Apartment 69

9/19/2013 0 Comments A+ a-

ភាគ​ទី​១
អូន….អូន…. បង​សូមទោស​ កុំ​ធ្វើ​អញ្ចឹង​អី បង…បង… ខុស​ហើយ បង​សន្យា​ថា​មិន​ឱ្យ​មាន​រឿង​បែប​នេះ​កើត​ឡើង​ទៀត​ទេ។ ទៅ​ផ្ទះ​វិញ​ទៅ​ណា! អូន! អូន….កុំ!!!!!!
-បងៗៗៗ! បង​ឯង​កើត​អី?
-អូ! អត់​អី​ទេ បង​យល់សប្ដិ​មិន​ល្អ។
-យល់សប្ដិ​ឃើញ​អី ម៉េច​ក៏​ស្រែក​ខ្លាំង​ម៉េះ?
-​គ្មាន​អ្វី​ធំ​ដុំ​ទេ យូរ​ៗ​ម្ដង​បង​យល់សប្ដិ​អាក្រក់​ហើយ​ស្រែក​យ៉ាង​នេះ​ឯង។ សូមទោស​ធ្វើ​ឱ្យ​អូន​ខ្លាច​ហើយ។ និយាយ​អញ្ចឹង បង​រក​អ្នក​ជួល​ផ្ទះ​បាន​ហើយ តែ​គេ​​សុំ​ធ្វើ​កុងត្រា​ពីរ​ឆ្នាំ​។
-ចុះ​បង​ប្រាប់​គេ​ថា​ម៉េច?
-បង​ថា​ចាំ​និយាយ​ជា​មួយ​អូន​សិន។ យ៉ាងណា​ក្រុមហ៊ុន​​មិន​បង្ខំ​ថា​ចាំ​បាច់​បង​ត្រូវ​តែ​ទៅ​នៅ Apartment នោះ​ទេ តែ​វា​ជា​ការ​លើក​ទឹកចិត្ត​សម្រាប់​បុគ្គលិក​ឆ្នើម​ប្រចាំ​ឆ្នាំ អូន​អាច​ទៅ​មើល​សិន​បាន​បើ​ពេញ​ចិត្ត​ចាំ​យើង​រើ​​ទៅ​ បើ​មិន​ពេញ​ចិត្ត​ទេ​បង​អាច​និយាយ​ជា​មួយ​​ខាង​ក្រុមហ៊ុន​បាន។
-អូន​តាម​ចិត្ត​បង។ បើ​បង​យល់​ថា​ទី​នោះ​ល្អ​ អញ្ចឹង​យើង​ទៅ​នៅ​មួយ​ឆ្នាំ​ក៏​ល្អ​ដែរ​ ព្រោះ​អូន​ចូល​ចិត្ត​មើល​ទេសភាព​ក្រុង​ពេល​យប់។ យប់​ហើយ​គេង​ទៅ!
-គេង? បង​ជា​អ្នក​ធ្វើ​ឱ្យ​អូន​ភ្ញាក់ គួរ​តែ​ធ្វើ​អ្វី​ម្យ៉ាង​​ដើម្បី​លុបលាង​ទោស​សិន!
-បង​ឯង​ខូច​ណាស់។
……………………………………..
ពេល​នៅ​កំលោះ​ខ្ញុំ​អ្វី​ក៏​កាលីប​ក្រោម​ពួកម៉ាក​ដែរ ប៉ុន្តែ​រៀបការ​ហើយ​ខ្ញុំ​កាលីប​លើ​ដាច់​វិញ ប្រពន្ធ​ខ្ញុំ​ក្មេង​ហើយ​មាន​ចរិត​ស្លូតបូត​ចេះ​ដឹង​ នាង​ជា​ស្រី​ស្អាត​នៅ​ឌឺប៉ាទីម៉ង់​ទីផ្សារ​របស់​ក្រុមហ៊ុន Int.Trading Corp។ ម៉ាក់​ក្មេក​ចង​ដៃ​ការ​​ខ្ញុំ​ផ្ទះ​មួយ​ល្វែង និង​សោហ៊ុយ​ទៅ​ក្រេប​ទឹកឃ្មុំ​​នៅ​​សិង្ហបុរី​៣​ថ្ងៃ។ ក្រោយ​រៀបការ​បី​ខែ​ក្រុមហ៊ុន​​លើក​ទឹក​ចិត្ត​ខ្ញុំ​ក្នុង​នាម​ជា​បុគ្គលិក​ឆ្នើម​ប្រចាំ​ឆ្នាំ​ដោយ​ផ្ដល់​សិទ្ធិ​ឱ្យ​ខ្ញុំ​នៅ​Apartment មួយ​ឆ្នាំ​ហ្វ្រី​ទាំង​ទឹក​ទាំង​ភ្លើង ​និយាយ​ថា​ហ្វ្រី​មួយ​ចប់​ទើប​ត្រូវ។ ថា​នេះ​ជា​សំណាង​ក៏​បាន ថា​មក​ពី​ខ្ញុំ​រៀន​ពូកែ​ធ្វើ​ការ​ល្អ ហើយ​បូក​នឹង​រូប​សង្ហា​ទៀត​ក៏​ត្រូវ​ដែរ​។
ខ្ញុំ​មាន​និស្ស័យ​មិន​ល្អ​មួយ​គឺ​​ពូកែ​ចែចង់​ស្រីៗ ប្រពន្ធ​ខ្ញុំ​ក៏​ដឹង​រឿង​នេះ​ដែល​ពេល​ខ្ញុំ​នៅ​កំលោះ​តែ​នាង​ព្រម​ទទួល​ស្នេហ៍​ស្មោះ​របស់​​ខ្ញុំ​ទើប​យើង​បាន​រៀបការ ប៉ុន្តែ​ដោយសារ​តែ​និស្ស័យ​ពី​កំលោះ​របស់​ខ្ញុំ​មិន​សូវ​ល្អ អញ្ចឹង​ហើយ​ទើប​ក្រោយ​រៀបការ​រួច​ប៉ុន្មាន​ខែ​ហើយ ​ខ្ញុំ​ចេះ​តែ​យល់សប្ដិ​ឃើញ​ប្រពន្ធ​តាម​ទាន់​ពេល​ខ្ញុំ​កំពុង​ចែចង់​ស្រីៗ។ ប៉ុន្តែ​តាម​ពិត​ទៅ​នោះ​ជា​រឿង​មុន​រៀបការ​ទេ ពេល​ខ្ញុំ​រៀបការ​ហើយ​​ខ្ញុំ​ស្រលាញ់​ប្រពន្ធ​ខ្ញុំ​ខ្លាំង​ណាស់ ខ្ញុំ​តាំង​ចិត្ត​ថា​មិន​រវល់​រឿង​ស្រីៗ​ទៀត​ទេ មិន​មែន​ព្រោះ​តែ​ស្រី​ដែល​ខ្ញុំ​ធ្លាប់​ខូចខិល​ជាមួយ​​ស្អាត​មិន​បាន​៣០%​ប្រពន្ធ​ខ្ញុំ​នោះ​ទេ ប៉ុន្តែ​គឺ​ដោយសារ​ខ្ញុំ​មិន​ចង់​ឱ្យ​មាន​ស្នាម​ល្អក់កករ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍ និង​ស្នេហា​ដ៏​ផូរផង់​នេះ។
