លួចកាមេរ៉ា បងប្រុស យកទៅបញ្ចាំ បាន៣ថ្ងៃ ត្រូវប៉ូលិស ឃាត់ខ្លួន
ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ ត្រូវប៉ូលិសក្រុងដូនកែវ ស្រាវជ្រាវឃាត់ខ្លួនកាលពី វេលាម៉ោង២រសៀល ថ្ងៃទី៣១ សីហា ២០១៣ តាមពាក្យបណ្តឹងរបស់បងប្រុសបង្កើតរបស់ខ្លួន ដោយចោទពីបទលួចកាមេរ៉ាថតរូប ១គ្រឿងម៉ាកសាំសុង យកទៅបញ្ចាំតាំង ពីថ្ងៃទី២៨ សីហា ២០១៣ ស្ថិតនៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យឈ្មោះហុង វិបុល អាយុ២៥ឆ្នាំ បានលួចកាមេរ៉ារបស់បងប្រុស យកទៅបញ្ចាំឱ្យឈ្មោះខំ សំណាង ហៅកោះ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិត្រពាំងសាលា សង្កាត់រកាក្រៅ ក្រុងដូនកែវ ក្នុងតម្លៃ៦០ដុល្លារ ។ ចំណែកម្ចាស់កាមេរ៉ាឈ្មោះហុង សុផល ហៅកុង អាយុ៣២ឆ្នាំ ជាបងប្រុសបង្កើតជនសង្ស័យ បន្ទាប់ពីដឹងថាប្អូនប្រុសរបស់ខ្លួនលួចកាមេរ៉ាថតរូប បានដាក់ពាក្យប្តឹងកាលពីថ្ងៃទី៣១ សីហា ២០១៣។
បច្ចុប្បន្នប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិត ស្រាលបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តដើម្បីចាត់ ការតាមផ្លូវច្បាប់៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព

