូជាសព គេឃើញលោកស្រី វង សាតស៊ុន និងលោកស្រី តាត សឿន ជាសមាជិកាអនុសាខាកាកបាទក្រហមកម្ពុជាស្រុករលាប្អៀរ នាំយកអំណោយរួមមានអង្ករ១០០គីឡូក្រាម និងប្រាក់២០មុឺនរៀល ទៅផ្តល់ជូនគ្រួសារសព ។ ចំណែកលោកមេឃុំជ្រៃបាក់ ក៏បានជួយឧបត្ថម្ភប្រាក់ចំនួន៥មឺុនរៀល និងសំពត់ស២ដុំផងដែរ ។ សពជនរងគ្រោះទាំង២នាក់ម្តាយកូន ត្រូវបានក្រុមគ្រួសារ និងអ្នកស្រុកដង្ហែយកទៅបូជានៅក្នុងវត្តបាញ់ឆ្គោល នាព្រឹកថ្ងៃទី៤ កញ្ញានោះ ដោយម្នាក់ៗមានការខ្លោចចិត្ត អាណិតអាសូរ និងក្តុកក្តួលក្រៃលែង ៕ប្រភព កោះសន្តិភាព