យុវជន ៤ នាក់​ត្រូវ​បាន​ ចោទ​ប្រកាន់​ និង​ឃុំ​នៅ ព្រៃ ស

8/19/2013 0 Comments A+ a-

ភ្នំពេញៈ យុវជន ៤ នាក់​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ «ញុះញង់​ឲ្យ​ប្រព្រឹត្ត បទ​ឧក្រិដ្ឋ» កាល​ពី​ថ្ងៃ​សៅរ៍​ទៅ​តាម​អី្វ​ដែល​នគរបាល​បាន​អះអាង​ថា ក្រុម​នេះ មាន​ចេតនា​ញុះញង់​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ ធ្វើ​រដ្ឋ​ប្រហារ​ផ្តួល​រំលំ​រដ្ឋាភិបាល និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ ស។
យុវជន​ទាំង ៤ នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ល្ងាច​ថ្ងៃ​ទី ១៥ ខែ សីហា ដែល​ក្នុង​ចំណោម​នោះ មាន​ពីរ​នាក់ ម្នាក់​ឈ្មោះ ទុត ច័ន្ទបញ្ញា ប្រុស អាយុ ៣០ ឆ្នាំ និង​សុខ ដាលីស ស្រី អាយុ ២៨ ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ពេល​ដែល​ពួក​គេ​ទៅ​ទទួល​ផ្កា​កុលាប ១ ពាន់​ទង ពី​ជន​មិន​ស្គាល់​មុខ​ម្នាក់​នៅ​ផ្សារ​ធំ​ថ្មី ដើម្បី​យក​ទៅ​ចែក​ជូន​កង​កម្លាំង​ដែល​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ បន្ទាប់​ពី​មាន​ការ​ទាក់​ទង​គ្នា​ជាមួយ​ជន​មិន​ស្គាល់​មុខ​នោះ​តាម ហ្វេសប៊ុក។ ចំណែក​ពីរ​នាក់​ផ្សេង​ទៀត ឈ្មោះ ហ៊ី បូរិន ប្រុស​អាយុ ៣៣ ឆ្នាំ និង លី លីនផេង ត្រូវ​បាន​ចាប់​ខ្លួន នៅ​កន្លែង​ផ្សេង។
អ្នក​ទាំង​បួន ត្រូវ​តុលាការ​រាជធានី​ភ្នំពេញ ចោទ​ប្រកាន់​កាល​ពី​ថ្ងៃ​សៅរ៍ ពី​បទ «ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ» តាម​មាត្រា ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ ដែល​អាច​ជាប់​ពន្ធនាគារ​ពី ៦ ខែ​ដល់ ២ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​រហូត​ដល់ ៤ លាន​រៀល​។ បន្ទាប់​ពី​ចោទ​ប្រកាន់​ពួក​គេ ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ ព្រៃ ស។ នេះ​បើ​តាម​លោក អំ សំអាត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​អង្គការ​សិទ្ធិ​មនុស្ស លីកាដូ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​។ បើ​តាម​លោក អំ សំអាត មេធាវី​នឹង​ដាក់​ពាក្យ​ស្នើ​សុំ​ពួក​គេ​នៅ​ក្រៅ​ឃុំ។
នគរបាល បាន​អះអាង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ កាល​ពី​ថ្ងៃ​សៅរ៍​ថា យុវជន​ទាំង​នោះ​បាន​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ខិត្តប័ណ្ណ តាម​បញ្ជា​របស់​ឈ្មោះ សួន សេរីរដ្ឋា ដែល​ជា​ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ហើយ​ជា​អ្នក​ធ្លាប់​បង្កើត​កង​កម្លាំង​ប្រដាប់​អាវុធ​ខុស​ច្បាប់ ប្រឆាំង​រដ្ឋាភិបាល។
