ចូលខារ៉ាអូខេ យកទូរស័ព្ទស៊េរី ទំនើបថតអួត ស្រីស្នេហ៍ ត្រូវគេបន្លំលួច យកទៅបាត់
ខេត្តកណ្តាល ៖ បុរសម្នាក់ដែលគេស្គាល់ថា ជាមន្ត្រីបម្រើការងារក្នុងពន្ធនាគារខេត្តកណ្តាល បានធ្វើការអុកឡុកស្រែកឡូឡា នៅក្នុងហាងខារ៉ាអូខេមួយយីហោ បឹងតាប៉ែន ដោយសារតែរូបគាត់ត្រូវបាននារីបម្រើ ការងារក្នុងហាងខារ៉ាអូខេម្នាក់ បានបន្លំយកទូរស័ព្ទដៃម៉ាក Samsung Galaxy S4 មួយគ្រឿង តម្លៃជាង៥០០ដុល្លាររត់គេចខ្លួនបាត់ កាលពីយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣ ជនរងគ្រោះដែលជាមន្ត្រីបម្រើការងារក្នុងពន្ធនាគារខេត្តកណ្តាលម្នាក់ ដែលមិនបញ្ចេញឈ្មោះ អាយុជាង៤០ឆ្នាំ រួមនិងបក្ខពួកបាននាំគ្នាចូលផឹកស៊ី និងច្រៀងរាំសប្បាយនៅក្នុងហាងខារ៉ាអូខេ យីហោ បឹងតាប៉ែន។ គ្រាន់តែទៅដល់ភ្លាម ជនរងគ្រោះក៏បានហៅមេការឲ្យយកស្រីក្មេងៗមកឲ្យអង្គុយជិតខ្លួនដើម្បីគ្រាន់បានកំដរដៃ និងច្រមុះ។
ក្រោយពេលផឹកស៊ីរហូតដល់ម៉ោងជាង៨យប់ ជនរងគ្រោះនិងបក្ខពួកក៏បានស្រវឹងធ្លាក់ភ្នែក ហើយជនរងគ្រោះក៏បានដកទូរស័ព្ទដៃស៊េរីទំនើប ដែលទើបនឹងទិញថ្មីៗដើម្បីថតរូបបង្អួតស្រីស្នេហ៍។ លុះមួយសន្ទុះក្រោយមក ខណៈដែលជនរងគ្រោះកំពុងតែវក់នឹងការច្រៀងរាំសប្បាយ ជនសង្ស័យក៏បានបន្លំលួចយកទូរស័ព្ទហើយរត់គេចខ្លួនបាត់ស្រមោល។ បន្ទាប់ពីដឹងថាបាត់ទូរស័ព្ទ ជនរងគ្រោះក៏បានស្រែកឆោឡោផ្អើលពេញក្នុងហាង ដើម្បីឲ្យម្ចាស់ហាងទទួលខុសត្រូវ ប៉ុន្តែត្រូវបានម្ចាស់ហាងបដិសេធ ដោយបាននិយាយថា ពួកគេមិនស្គាល់នារីរងគ្រោះនោះទេ ព្រោះនាងទើបតែមកបម្រើការងារបាន៣ថ្ងៃ មិនដឹងជានាងរស់នៅទីណាពិតប្រាកដនោះទេ គ្រាន់តែដឹងថានាងមានឈ្មោះ នីតា អាយុជាង២០ឆ្នាំ។
បន្ទាប់ពីកើតហេតុ ជនរងគ្រោះក៏បានកាន់រូបថតជនសង្ស័យមកកាន់ស្នាក់ការប៉ូលិស ដើម្បីមកដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។ មជ្ឈដ្ឋានទូទៅបានធ្វើការនិយាយបែបចំអកថា តើជនរងគ្រោះពេលត្រឡប់ទៅដល់ផ្ទះវិញ ត្រូវនិយាយដោះសារប្រាប់ប្រពន្ធថាម៉េចនោះទេ ។ នេះគឺជាមេរៀនមួយសម្រាប់បុរសៗដែលចូលចិត្តទៅកម្សាន្តសប្បាយនៅក្នុងក្លឹបខារ៉ាអូខេ គួរតែមានការប្រុងប្រយ័ត្នខ្ពស់ កុំរវល់តែឃើញសាច់ខ្ចី ភ្លេចគិតរឿងកាបូបលុយ និងទូរស័ព្ទដៃឲ្យសោះ៕
ប្រភពពី វត្តភ្នំ