ទីបំផុត​យើង​សម្រេច​រើ​ទៅ​នៅ Apartment 69
​ព្រឹក​ថ្ងៃ​អាទិត្យ​បុគ្គលិក​ក្រុមហ៊ុន​ទទួល​រើ​ផ្ទះ​បាន​ដាក់​ឥវ៉ាន់​ពួក​យើង​ដល់ ​Apartment 69 រួចរាល់ ការ​រៀបចំ​ឥវ៉ាន់​ឱ្យ​ត្រូវ​តាម​កន្លែង​ជា​ភារកិច្ច​របស់​ពីរ​នាក់​ប្ដី​ប្រពន្ធ​ខ្ញុំ។ ឥវ៉ាន់​ប្ដី​ប្រពន្ធ​ថ្មោងថ្មី​មិន​ច្រើន​ទេ​ រៀប​មិន​ដល់​ពីរ​​ម៉ោង​ផង​ក៏​រួច​ជា​ស្រេច តែ​ទោះ​ជា​ម៉ាស៊ីន​ត្រជាក់​បាញ់​ចំហាយ​មក​នៅ​កម្រិត​១៦​អង្សា​ជាប់​យ៉ាង​ណា ​ខ្ញុំ​​នៅ​តែ​​សើម​ញើស​ស្អិត​ខ្លួន​តិចៗ​ក៏​ដោះ​អាវ​យឺត​ចេញ​អង្គុយ​លើ​គ្រែ​បង្ហាញ​ល្វែង​លើ​​បង្អួត​សាច់ដុំ​ដាក់​ប្រពន្ធ​ខ្ញុំ។
មិន​ខុស​គ្នា​ទេ​ អូនវី ដោះ​អាវ​ក្រៅ​ព្យួរ ហើយ​ដើរ​ទៅ​ឱន​បើក​​ទូទឹកកក​ ចោល​រាង​ដ៏​សិច​ស៊ី​ឱ្យ​ខ្ញុំ​គន់​ពី​ក្រោយ​ដូច​ចង់​មិន​ស្រួល​ខ្លួន​ទាំង​ព្រឹក។ មើល​ចុះ! អាវ​កាក់​ពណ៌​ស​វាល​លើ​ខើច​ក្រោម​បង្ហាញ​ចង្កេះ​ស​ម៉ដ្ឋ​​រលោង​ដូច​ស្រទាប់​ទី​៧​នៃ​បទុម​​បុប្ផា ខោវប៊យ​រឹប​រាង​បង្អួត​ត្រគាក​មូល​ក្បំ​ បង្ខំ​ប្ដី​ក្បាល​ខួច​ឱ្យ​គិត​ដល់​រឿង​ផ្ដេសផ្ដាស។ អូនវី ទាញ​ទឹក​សុទ្ធ​ដប​ខ្លី​ពីរ​ដប​ដើរ​សំដៅ​មក​​ខ្ញុំ​​​ដែល​​កំពុង​លាត​ដៃ​ទាំង​ពីរ​ច្រត់​ទៅ​ក្រោយ​រង់ចាំ​ឱ្យ​រាង​ដ៏​សិច​ស៊ី​រំកិល​មក​ជិត។
អូនវី ហុច​ទឹក​មួយ​ដប​មក​ខ្ញុំ ហើយ​នាង​ក៏​មួល​គម្រប​ដប​​របស់​នាង​ឈរ​លើក​អក​នៅ​ចំពោះ​មុខ​ខ្ញុំ រន្ធ​ផ្ចិត​ដ៏​សិច​ស៊ី​សម្លឹង​មក​ខ្ញុំ​យ៉ាង​ក្រអឺតក្រទម​ ក្បាល​ពោះ​ស​ម៉ដ្ឋ​ខៃ​ញញឹម​ឌឺ​មក ខ្ញុំ​ទម្លាក់​ដប​ទឹក​ទៅ​ម្ខាង​រួច​ឈោង​ទៅ​ក្រសោប​ចង្កេះ​ទាញ​នាង​មក​ជិត ខ្ញុំ​​ឱន​ក្បាល​ដាក់​នាសា​ទៅ​ផ្អឹប​នឹង​ពោះ​ស្រង់​ក្លិន​ប្រាណ​ប្រពន្ធ​សំណព្វ​របស់​ខ្ញុំ​​ដោយ​មិន​ខ្វល់​ពី​សំណើម​ញើស​ស្អិតៗ​របស់​នាង។
-បាន​ហើយ! បង​ឯង​មិន​ធុំ​ក្លិន​ញើស​ទេ​អី? ខូច​ណាស់។
-ញើស? អត់​មាន​ធុំ​ទេ បើ​ទោះ​ជា​អូន​បែកញើស​ច្រើន​ជាង​នេះ ក៏​ក្លិន​ញើស​មិន​អាច​តតាំង​នឹង​ក្លិន​ខ្លួន​ដ៏​ពិដោរ​របស់​អូន​បាន​ដែរ។
-កុំ​ពូកែ​វោហារ​ពេក! អូន​ទៅ​ងូត​ទឹក​ហើយ។
តាម​អំណាច​ចិត្ត​របស់​ខ្ញុំ​គឺ​មិន​អាច​លែង​ដៃ​ពី​ចង្កេះ​នាង​ទេ ប៉ុន្តែ​នាង​ធ្វើ​មុខ​ក្នាញ់​ហើយ​ប្រើ​ដៃ​ទាំង​ពីរ​រុញ​ខ្ញុំ​ឱ្យ​ផ្ងាក​មក​ក្រោយ រួច​ដើរ​ទៅ​ទាញ​កន្សែង​ពោះគោ​ចូល​បន្ទប់​ទឹក​បាត់​ទៅ។ ចុង​សប្ដាហ៍​របស់​ប្ដី​ប្រពន្ធ​រៀបការ​មិន​ទាន់​បាន​កន្លះ​ឆ្នាំ​របស់​ខ្ញុំ​នេះ​តែង​តែ​ផ្អែម​ល្ហែម​រហូត​មក។ ម៉ាស៊ីន​ត្រជាក់​សម្ងួត​ញើស​និង​បបោស​អង្អែល​រហូត​ខ្ញុំ​ត្រូវ​ទាញ​ភួយ​មក​ដើម្បី​បំបាត់​ភាព​ត្រជាក់​រង់ចាំ​អូនវី​ ចេញ​ពី​បន្ទប់​ទឹក​​វិញ។
អូនវី ចេញ​ពី​បន្ទប់​ទឹក​ក្នុង​សភាព​ដូច​ខ្ញុំ​ធ្លាប់​រង់ចាំ​នាង​រាល់​ដង​គឺ​ចងពុង​កន្សែងពោះ​គោ​ខើច​លើ​ខើច​ក្រោម​បង្អួត​ដៃ​ជើង​ស​ស្រលូន​ភ្លឹង​មើល​ស្ទើរ​មិន​ដឹង​ថា​ជង្គង់​ និង​កែងដៃ​នៅ​ត្រង់​ណា។ អូនវី ញញឹម​ដើរ​សំដៅ​មក​គ្រែ​​រុល​ចូល​ក្រោម​ភួយ ហើយ​វាចា​ស្រាលៗ៖
-អូន​សុំ​គេង​មួយ​ភ្លែត ចាំ​ម៉ោង​១២​អូន​ក្រោក​ចម្អិន​អាហារ។
អូយ! ខ្ញុំ​ដាច់​ផ្ងារ​តូង ព្រោះ​មិន​ដូច​ការ​រំពឹង​ទុក​របស់​ខ្ញុំ​ទេ ហើយ​នេះ​គឺ​ជា​លើក​ទី​មួយ​ដែល​ខ្ញុំ​ឃើញ និង​ស្ដាប់​នាង​និយាយ​ស្រាល​ហាក់​ល្ហិតល្ហៃ​យ៉ាង​នេះ។ នាង​គេង​បែរ​ខ្នង ​ខ្ញុំ​មិន​ហ៊ាន​ជ្រួលច្រាល់​ខុស​របៀប​ទេ គ្រាន់​តែ​កាន់​ស្មា​ហើយ​ឱន​ទៅ​ថើប​ក្បាល​នាង​បន្តិច​ រួច​ក៏​ចុះ​ទៅ​ទាញ​កន្សែងពោះគោ​ចូល​បន្ទប់​លាង​ជម្រះ​ខ្លួន​ដែរ។
………………………………………………………
ក្លិន​បន្ទប់​ទឹក​ក្រអូប​ប្លែក​ខុស​ទម្លាប់​ច្រមុះ​ខ្ញុំ ខ្ញុំ​បង្វិល​កុងតាក់​កម្ដៅ​ទឹក​ផ្កា​ឈូក​ឱ្យ​ក្ដៅ​អ៊ុនៗ ហើយ​រុល​ចូល​ក្រោម​ទឹក​ដែល​បាចសាច​មក​ដោយ​មាន​កម្ដៅ​ល្មម​នឹង​អាច​បិទ​ភ្នែក​បណ្ដែត​អារម្មណ៍​ទៅ​តាម​តំណក់​ទឹក​ដែល​រមៀល​ធ្លាក់​ប្រលែង​នឹង​រាងកាយ​ខ្ញុំ​ពី​ចុង​សក់​ដល់​ចុង​ជើង​ហាក់​​កំពុង​លួងលោម​ខ្ញុំ​ឱ្យ​ស្ងប់​អារម្មណ៍​ដែល​ខក​បំណង​មុន​នេះ​បន្តិច។ ប៉ុន្តែ​បន្តិច​ក្រោយ​មក​ខ្ញុំ​ដូច​ជា​មិន​ច្បាស់​ពី​ស្មារតី​ខ្លួន​ឯង ហាក់​រវើរវាយ អណ្ដែត​អណ្ដូង​ ស្រើបស្រាល រក​ស្មាន​មិន​ត្រូវ តែ​ខ្ញុំ​​ច្បាស់​ថា​ខ្ញុំ​កំពុង​ទទួល​អារម្មណ៍​ដ៏​សែន​រោលរាល​។
ខ្ញុំ​បណ្ដោយ​អារម្មណ៍​ឱ្យ​ពុះ​កញ្ជ្រោល​ទៅ​តាម​អំណាច​ចំណង់​ដ៏​ក្ដៅ​រោលរាល​នោះ មិន​លឿន​ជាង​ប្រាំ​នាទី​ទេ ទើប​ខ្ញុំ​អាច​ចេញ​ពី​ភាព​ស្រពិចស្រពិល​នោះ​បាន ហើយ​អាច​គ្រប់គ្រង​ស្មារតី​​ខ្លួន​ឯង ​តែ​ក៏​ដឹង​ថា នោះ​គឺ​ក្រោយ​ពី​ខ្ញុំ​បាន​ជួយ​ខ្លួន​ឯង​រួច​ទៅ​ហើយ។ ខ្ញុំ​ងូត​ទឹក​បង្ហើយ ជូត​ខ្លួន​ និង​ស្លៀក​កន្សែង​ពោះ​គោ​ចេញ​មក​ក្រៅ​វិញ ខ្ញុំ​មិន​សូវ​ជា​ចម្លែក​ក្នុង​ចិត្ត​ទេ ព្រោះ​ខ្ញុំ​ក៏​ធ្លាប់​ជួយ​ខ្លួន​ឯង​បែប​នេះ ហើយ​ណា​មួយ​មុន​នេះ​ខ្ញុំ​មាន​អារម្មណ៍​ក្នាញ់​ប្រពន្ធ​ខ្ញុំ​ផង។
ខ្ញុំ​សសៀរ​ឡើង​គ្រែ​ពី​គែម​ម្ខាង​ ហើយ​ទាញ​ភួយ​មក​ដណ្ដប់​គេង​ផ្អៀង​បែរ​មុខ​រក​អូន​វី តែ​មិន​ឱ្យ​ប៉ះ​​នាង​ទេ​ព្រោះ​ខ្លាច​ធ្វើ​ឱ្យ​នាង​ភ្ញាក់។
………………………………………………………..
ក្លិន​ឈ្ងុយ​ឆួល​មក​ប៉ះ​ច្រមុះ​ភ្ញោច​ខ្ញុំ​ឱ្យ​ឃ្លាត​ពី​ការ​លង់លក់​ទាំង​ព្រឹក​ដែល​មិន​គួរ​ឱ្យ​ជឿ​ខ្លួន​ឯង គឺ​ក្លិន​ឆា​សាច់​គោ​និង​ខាត់ណា​ដើម​ជា​ម្ហូប​ពិសេស​របស់​ខ្ញុំ។ ខ្ញុំ​ងាក​ទៅ​មើល​នាឡិកា​ព្យួរ​ជញ្ជាំង​នៅ​​ខាង​ឆ្វេង​គ្រែ….ពុទ្ធោ! ម៉ោង​១២​កន្លះ! ខ្ញុំ​គេង​តាំង​ពី​ម៉ោង​១០​កន្លះ​មក។ ខ្ញុំ​នឹក​អស់​សំណើច​ខ្លួន​ឯង គ្រាន់​តែ​រៀប​ឥវ៉ាន់​និង​ជ្រុល​ធ្វើ​ការងារ​ក្បត់​ក្នុង​បន្ទប់​ទឹក​បន្តិច​ត្រូវ​គេង​អស់​ពីរ​ម៉ោង។ ខ្ញុំ​ក្រោក​អង្គុយ​ហើយ​ពោល​ទៅ​កាន់​អូនវី៖
-អូន​ក្រោក​យូរ​ហើយ?
-អត់​ទេ! មិន​ទាន់​បាន​កន្លះ​ម៉ោង​ទេ។ បង​ទៅ​លុបមុខ​ទៅ​នឹង​អាល​មក​ញ៉ាំ​បាយ។
-អូខេ! តែ​បង​ក្រោក​មិន​រួច​ទេ អូន​ជួយ​មក​ផ្ដល់​ផូវើរ៍​ឱ្យ​បង​បន្តិច​មើល៍!
-អត់​ទេ។ អូន​រៀប​បាយ បង​មក​យក​ផូវើរ៍​បង​ដោយ​ខ្លួន​ឯង​ទៅ។
ខ្ញុំ​ក្រោក​ទៅ​ក្រសោប​ចង្កេះ​នាង ឱន​ថើប​ថ្ពាល់​នាង​ស្រាលៗ៖
-ហឹម!!!! អូន​ដឹង​ទេ​ថា នៅ​លើ​លោក​នេះ​ក្លិន​អ្វី​អស្ចារ្យ​ជាង​គេ?