អ្នក​នាំ​ពាក្យ​នគរបាល​ជាតិ លោក គៀត ច័ន្ទថារិទ្ធ ថ្លែង​តាម​សេចក្តី​ប្រកាស​នោះ​ថា ការ​ចាប់​ខ្លួន​ជន​សង្ស័យ​ទាំង​នេះ គឺ​ក្នុង​ខណៈ​ដែល​ពួក​គេ «កំពុង​ធ្វើ​សកម្មភាព​ផលិត និង​ចែក​ចាយ ដោយ​រួម​មាន​វត្ថុតាង ជា​ខិត្តប័ណ្ណ​ច្រើន​រយ​សន្លឹក​»។
លោក​បាន​បន្ត​ថា៖ «ការ​ផលិត​ចែក​ចាយ​ខិត្តប័ណ្ណ​នេះ គឺជា​សកម្មភាព​ចេតនា បង្កើត​ឲ្យ​មាន​អំពើ​ហិង្សា​ប្រដាប់​អាវុធ បង្ក​អស្ថិរភាព​ធ្ងន់​ធ្ងរ ដល់​សង្គម​ជាតិ ដែល​ត្រូវ​ផ្តន្ទាទោស​តាម​ច្បាប់​ជា​ធរមាន»។
ប៉ុន្តែ​លោក អំ សំអាត ដែល​អង្គការ​របស់​លោក និង​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ បាន​ផ្តល់​មេធាវី​ចំនួន ៤ រូប ដើម្បី​ការពារ​ក្តី ដល់​យុវជន​ពីរ​រូប ក្នុង​ចំណោម​យុវជន​ទាំង​នេះ បាន​និយាយ​ថា កូន​ក្តី​របស់​អង្គការ​លោក មិន​មាន​ពាក់ព័ន្ធ​នឹង​ការ​ចែក​ចាយ​ខិតប័ណ្ណ ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ ហើយ​ក៏​មិន​មាន​ជាប់​ពាក់​ព័ន្ធ​ជាមួយ​នឹង​ក្រុម​លោក សួន សេរីរដ្ឋា​នោះ​ដែរ។
លោក អំ សំអាត បាន​គូស​បញ្ជាក់​ថា៖ «ពួក​គាត់​មិន​មាន​ពាក់​ព័ន្ធ​សកម្មភាព​ណា​មួយ ចែក​ចាយ​ខិត្តប័ណ្ណ ដែល​នគរបាល​ចោទ​នោះ​ទេ គាត់​គ្រាន់​តែ​ទៅ​យក​ផ្កា ហើយ​នេះ​ជា​សិទ្ធិ​របស់​គាត់»។
ចំណែក អ្នក​ស្រី ចាន់ សេដ្ឋា អាយុ ៥០ ឆ្នាំ ត្រូវ​ជា​ម្តាយ​យុវជន ទុត ច័ន្ទបញ្ញា និយាយ​ថា កូន​របស់​អ្នក​ស្រី មិន​បាន​ដឹង​ពី​ខិត្តប័ណ្ណ មាន​រូប​រាង​យ៉ាង​ណា ឬ​មាន​អត្ថន័យ​យ៉ាង​ម៉េច​នោះ​ឡើយ​តែ បញ្ញា និង ដាលីស បាន​ទៅ​យក​ផ្កា ដោយ​សារ​មាន​មនុស្ស​ម្នាក់ ណាត់​ឲ្យ​ទៅ​យក ក៏​ត្រូវ​ចាប់​ខ្លួន​ទាំង​ពីរ​នាក់ នៅ​ពេល​ធ្វើ​ដំណើរ​ចេញ​ពី​ហាង​ផ្កា​កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​។
អ្នក​ស្រី​ថ្លែង​ថា៖ «បញ្ញា​ជិះ​ម៉ូតូ ឯ ដាលីស​ជិះ​តុក តុក ឱប​ផ្កា​ក្នុង​ដៃ ព្រោះ​ផ្កា​ច្រើន​ពេក​។ កូន​ខ្ញុំ​ទៅ​យក​ផ្កា តែ​មិន​មាន​សំបុត្រ​អី​នៅ​ក្នុង​ផ្កា​ទេ ហើយ​ខ្ញុំ​ជឿ​ថា ពួកគេ​មិន​ទាក់​ទង​នឹង​រឿង​ខិតប័ណ្ណ​ប្រឆាំង​រដ្ឋាភិបាល​ស្អី​នោះ​ឡើយ​។ រឿង​នេះ​ពិត​ជា​អយុត្តិធម៌​ខ្លាំង​ណាស់»។
អ្នក​ស្រី​បន្ត​ថា បញ្ញា និង​ដាលីស ក៏​មិន​ដែល​ស្គាល់​បុរស​និង​ស្ត្រី​ពីរ​រូប​ផ្សេង​ទៀត ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ជាមួយ​គ្នា​នោះ​ដែរ ហើយ​ម្ចាស់​កូពី​នោះ ពួក​គាត់​ក៏​គ្រាន់​តែ​កូពី​ទៅ​តាម​ការ​កុម្ម៉ង់​របស់​អតិថិជន​របស់​ពួក​គាត់​តែ​ប៉ុណ្ណោះ។
អ្នក​ស្រី​ឲ្យ​ដឹង​ថា ៖ «ស្ត្រី​ម្ចាស់​ព្រីន​នោះ​ប្រាប់​ខ្ញុំ​ថា គាត់​ដឹង​តែ​ពី​ព្រីន​ឲ្យ​គេ ហើយ​មិន​ចង់​ដឹង​ថា នៅ​ក្នុង​ក្រដាស​ព្រីន​នោះ គេ​សរសេរ​ពី​អ្វី​នោះ​ទេ»។
ទោះ​យ៉ាង​ណា នគរបាល បាន​ភ្ជាប់​រឿង​ចាប់​ខ្លួន​យុវជន​ទាំង​បួន​រូប​នេះ ទៅ​នឹង​ខិតប័ណ្ណ​មួយ​ដែល​មាន​រូប​ផ្កា​កុលាប​លឿង ហើយ​មាន​សរសេរ​អក្សរ ដោយ​មាន​ដាក់​ឈ្មោះ សួន សេរីរដ្ឋា ពី​ខាង​ក្រោម​អត្ថន័យ​នេះ​ថា ៖ «ផ្កា​កុលាប​ពណ៌​លឿង សម្រាប់​ការ​ផ្លាស់​ប្តូរ ជូន​មួយ​ទង​ម្នាក់ ដល់​វីរៈ​កងទ័ព​គ្រប់​រូប ដែល​ជា​កូន​ចៅ​ពលរដ្ឋ​ខ្មែរ។ សូម​បែរ​ចុង​អាវុធ​តម្រង់​ជន​ផ្តាច់ការ ហើយ​យក​ជីវិត​ការពារ​ពលរដ្ឋ ជា​ឈាម​ខ្មែរ​ដូច​គ្នា ព្រោះ​កងទ័ព​ខ្មែរ និង​ពលរដ្ឋ​ខ្មែរ ជា​ខ្មែរ​តែ​មួយ ដែល​ត្រូវ​ការពារ​គ្នា​ទៅ​វិញ​ទៅ​មក»។
លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ចំពោះ​មិត្តភក្តិ​របស់​យុវជន​ទាំង​នេះ​និយាយ​ថា ខ្លឹមសារ​របស់​ក្រុម​ខ្លួន គឺ​គ្រាន់​តែ​បង្ហាញ​ថា បង​ប្អូន​នគរបាល​ជា​ជន​រួម​ឈាម​ខ្មែរ​តែ​មួយ​និង​មិន​មាន​ខ្លឹមសារ​អ្វី​ខុស ច្បាប់​ឡើយ។
លោក​ថ្លែង​ថា៖ «យើង​កំពុង​តាម​ដាន​ករណី​នេះ ព្រោះ​ហាក់​នៅ​ស្រពិច​ស្រពិល​ច្រើន ដោយ​សារ​មាន​ខ្លឹមសារ​ពីរ ខ្លឹមសារ​នគរបាល​ចោទ​មាន​ពាក់​ព័ន្ធ​រឿង​បង្វែរ​កាណុង​មក​ជន​ផ្តាច់​ការ តែ​មិត្តភកិ្ត​ពួកគេ​ថា ខ្លឹមសារ​ពួក​គេ​គឺ បង​ប្អូន​ប៉ូលិស​ជា​ជន​រួម​ឈាម​ខ្មែរ​តែ​មួយ​។ បើ​ខ្លឹមសារ​នេះ​មែន គ្មាន​អ្វី​ខុស​ទេ»។
លោក សួន សេរីរដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ដែល​រស់​នៅ​ក្រៅ​ប្រទេស បាន​ប្រាប់​ភ្នំពេញ ប៉ុស្ដិ៍ ពី​ម្សិលមិញ​ថា សកម្មភាព​យុវជន​ចែក​ផ្កា ទឹក​សុទ្ធ ដល់​កងទ័ព គ្មាន​អ្វី​ខុស​ច្បាប់​ឡើយ ហើយ​មិន​មែន​ជា​ការ​ញុះ​ញង់​ទេ តែ «គឺជា​ទឹក​ចិត្ត​សប្បុរស​សុទ្ធសាធ ដែល​យុវជន និង​ពលរដ្ឋ​ខ្មែរ​គ្រប់​គ្នា នរណា​ក៏​អាច​ធ្វើ​បាន​ដែរ»។
នៅ​ពេល​សួរ​ថា តើ​ក្រុម​យុវជន​ទាំង​បួន​រូប ជា​សមាជិក​របស់​លោក​ឬ​យ៉ាង​ណា លោក សេរីរដ្ឋា និយាយ​ថា៖ «ក្រុម​យុវជន​ទាំង​នោះ ជា​យុវជន​ខ្មែរ មិន​មែន​ចាំ​បាច់​ថា ជា​សកម្មជន​របស់​ចលនា អំណាច​ពលរដ្ឋ​ខ្មែរ ឬ​អត់​នោះ​ទេ ពួក​គេ​គ្រប់​គ្នា​មាន​សិទ្ធិ មាន​សេរីភាព មាន​អំណាច​ធ្វើ​អ្វី ដែល​ពួក​គេ​គិត​ថា​ត្រូវ ពីព្រោះ​នេះ ជា​សេរីភាព​នៃ​ការ​គិត ការ​និយាយ និង​ការ​ធ្វើ​»។
កាល​ពី​ម្សិលមិញ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ដោយ​បាន​ធ្វើ​ការ​ថ្កោលទោស​ចំពោះ​ការ​ចាប់​ខ្លួន​យុវជន​ទាំង ៤ រូប​នេះ និង​បាន​ហៅ​ការ​ចាប់​ខ្លួន​នេះ​ថា «ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​សិទ្ធិ​បុគ្គល និង​សិទ្ធិ​សេរីភាព​សម្តែង​មតិ របស់​ប្រជា​ពលរដ្ឋ» ដោយ​ពួក​គេ​គ្រាន់​តែ​យក​ផ្កា និង​ទឹក​សុទ្ធ មាន​បំណង​ចែក​ជូន​កងទ័ព​។ គណបក្ស​សង្គ្រោះ​ជាតិ បាន​ទាមទារ​ឲ្យ​ដោះលែង​យុវជន​ទាំង​នេះ​ជា​បន្ទាន់​ដោយ​ឥត​លក្ខខណ្ឌ៕