មហាសេដ្ឋិនី អូស្រ្ដាលីដក ខ្លួនចេញពីអង្គការ SISHA ដែលធ្វើការ នៅកម្ពុជា
នៅថ្ងៃនេះ សារព័ត៌មានអូស្រ្ដាលីមួយឈ្មោះ Brisbane Times ចុះផ្សាយតាមអ៊ីនធើរណិតរាយការណ៍ថា មហាសេដ្ឋិនីអូស្រ្ដាលីលោកស្រី Gina Rinehart បានលាលែងចេញពីតំណែងគណៈកម្មាធិការផ្ដល់ឱវាទផ្នែកជំនាញ នៃអង្គការកម្ពុជាអូស្រ្ដាលីមួយមានឈ្មោះថា SISHA ដែលធ្វើការប្រឆាំងនឹងការជួញដូរមនុស្សនៅក្នុងប្រទេសកម្ពុជា។
លោកស្រីគឺជាម្ចាស់អំណោយដ៏ចម្បងម្នាក់ដែលបរិច្ចាគប្រាក់ទៅអង្គការនេះ។ ឥឡូវអង្គការនេះ កំពុងទទួលការពិនិត្យសើរើបញ្ជីពីសវនករឯករាជ្យលើកិច្ចការហិរញ្ញវត្ថុ។
កាសែតនេះក៏បានលើកឡើងដែរថា លោក Steve Morrish អតីតប៉ូលិសនៅក្រុងមែលប៊ិន និងជានាយកប្រតិបត្ដិ និងស្ថាបនិកអង្គការនេះបានលាចេញពីតំណែងកាលពីព្រឹកថ្ងៃសុក្រ នៅក្នុងខណៈមានការចោទប្រកាន់ថា មានការប្រើប្រាស់ថវិកាខុសបែបបទ។ យ៉ាងណាក៏ដោយ លោកនៅតែបន្ដបដិសេធចំពោះការចោទប្រកាន់ទាំងនោះ។
អតីតបុគ្គលិកជាច្រើននៃអង្គការនេះអះអាងថា ប្រាក់រាប់ម៉ឺនដុល្លារដែលគេគ្រោងទុកយកទៅប្រើប្រាស់លើកម្មវិធីរបស់អង្គការរួមទាំងកម្មវិធីមូលនិធិផ្ដល់អាហារូបករណ៍ Hope Scholarship Fund សម្រាប់ក្មេងស្រីរងគ្រោះផងនោះ ត្រូវគេបង្វែរយកទៅប្រើក្នុងប្រតិបត្ដិការចំណាយរបស់អង្គការទៅវិញមានដូចជាយកទៅបង់ប្រាក់ខែបុគ្គលិក, បង់ថ្លៃជួលការិយាល័យនៅក្រុងភ្នំពេញ និងនៅប្រទេសថៃ, ចំណាយលើការធ្វើដំណើរ, រថយន្ដ និងចំណាយផ្សេងៗទៀត។
របាយការណ៍នេះ ក៏ឲ្យដឹងផងដែរថា លោកស្រី Gina Rinehart ទើបដឹងរឿងនេះកាលពីពេលថ្មីៗនេះ។ លោកស្រីបានបដិសេធមិនព្រមប្រាប់ឲ្យដឹងថា តើលោកស្រីបានបរិច្ចាគប្រាក់ច្រើនប៉ុនណាទៅឲ្យអង្គការ SISHA នេះ ឬក៏ថាតើលោកស្រីពេញចិត្ដប៉ុនណាចំពោះរបៀបនៃការចាយវាយប្រាក់របស់លោកស្រី។
យ៉ាងណាក៏ដោយលោកស្រីថា លោកស្រីមានការពេញចិត្ដក្នុងការគាំទ្រកម្មវិធីផ្ដល់អាហារូបករណ៍ និងការដែលកុមារីខ្មែរទទួលបានផលប្រយោជន៍ពីកម្មវិធីនេះ។ លោកស្រី ក៏នឹងបន្ដជួយដល់កម្មវិធីនេះ នៅក្នុងទម្រង់ផ្សេងទៀត៕
ប្រភពពី ABC Radio Australia