-ក្លិន​អ្វី​ទៅ?
-គឺ​ក្លិន​ថ្ពាល់​ប្រពន្ធ​បង! បង​ជា​បុរស​មាន​សំណាង​ជាង​គេ​លើ​លោក​នេះ។
-ទៅ​លុប​មុខ​ទៅ! បាន​ហើយៗៗ….. អូន​ឃ្លាន​បាយ​ហើយ។
-ទូល​បង្គំ​ទៅ​ហើយ ម្ចាស់ក្សត្រី!!!!
ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​ហើយ​ពួក​យើង​ទៅ​លេង​​ម៉ាក់​នៅ​ហាង​លក់​សំលៀកបំពាក់​គាត់​​មួយ​សន្ទុះ​ធំ​ ទើប​ចេញ​ឡាន​ទៅ​លេង​ជាយ​ក្រុង។ បើ​មើល​ពីរ​នាក់​ប្ដី​ប្រពន្ធ​ខ្ញុំ​ដើរ​លេង​និង​ប្រលែង​គ្នា​គ្មាន​នរណា​ដឹង​ថា ខ្ញុំ​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​ទេ​ប្រាកដ​ជា​ថា​គូ​សង្សារ​មិន​ខាន។ ពួក​យើង​ញ៉ាំ​អាហារ​ពេល​ល្ងាច​នៅ​ខាង​ក្រៅ ហើយ​ទៅ​ចត​ឡាន​ចុះ​ស្រូប​ខ្យល់​អាកាស​នៅ​កោះ​ពេជ្រ​រហូត​ម៉ោង​ជិត​៨​យប់​ទើប​ត្រលប់​ទៅ​Apartment។
អារម្មណ៍​ស្រស់ស្រាយ​ដែល​បាន​មក​ពី​ថ្ងៃ​ចុង​សប្ដាហ៍​របស់​ពួក​យើង​គឺ​ដូច​សព្វ​មួយ​ដង​ យើង​ញោះ​គ្នា​លេង​សូម្បី​ក្នុង​ជណ្ដើរ​ប្រអប់។ បរិយាកាស​នៅ​លើ​អគារ​ខ្ពស់​ដែល​ឃើញ​ក្រុង​ភ្នំពេញ​ស្ទើរ​គ្រប់​ចំណុច​នេះ​ពិត​ជា​ស្រស់​ថ្លា​ណាស់​ ឈរ​លេង​នៅ​វ៉េរ៉ងដា​មុខ​បន្ទប់​បន្តិច​ពួក​យើង​ក៏​ចូល​ក្នុង។ តាម​ទម្លាប់​គឺ​អូនវី ជា​អ្នក​ចូល​ងូត​ទឹក​មុន ពេល​នេះ​ក៏​មិន​ផ្លាស់​ប្ដូរ​​ដែរ។ ខ្ញុំ​អង្គុយ​មើល​បាល់​ទាត់​លីក​កំពូល​របស់​អ៊ីតាលី​ដែល​ផ្សាយ​ផ្ទាល់​មុន​គេ​មួយ​គូ​​ដោយ​បើក​សំឡេង​តិចៗ ខ្ញុំ​មិន​ផ្ដោត​អារម្មណ៍​ខ្លាំង​​លើ​ការ​ប្រកួត​ទេ​ព្រោះ​ខ្ញុំ​មិន​សូវ​ស្គាល់​កីឡាករ​នៅ​ Series A បន្តិច​ក្រោយ​មក​ខ្ញុំ​ដូច​ជា​ទទួល​បាន​សំឡេង​ពី​ក្នុង​បន្ទប់​ទឹក…..ពិត​មែន​ហើយ​គឺ​សំឡេង​អូនវី បើ​ទោះ​ជា​មិន​គ្រលរ​មក​ខ្លាំង ​ប៉ុន្តែ​ពេល​ខ្ញុំ​បន្ថយ​សំឡេង​ទូរទស្សន៍​បន្តិច​ទៀត​ សំឡេង​មក​ពី​ក្នុង​បន្ទប់​ទឹក​ឮ​កាន់​តែ​ច្បាស់….ប្រាកដ​ណាស់​គឺ​ប្រពន្ធ​ខ្ញុំ​បន្លឺ​សំឡេង​ល្វើយៗ​ពី​ក្នុង​បន្ទប់​ទឹក​មក​មែន។ ខ្ញុំ​ទ្រាំ​នឹង​ចម្ងល់​នេះ​មិន​បាន​ក៏​ក្រោក​ទៅ​ដាក់​ត្រចៀក​ផ្អឹប​នឹង​ទ្វារ ពុទ្ធោ!!!! ប្រពន្ធ​ខ្ញុំ​បន្លឺ​សំឡេង​ស្រើបស្រាល​កាន់​តែ​ច្បាស់​ទៅៗ នាង​ហាក់​មិន​ខ្លាច​ខ្ញុំ​នៅ​ខាង​ក្រៅ​ឮ​សោះ។
ខ្ញុំ​មិន​ហ៊ាន​គោះ​ទ្វារ​ព្រោះ​គិត​ថា ​មិន​សម ​ណា​មួយ​ពេល​នាង​បើក​ទ្វារ​​មក​ក៏​ខ្ញុំ​នឹក​មិន​ឃើញ​ថា ត្រូវ​សួរ​នាំ​យ៉ាង​ម៉េច​ដែរ។ ខ្ញុំ​ដូច​ជា​អៀន​ខ្លួន​ឯង​ព្រោះ​សំឡេង​បែប​នេះ​ទោះ​ជា​ខ្ញុំ​ធ្លាប់​ស្ដាប់​ តែ​ក៏​មិន​រោលរាល​យ៉ាង​នេះ​ដែរ។ ខ្ញុំ​ថយ​ក្រោយ​ខ្សាក​ទៅ​អង្គុយ​មើល​បាល់​ទាត់​វិញ ដោយ​ដំឡើង​សំឡេង​ឱ្យ​កាន់​តែ​ខ្លាំង ព្រោះ​មិន​ចង់​ឱ្យ​សំឡេង​នោះ​មក​ប៉ះ​ត្រចៀក​ខ្ញុំ ណា​មួយ​មិន​ចង់​ឱ្យ​អូន​វី ចេញ​មក​វិញ​ចាប់​អារម្មណ៍​ថា ខ្ញុំ​បាន​ឮ​នាង​បន្លឺ​សំឡេង​នេះ​ទេ។
អូន​វី ចេញ​ពី​បន្ទប់​ទឹក​វិញ​ស្លៀក​កន្សែងពោះគោ​អួត​រាង​សិច​ស៊ី​របស់​នាង​ដាក់​ខ្ញុំ​ដូច​រាល់​លើក ទឹក​មុខ​នាង​ដូច​ជា​ល្វើយ ងាក​មក​ញញឹម​ស្ងួត​ដាក់​ខ្ញុំ ហើយ​បន្លឺ​សំឡេង​ខ្លាំង​តែ​ស្រាល​៖
-បង​បើក​សំឡេង​ទូរទស្សន៍​ខ្លាំង​ម៉េះ?
