១គ្រួសារគ្នា ៥នាក់ពុលក្តាម ប្រៃបង្កការ ភ្ញាក់ផ្អើល ទាំងព្រឹក
ខេត្តកំពង់ឆ្នាំង ៖ មនុស្សប្រុស ស្រី ក្មេង ចាស់៥នាក់ បន្ទាប់ពីហូបបាយកកជាមួយក្តាមប្រៃ រួចមានអាការចុកពោះ រាគ និងក្អួតចង្អោរ ខ្លះធ្ងន់ ខ្លះស្រាល បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១ កញ្ញា ២០១៣ ស្ថិតនៅភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ។
ជនរងគ្រោះទាំង៥នាក់ ១-ឈ្មោះកន រិទ្ធី ភេទប្រុស អាយុ៣២ឆ្នាំ មានអាការធ្ងន់ជាងគេ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯកជន, ចំណែក៤នាក់ទៀត មានឈ្មោះកន សំបូរ ភេទស្រី អាយុ៣៨ឆ្នាំ , ឈ្មោះកន រតនៈ ភេទប្រុស អាយុ១៣ឆ្នាំ , ឈ្មោះកន ម៉េងលី ភេទប្រុស អាយុ១៦ឆ្នាំ និងឈ្មោះហែម សាមុត ភេទស្រី អាយុ៧៩ឆ្នាំ ហៅគ្រូពេទ្យមកព្យាបាលនៅផ្ទះ ។ ពួកគាត់ទាំង៥នាក់ជាក្រុមគ្រួសារតែមួយ ។
បើតាមលោកយាយឈ្មោះហែម សាមុត អាយុ៧៥ឆ្នាំ ដែលពុលក្តាមប្រៃនេះដែរបានឱ្យដឹងថា ក្តាមប្រៃដែលគាត់ហូបនេះគឺកូនស្រីរបស់យាយសួន ជួន អាយុ៧៩ឆ្នាំ ដែលត្រូវជាដន្លងជាមួយគាត់ មានទីលំនៅក្បែរគ្នាផ្ញើឱ្យយាយសួន ជួន ចំនួន៥ក្តាម ហើយយាយសួន ជួន ក៏ចែកមកឱ្យគាត់២។ បន្ទាប់ពីបានក្តាមប្រៃនោះមកគាត់ ព្រមទាំងកូន និងចៅៗបាននាំគ្នាទទួលទានក្តាមប្រៃនេះជាមួយបាយកក លុះប្រហែល១ម៉ោងក្រោយមកស្រាប់តែមានអាការៈចុកពោះ រាគ និងក្អួតចង្អោរជាបន្តបន្ទាប់តែម្តងទៅ។
គ្រូពេទ្យបានសន្និដ្ឋានថា ពួកគាត់ទាំង៥នាក់ពុលចំណី ដោយសារពួកគាត់មិនបានបរិភោគអ្វីក្រៅពីបាយកក និងក្តាមប្រៃនេះទេ ។ ក្តាមនេះគឺជាក្តាមដែលគេដាក់ថ្នាំបំពុលកុំឱ្យស៊ីស្រូវក្នុងស្រែ ហើយត្រូវគេចាប់យកមកធ្វើក្តាមប្រៃលក់ទើបបណ្តាលឱ្យពុលបែបនេះ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព

