កម្មករ SL1 បន្ត​តវ៉ា ដោយ​ឈាន​ ដល់​ការ​បិទ​ ផ្លូវ​មួយ​សន្ទុះ

8/19/2013 0 Comments A+ a-

ភ្នំពេញៈ កម្មករ​រាប់​ពាន់​នាក់​នៅ​រោងចក្រ SL1 ក្នុង​ខ័ណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ​បាន​បិទ​ផ្លូវ​លេខ ៣៧១​ ប្រមាណ​ជា​មួយ​ម៉ោង​ កាល​ពី​ព្រឹក​មិញ​នេះ​ បន្ទាប់​ពី​កម្មករ​ទាំង​នេះ​បាន​ធ្វើ​ការ​តវ៉ា​ទាមទារ​លក្ខខណ្ឌ​ការងារ​ចំនួន​ ៩ ចំណុច​ពី​រោងចក្រ​អស់​ជា​ច្រើន​ថ្ងៃ​មក​ហើយ។
លោក ស៊ុត សៀម មន្ត្រី​មក​ពី​សហជីព​ស៊ីខៅឌូ​ដែល​បាន​ចុះ​ទៅ​ជួយ​អន្តរាគមន៌​នៅ​រោងចក្រ​នេះ បាន​ឲ្យ​ដឹង​ថា កម្មករ​បាន​នាំ​គ្នា​ឈរ​នៅ​លើ​ផ្លូវ​លេខ ៣៧១ ដែល​ធ្វើ​ឲ្យ​ការ​ធ្វើ​ចរាចរណ៌​មាន​ការ​លំបាក​បន្តិច។
លោក​បាន​ថ្លែង​ថា៖ «កម្មករ​ខឹង​នឹង​ឡាន​ដឹក​អុស​របស់​រោងចក្រ​ដែល​បាន​ចត​នៅ​កន្លែង​ដែល​ពួកគេ​ធ្លាប់​ឈរ​តវ៉ា​រាល់​ថ្ងៃ ហើយ​ព្រឹក​មិញ​នេះ នៅ​ពេល​ដែល​ពួកគេ​មក​ ក៏​ឃើញ​ឡាន​ដឹក​អុស​ពីរ​ឈប់​នៅ​មុខ​រោងចក្រ នាំ​ឲ្យ​ពួកគេ​គ្មាន​កន្លែង​ឈរ ក៏​នាំគ្នា​ទៅ​ឈរ​នៅ​លើ​ផ្លូវ​ធំ​វិញ»។
កម្មករ​ជាង ៤០០០ នាក់ បាន​ធ្វើ​ការ​តវ៉ា​តាំង​ពី​ថ្ងៃ​អង្គារ​សប្តាហ៌​មុន​មក​ម្ល៉េះ ដោយ​បាន​ទាម​ទារ​ឲ្យ​ដក​កម្លាំង​សមត្ថកិច្ច​ដែល​ក្រុមហ៊ុន​បាន​ស្នើរ​មក​ការពារ​សុវត្ថិភាព​នៅ​ក្នុង​រោងចក្រ និង​សុំ​ឲ្យ​លោក​ឧញ៉ា មាស សុត្ថា ដែល​ជា​ម្ចាស់​ភាគ​ហ៊ុន​មួយ​រូប​នៅ​ក្នុង​ក្រុម​ហ៊ុន​នេះ​ចេញ សុំ​តម្លើង​ប្រាក់​ឈ្នួល​រហូត​ដល់ ១៥០ ដុល្លារ និង​ប្រាក់​អត្ថប្រយោជន៌​មួយ​ចំនួន​ទៀត។
ភាគី​រោងចក្រ​បាន​ធ្វើ​ការ​បដិសេធ​នូវ​ការ​ទាមទារ​របស់​កម្មករ ហើយ​បាន​ចោទ​ថា ការ​តវ៉ា​នេះ​គឺ​ជា​ការ​តវ៉ា​ខុស​ច្បាប់ និង​ជា​ការ​ញុះ​ញង់ និង​គំរាម​កំហែង​ពី​សំណាក់​សហជីព​ទៅ​លើ​កម្មករ។