ខ្ញុំ​តប​នាង​មិន​ទាន់​​ អូនវី ដើរ​សំដៅ​ទូ​ខោអាវ​ទាញ​ឈុត​គេង​មក​ស៊ក​។ ខ្ញុំ​ឃើញ​ទឹក​មុខ​នាង​ដូច​ជា​ហី មិន​បង្ហាញ​មន្ទិល ឬ​​ភាព​អៀនប្រៀន​អ្វី ខ្ញុំ​ក៏​ក្រោក​ទៅ​ទាញ​កន្សែង​ពោះ​គោ​ចូល​ងូត​ទឹក។ មុន​នឹង​បើក​ទ្វារ​បន្ទប់​ទឹក​ខ្ញុំ​ដូច​ជា​ញញើត ព្រោះ​នឹក​ឃើញ​ដល់​អារម្មណ៍​កាល​ពី​ព្រឹក….. “ឈុនលៀង! តិច​ក្រែង​ព្រឹក​មិញ​ឯង​បន្លឺ​សំឡេង​ដូច​អូនវី​ទេ​ដឹង​ បាន​ជា​នាង​ធ្វើ​បែប​នេះ​ដើម្បី​ឱ្យ​ឯង​ដឹង​ថា នាង​អន់​ចិត្ត”។
ខ្ញុំ​រារែកៗ​នៅ​មុខ​បន្ទប់​ទឹក អូន​វី ដើរ​មក​ឱប​ខ្ញុំ​ពី​ក្រោយ នាង​អង្អែល​​ក្បាលពោះ​ខ្ញុំ​លេង យក​ថ្ពាល់​មក​កកិត​នឹង​ខ្នង​ខ្ញុំ ហើយ​បន្លឺ​សំឡេង​ដ៏​ស្រទន់​របស់​នាង​ឡើង៖
-ឆាប់​ងូត​ទឹក​ទៅ បង​អស់​កម្លាំង​ហើយ ប្រយ័ត្ន​ស្អែក​ក្រោក​ទៅ​ធ្វើ​ការ​មិន​ទាន់។
ខ្ញុំ​ងាក​មក​ថើប​នាង​ ក្រសោប​ចង្កេះ​នាង​យ៉ាង​ណែន ហើយ​ឱន​ទៅ​ខ្សឹប​ដាក់​ត្រចៀក​នាង​តិចៗ៖
-វី បង​ស្រលាញ់​អូន​ខ្លាំង​ណាស់។
-អូន​ក៏​ស្រលាញ់​បង​ខ្លាំង​ដូច​គ្នា។
ខ្ញុំ​បន្ត​ថើប​ថ្ពាល់​ម៉ដ្ឋ​រលោង​របស់​នាង ហើយ​បង្ហួស​មក​ក​បន្តិច ខ្ញុំ​ដើរ​ដោល​នាង​ទៅ​ក្រោយ​បំណង​ឱ្យ​ទៅ​ដល់​គ្រែ ប៉ុន្តែ​បាន​ពាក់​កណ្ដាល​ផ្លូវ អូន​វី ប្រឡេះ​ដៃ​ខ្ញុំ​ពី​ចង្កេះ ​ផ្ងាក​ខ្លួន​​ទៅ​ក្រោយ​បន្តិច​ ហើយ​​ងើយ​សម្លឹង​​មុខ​ខ្ញុំ នាង​បង្ហើរ​វាចា​៖
-ប្ដី​សម្លាញ់​អូន​ជា​ស្រី​មាន​សំណាង​ជាង​គេ​ក្នុង​លោក​នេះ​ដែល​បាន​រួម​ដំណើរ​ជីវិត​ដ៏​ផ្អែមល្ហែម​ជា​មួយ​បង ហើយ​អូន​សង្ឃឹម​ថា​បង​នឹង​រក្សា​ជីវិត​ដ៏​ផ្អែម​ល្ហែម​នេះ​ឱ្យ​ស្ថិតស្ថេរ​រហូត​ទៅ។
ខ្ញុំ​មិន​និយាយ​ត គ្រាន់​តែ​ញញឹម​យ៉ាង​ស្រស់​ហើយ​ថើប​នាង​បន្ត​ទៀត។
-បាន​ហើយ បង​ចូល​ងូត​ទឹក​ទៅ​។
ខ្ញុំ​ថើប​នាង​មួយ​ខ្សឺត​ទៀត​ទើប​ថយ​ក្រោយ​ទៅ​បន្ទប់​ទឹក​វិញ។
……………………………………..
ខ្ញុំ​បើក​ទ្វារ​បន្ទប់​ទឹក​ដើរ​ចូល​ដោយ​មិន​ស្រណុក​ក្នុង​ចិត្ត ខ្ញុំ​ទាញ​ទ្វារ​បិទ​ហើយ​ពង្រឹង​ស្មារតី​ដោយ​ដក​ដង្ហើម​វែងៗ រួច​សម្លឹង​មុខ​ខ្លួន​ឯង​ក្នុង​កញ្ចក់។ មិន​មាន​អារម្មណ៍​ចម្លែក​អី​ទេ ខ្ញុំ​ញញឹម​ដាក់​កញ្ចក់​ហើយ​ដើរ​ទៅ​មួល​រ៉ូប៊ីនេ​ទឹក​ផ្កា​ឈូក​ដែល​អូនវី ដាក់​យក​កម្ដៅ​ល្មម​ស្រាប់​ហើយ។ ទឹក​ផ្កាឈូក​បាច​សាច​លើ​ខ្លួន​ប្រាណ​ខ្ញុំ អារម្មណ៍​រវើរវាយ​ចាប់​ផ្ដើម​កើត​ឡើង​ ខ្ញុំ​ហាក់​មិន​អាច​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង​បាន វា​មិន​មែន​ជា​ការ​គេង​លក់​ទេ​គឺ​ខ្ញុំ​ដឹង​ថា​ខ្លួន​ឯង​កំពុង​ងូត​ទឹក​យ៉ាង​ច្បាស់។ ​ខ្ញុំ​ហាក់​មិន​អាច​បញ្ជា​ខ្លួន​ប្រាណ​​បាន អារម្មណ៍​រំភើប​ត្រេកត្រអាល​ចាប់​ផ្ដើម​ពុះកញ្ជ្រោល​កាន់​តែ​ខ្លាំង​ ខ្ញុំ​បាត់បង់​ម្ចាស់​ការ​ទាំង​ស្រុង មិន​ច្បាស់​ថា​ខ្លួន​ឯង​កំពុង​ធ្វើ​អ្វី​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​​ដឹង​ថា​ខ្លួន​កំពុង​សោយ​កាមារម្មណ៍​ដ៏​ត្រេកត្រអាល​បំផុត។
ខ្ញុំ​ភ្ញាក់​ស្មារតី​មក​វិញ​ដោយ​ឈ្លក់​ទឹក​ដែល​សាច​ចូល​ច្រមុះ​​ ខ្ញុំ​កណ្ដាស់​បី​បួន​ឃូស​លូក​ដៃ​ទៅ​មួល​រ៉ូប៊ិនេ​បិទ​ ច្បូត​ទឹក​សម្អាត​ពី​មុខ​ សម្រួល​ស្មារតី​បន្តិច ទើប​ខ្ញុំ​ដឹង​ថា​មិន​ខុស​កាល​ពី​ព្រឹក​នោះ​ទេ ខ្ញុំ​បាន​សម្រេច​ចំណង់​ដោយ​ខ្លួន​ឯង​ក្រោម​ទឹក​ផ្កា​ឈូក​យ៉ាង​រោលរាល​ ហើយ​មិន​ដឹង​ខ្លួន​ច្បាស់​ថា បាន​បន្លឺ​សំឡេង​ឱ្យ​ប្រពន្ធ​ខ្ញុំ​ឮ​ដូច​អាការៈ​ដែល​នាង​នៅ​ក្នុង​បន្ទប់​ទឹក​មុន​នេះ​ដែរ​ឬ​យ៉ាង​ណា​នោះ​ទេ។ ខ្ញុំ​ដូច​ជា​ស្លន់ស្លោ​ និង​រអា​​បន្ទប់​ទឹក​ក្នុង​ Apartment ដែល​ក្រុមហ៊ុន​ផ្ដល់​ឱ្យ​ខ្ញុំ​ស្នាក់​នៅ​មួយ​ឆ្នាំ​នេះ។
ខ្ញុំ​ងូត​ទឹក​បង្ហើយ​ក៏​បើក​ទ្វារ​ចេញ​មក​ក្រៅ​ដោយ​អារម្មណ៍​មួហ្មង​បំផុត ខ្ញុំ​ទៅ​បើក​ទូ​យក​សំលៀកបំពាក់​គេង​យប់​មក​ស៊ក​ដោយ​​អារម្មណ៍​ល្វើយៗ។ ខ្ញុំ​ទ្រោប​ឡើង​លើ​គ្រែ​ឃើញ​ប្រពន្ធ​ខ្ញុំ​គេង​លក់​យ៉ាង​សន្ធឹងសន្ធៃ ត្រូវ​ហើយ​បើ​ទោះ​ជា​មុន​នេះ​ខ្ញុំ​បន្លឺ​សំឡេង​មិន​គប្បី​ក៏​ប្រហែល​នាង​មិន​បាន​ស្ដាប់​ដែរ មើល​ចុះ! ម៉ោង​មិន​ទាន់​១០​ផង​អូនវី គេង​ក្នុង​សភាព​ដូច​ម៉ោង​២​យប់​ទៅ​ហើយ។ ខ្ញុំ​ក៏​ល្វើយ​ណាស់​ដែរ ដូច្នេះ​យប់​នោះ​យើង​គេង​មិន​កម្រើក​ដល់​ព្រឹក។
………………………………………………………….
មក​ដល់​កន្លែង​ធ្វើ​ការ​ ទូ មិត្ត​ស្និទ្ធស្នាល​របស់​ខ្ញុំ​ដើរ​សំដៅ​មក​តុ​ខ្ញុំ​ គេ​ញាក់​ភ្នែក​មក​ពី​ចម្ងាយ មក​ដល់​គេ​ទះ​ស្មា​ហើយ​ចំអក​ខ្ញុំ៖
-អីយ៉ា! យ៉ាង​ម៉េច​ហើយ​រាត្រី​ដំបូង​នៅ​ Apartment 69? ទឹក​មុខ​ដូច​ជា​ស្លក់​ដល់​ហើយ​វើយ! តែ​ថា​ឱ្យ​ក៏​មិន​កើត​ដែរ មើល​តែ​លេខ​បន្ទប់​ទៅ​ដឹង​ហើយ… ហាសហា!!!​
-លេខ​យ៉ាង​ម៉េច​ ទូ?
-កុំ​បាច់​មក​ធ្វើ​ពើ​អី​លោក​ប្រធាន ឈុនលៀង!
កំពុង​និយាយ​លេង​មិន​ទាន់​ដឹង​រឿង​ស្រួលបួល​អ្នក​ជំនឿ​ខាង​ហុងស៊ុយ​ចិន​លោក ជីសេង ក៏​មក​ដល់។ មិន​ទាន់​សួរ​នាំ​អី​ផង​គេ​ក៏​ចាប់​ចង្កា​ផ្ងើយ​មុខ​ខ្ញុំ​ឡើង​លើ ធ្វើ​មុខ​មាំ​បង្ហើប​ពាក្យ​៖
-ឈុនលៀង? ឯង​យ៉ាង​ម៉េច​ហ្នឹង? ទឹក​មុខ​មិន​ល្អ​ទេ។
-មាន​យ៉ាង​ម៉េច​វា! គឺ​ទើប​តែ​ផ្លាស់​ទៅ​នៅ​ Apartment 69 បាន​មួយ​យប់ ដោយសារ​បន្ទប់​លេខ​ហុងស៊ុយ​ល្អ ដូច្នេះ​ហើយ​ទើប​ស្លក់​មុខ​បន្តិច​ទៅ។
ជា​ធម្មតា​ខ្ញុំ​មិន​ដែល​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​ទស្សន៍ទាយ​លេង​របស់ ជីសេង នោះ​ទេ ប៉ុន្តែ​ថ្ងៃ​នេះ​ខ្ញុំ​ព្រលយ​ពាក្យ​​សួរ​គេ​លេង៖
-កុំ​ស្ដាប់​ ទូ និយាយ​ភាសា​ឆ្កួត​អី។ ហើយ​យ៉ាង​ម៉េច​លោក​គ្រូ​ចិនសែ​ មុខ​ខ្ញុំ​កើត​អី?
-មើល​ចុះ! ទឹក​មុខ​ឯង​ភ្លឺ​មួយ​ចំហៀង​ស្រអាប់​មួយ​ចំហៀង​ នេះ​ជា​ហុងស៊ុយ​មុខ​ដែល​១០០​ឆ្នាំ​កើត​មាន​លើ​មនុស្ស​មិន​លើស​បី​នាក់ គឺ​នៅ​ចំណុច​ទី​១០១១​នៃ​តម្រា។ មើល​កែវ​ភ្នែក​ឯង​ចុះ ឈុនលៀង វា​ពោរពេញ​ដោយ​កម្លាំង បង្ហាញ​ពី​មនុស្ស​ដែល​មាន​អំណាច បូក​នឹង​ផ្ទៃ​មុខ​ដែល​ជះ​ពន្លឺ​ពោរពេញ​ដោយ​ឥទ្ធិពល​ទៀត​នោះ បង្ហាញ​ថា​ឯង​ជា​មនុស្ស​មាន​រាសី​ខ្ពស់ ប៉ុន្តែ​ផ្ទៃ​​មុខ​ខាង​ឆ្វេង​បែរ​ជា​ស្រអាប់​បង្ហាញ​ពី​ក្ដី​មន្ទិល​និង​​ភាព​សៅហ្មង កែវ​ភ្នែក​ទាំង​គូ​ថ្វីបើ​ពោរពេញ​ដោយ​កម្លាំង​ដ៏​មហិមា​ ប៉ុន្តែ​មិន​បាន​ចែង​ចាំង​ពន្លឺ​តាម​អំណាច​នៃ​ប្រភព​នៃ​អានុភាព​របស់​​នេត្រា​ពី​ធម្មជាតិ​​ទេ ​បែរ​ជា​ស្រអាប់ និង​បង្ហាញ​ប្រាប់​មេឃ​និង​ដី​ពី​ភាព​មួហ្មង គឺ​ដូច​ជា​សុរិយា​ចន្ទ្រា​ដែល​ពោរពេញ​ដោយ​អំណាច​ខំ​បាចសាច​ពន្លឺ​សំដៅ​មក​បំភ្លឺ​សត្វ​លើ​ផែនដី ប៉ុន្តែ​ត្រូវ​ពពក​ខ្មួលខ្មាញ់​កក​ប្រួត​គ្នា​មក​បាំង​បិទ​ធ្វើ​ឱ្យ​ធរណី​មាន​ពន្លឺ​មិន​ត្រចះត្រចង់​។ នេះ​បញ្ជាក់​ថា ឯង​មាន​រាសី​ខ្ពស់ បូក​និង​សំណាង​ល្អ តែ​បាន​ជួប​គ្រោះ​មិន​មាន​ព្រាង​ទុក​ក្នុង​វាសនា​ដែល​ទេវតា​ចារ​មក បើ​ឯង​មិន​ប្រញាប់​រក​មធ្យោបាយ​ដោះ​ស្រាយ​ឱ្យ​បាន​មុន​ថ្ងៃ​១៥​កើត​ពេញបូណ៌មី​នេះ​ទេ ខ្លាច​តែ​សំណាង​ក្លាយ​ជា​គ្រោះ មង្គល​ក្លាយ​ជា​ឧបទ្រព។
ឈុនលៀង ឯង​កុំ​ថា​ខ្ញុំ​មាត់​ច្រើន​អី ប៉ុន្តែ​យល់​ថា​ឯង​ជា​មិត្ត​ស្និទ្ធស្នាល ​ខ្ញុំ​ឱ្យ​ឯង​រក​គេ​ទៅ​មើល​បន្ទប់​69 របស់​ឯង​នោះ​​ទៅ​។
ខ្ញុំ​ស្ដាប់​វា​ឡើង​ចំហ​មាត់​ធ្លុង ចំណែក​ទូ​ គេ​អស់​សំណើច​ក៏​និយាយ​ឌឺ​លេង៖
-ឈុនលៀង ឯង​មិន​បាច់​រក​គ្រូ​ណា​ទៅ​មើល​ទេ អញ្ជើញ​គ្រូ​ជីសេង​ ឱ្យ​ទៅ​មើល​ទៅ យើង​ធានា​ថា មុខ​ឯង​នឹង​ភ្លឺ​ទាំង​សង​ខាង កែវ​ភ្នែក​ចែងចាំង​ពន្លឺ​ដូច​កែវ​មុនី ពោរពេញ​ដោយ​អំណាច​និង​រាសី ជា​ជន​ដែល​ប្រសើរ​ជាង​គេ​ក្នុង​ជម្ពូ​ទ្វីប​មិន​ខាន។ ហាស​ហា! ស្ដាប់​គ្រូ​ចិនសែ​បន្ត​ទៅ​ខ្ញុំ​ទៅ​ជួប​អតិថិជន​ហើយ។
……………………………………………..
ពេល​ល្ងាច​ចេញ​ពី​ធ្វើ​ការ ខ្ញុំ​បើក​ឡាន​ទៅ​ទទួល​អូនវី នៅ​ក្រុមហ៊ុន​របស់​នាង​បណ្ដើរ​​ នឹក​ឃើញ​ដល់​ពាក្យ​របស់​ជីសេង​បណ្ដើរ ហើយ​ក៏​អស់​សំណើច​នឹង​សម្ដី​របស់ ទូ ​គេ​និយាយ​ត្រូវ​ហើយ​លេខ​69 គឺ​អាច​មាន​ន័យ​អាសអាភាស​នៅ​ក្នុង​ភាពយន្ត​កូន​ជ្រូក ប៉ុន្តែ​ការ​រស់​នៅ​ក្នុង​ជីវិត​ពិត​មិន​គួរ​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​បែប​នោះ​ទេ។ ទោះ​យ៉ាង​ណា រូបភាព​ដែល​ខ្ញុំ​ងូត​ទឹក​​ក្នុង​បន្ទប់​ទឹក Apartment 69 ចេះ​តែ​ធ្វើ​ឱ្យ​ខ្ញុំ​ព្រឺ​សម្បុរ ខ្ញុំ​រឹត​តែ​រសាប់រសល់​ពេល​នឹក​ដល់​សំឡេង​ប្រពន្ធ​ខ្ញុំ​ថ្ងួចថ្ងូរ​ក្នុង​បន្ទប់​ទឹក។ ខ្ញុំ​បញ្ជាក់​សួរ​ខ្លួន​ឯង “តើ​ជំនឿ​ហុងស៊ុយ​របស់​ជីសេង អាច​ក្លាយ​ជា​ការ​ពិត​ទេ? ១៥​កើត​ពេញបូណ៌មី​គឺ​នៅ​សល់​តែ​១២​ថ្ងៃ​ទៀត​ទេ ខ្ញុំ​គួរ​​ស្នាក់​នៅ​ Apartment 69បន្ត​ដោយ​មិន​ខ្វល់​ពី​អប្បិយជំនឿ ឬ​ត្រូវ​រក​អ្នក​ចេះ​ក្បួន​ចិនសែ​ទៅ​មើល​”។ ទៅ​ដល់​កន្លែង​ទទួល​អូនវី នាង​ដើរ​ញញឹម​មក​ពី​ចម្ងាយ​បង្ហាញ​ទឹក​មុខ​ស្រស់​ស្រាយ​ និង​រាង​ដ៏​​សិច​ស៊ី​ក្នុង​ឈុត​សំពត់​ខ្មៅ​​ខ្លី​​លើ​ជង្គង់​របស់​នាង។
……………………………………..
-វី អូន​មើល​មុខ​បង​មើល!
នាង​អើត​មើល​មុខ​ខ្ញុំ​ហើយ​សួរ៖
-មុខ​បង​យ៉ាង​ម៉េច?
-អូន​មើល​មើល៍ មាន​ប្លែក​អី​ទេ?
-មុខ​ស្អាត គឺ​សម​ជា​បុរស​សង្ហា​ដែល​គ្រប់​គ្នា​គួរ​តែ​ច្រណែន​អូន។
-បង​មិន​និយាយ​លេង​ទេ។ អូន​ពិនិត្យ​ឱ្យ​ច្បាស់​មើល មួយ​ចំហៀង​មុខ​ខាង​ស្ដាំ​និង​ខាង​ឆ្វេង​មាន​អ្វី​ប្លែក​គ្នា​ទេ?
-គ្មាន​អ្វី​ប្លែក​ទេ​ មុខ​នៅ​តែ​ស្រស់​សង្ហា​ដូច​អូន​មើល​រាល់​ថ្ងៃ។ បង​យ៉ាង​ម៉េច​ហ្នឹង?
-អត់​មាន​អី​ទេ។ ពួក​យើង​ញ៉ាំ​អាហារ​ពេល​ល្ងាច​នៅ​ក្រៅ​ទៅ​ល្អ​ទេ?
-បង​ទ្រាន់​នឹង​ម្ហូប​អូន​ធ្វើ​ហើយ​មែន​ទេ?
-មិនមែន​អញ្ចឹង​ទេ បង​គ្មាន​ថ្ងៃ​ទ្រាន់​នឹង​ម្ហូប​អូន​ចម្អិន​ទេ។ តែ​យប់​នេះ​បង​ចង់​ញ៉ាំ​អាហារ​ក្រោម​ពន្លឺ​ភ្លើង​​ស្រទន់ មាន​ភ្លេង​រ៉ូមេនទិក និង​ស្រា​ក្រហម។
-តាម​ចិត្ត​បង​ចុះ។
………………………………………………
ក្នុង​បន្ទប់​វីអាយភី​ក្រោម​ពន្លឺ​ដ៏​ស្រទន់ ខ្ញុំ​ព្យាយាម​និយាយ​ពាក្យ​ផ្អែមល្ហែម​ និង​បង្កើត​ភាព​ស្និទ្ធស្នាល​ជា​មួយ​អូន​វី ដូច​ជា​ពួក​យើង​ជា​សង្សារ​ថ្មោងថ្មី​។ ញ៉ាំ​ស្រា​ក្រហម​អស់​ពីរ​បី​កែវ​វង់ភក្ត្រ​ប្រៀប​ដួងខែ​ពេញ​បូណ៌មី​របស់​អូនវី រាយ​មន្ត​ស្នេហ៍​ឱ្យ​ខ្ញុំ​ចំពើប​ចិត្ត​ដូច​ទើប​នឹង​សុំ​ស្នេហ៍​នាង​ក្នុង​គ្រា​ដំបូង បបូរ​មាត់​សិចស៊ី​​កាន់​តែ​ក្រហម យូរៗ​ម្ដង​នាង​ខាំ​បបូរ​មាត់​ហើយ​ឈ្ងោក​មុខ​ចុះ​ដោយសារ​ក្នាញ់​នឹង​សម្ដី​ផ្អែម​របស់​ខ្ញុំ ហើយ​ងើប​មុខ​មក​សម្លឹង​ចំ​ភ្នែក​ខ្ញុំ​ដូច​បង្ហាញ​ពី​អារម្មណ៍​កំពុង​ប្រលោម​ស្នេហ៍​ជា​មួយ​ខ្ញុំ។
ខ្ញុំ​នឹក​ឃើញ​ដល់​ពាក្យ​របស់​ជីសេង ក៏​ខំ​សម្លឹង​កែវ​ភ្នែក​ទាំង​គូ​របស់​នាង​ក្រោម​ពន្លឺ​លឿង​ស្រទន់​ដ៏​រ៉ូមេនទិក ប៉ុន្តែ​ក្រៅ​ពី​ភាព​អន្លង់អន្លោច​ និង​មនោសញ្ចេតនា​ស្នេហា​ខ្ញុំ​មើល​មិន​ឃើញ​អ្វី​លើស​ពី​នោះ​ទេ។ អាហារ​ស្ទើរ​អស់​ពី​តុ​នៅ​ពេល​ស្រា​ក្រហម​មួយ​ដប​នៅ​សល់​តែ​​មួយ​កែវ​ចុង​ក្រោយ ខ្ញុំ​បោះ​​ដៃ​ឆ្វេង​ទៅ​កាន់​ដៃ​អូន​វី ឱ្យ​​នាង​ក្រោក​ដើរ​វាង​តុ​មក​អង្គុយ​លើ​ភ្លៅ​ខ្ញុំ។ នាង​អង្គុយ​​លើ​ភ្លៅ​បែរខ្នង ហើយ​ងើយ​សម្លឹង​មុខ​ខ្ញុំ។ ខ្ញុំ​ក្រសោប​​ថ្នម​ចង្កេះ​រាង​រៀវ​របស់​តូចតន់ ​ឱន​ថើប​ថ្ងាស​នាង​មួយ ហើយ​ទើប​ផ្អឹប​កេសា​កល្យាណី​នឹង​ដើម​ទ្រូង ខ្ញុំ​ខ្សឹប​នឹង​ត្រចៀក​មាសស្ងួន​ស្រាល​ស្ទើរ​ឮ​តែ​ខ្យល់៖
-វី ប្រពន្ធ​សម្លាញ់​! បង​ចង់​រស់​នៅ​ផ្អែមល្ហែម​បែប​នេះ​ជា​មួយ​អូន​ឱ្យ​បាន​ច្រើន​ឆ្នាំ​ទៀត​តាម​ដែល​យើង​អាច​នៅ​បាន។ បង​ចង់​នាំ​អូន​ទៅ​គ្រប់​កន្លែង​រ៉ូមេនទិក​ដែល​គូ​ស្នេហ៍​ក្នុង​លោក​ទៅ​សាង​អនុស្សាវរីយ៍។
-បង​មិន​គិត​ចង់​ធ្វើ​ឪពុក​គេ បង្កើត​គ្រួសារ​មួយ​ដែល​អ៊ូអរ​ទេ​ហ្អ៎?
-ចង់​! ប្រាកដ​ជា​ចង់។ ប៉ុន្តែ​បង​មិន​ទាន់​អាយុ​៣០​ផង ហេតុ​អី​យើង​មិន​ចាំ​ដល់​បង​អាយុ​៣៤​ឬ​៣៥ ហើយ​ប្រើ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ​រស់​នៅ​ជា​លលក​ញី​ឈ្មោល​ដែល​ហោះ​ហើរ​ចេញ​នា​ពេល​ព្រឹក​ស្វែង​រក​ចំណី ពេល​ល្ងាច​សាសង​ស្នេហ៍​ដ៏​ផ្អែម​ល្ហែម និង​ទៅ​គ្រប់​ទិសទី​ដែល​យើង​ចង់​ទៅ​ ទៅ?
-ឈុនលៀង! អូន​ស្រលាញ់​បង​លើស​កែវ​ភ្នែក​ទាំង​គូ ជាតិ​នេះ​មិន​ថា​បង​មាន​ប្រាថ្នា​អ្វី ចង់​ធ្វើ​អ្វី​ទៅ​ទីណា​​នោះ​ទេ អូន​មួយ​ជីវិត​នេះ​គឺ​តាម​បង​គ្រប់​យ៉ាង។
ឥទ្ធិពល​ស្រាល​ក្រហម​មួយ​ដប​បាន​ធ្វើ​ឱ្យ​បរិយាកាស​កាន់​តែ​ប្រសើរ ខ្ញុំ​មិន​គិត​ដល់​ Apartment ឬ​សម្ដី​នរណា​ទាំង​អស់​​ពេល​បាន​នែបនិត្យ​នឹង​កាយា​ដ៏​ក្រអូប​ប្រហើរ ទន់​ល្មើយ​របស់​អូន​វី។ ដាក់​ចង្កា​លើ​ស្មា​​នាង​ ពេល​ខ្លះ​ខ្ញុំ​លែង​ចង្កេះ​នាង​ ហើយ​សម្រូត​​បាត​ដៃ​ទាំង​ពីរ​លើ​ភ្លៅ​​ទាំង​ទ្វេ​របស់​នាង​ទៅ​ឱ្យ​ហួស​ជាយ​សំពត់​បន្តិច តែ​មិន​ធ្វើ​អ្វី​តាម​បង្គាប់​នៃ​​អំណាច​ចិត្ត​ដែល​កំពុង​ហោះ​ហើរ​​នោះ​ទេ ព្រោះ​យើង​ជា​ប្ដី​ប្រពន្ធ។ ម៉ោង​ជិត​៩​យប់​ទៅ​ហើយ​ពួក​យើង​ត្រូវ​ចេញ​មក​ផ្ទះ ជា​មួយ​នឹង​ជាតិ​សុរា​តិចៗ​នៅ​ក្នុង​ខ្លួន​បង្កប់​ដោយ​អារម្មណ៍​គ្នាន់ក្នាញ់​គ្នា។
………………………………………………………………..
ប្រភព ពីSabay
សូម​រង់ចាំតាមដាន​អាន​ភាគ​បញ្ចប់​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ…