លួចមានស្រី នៅក្រៅផ្ទះ ប្រពន្ធតាម ទាន់យកកាំបិត ចាក់ស្លាប់ ក្នុងថ្លុកឈាម
ខេត្តបាត់ដំបង ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីវេលាម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៣ ស្ថិតនៅក្នុងភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ដោយសារតែបុរសម្នាក់ ត្រូវបានប្រពន្ធចាក់ជាច្រើនកាំបិតយ៉ាងសាហាវឃោរឃៅ បណ្តាលស្លាប់ក្នុងថ្លុកឈាម ដោយសារតែត្រូវប្រពន្ធតាមទាន់ខណៈដែលជនរងគ្រោះជាប្តីកំពុងតែមកដេកសោយសុខជាមួយប្រពន្ធចុង។
បើប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីជាជនដៃដល់ក្នុងរឿងឃាតកម្មនេះមានឈ្មោះ រ៉ែង សុគន្ឋា អាយុ៣៥ឆ្នាំ និងបុរសជាប្តីរងគ្រោះមានឈ្មោះ ជួប ប៊ុនហង្ស អាយុ៣៩ឆ្នាំ មានមុខរបរជាជាងចម្លាក់ ពួកគេមានទីលំនៅក្នុងភូមិ អន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ ដោយឡែកស្ត្រីដែលជាប្រពន្ធចុង មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។
ប្រភពដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុ គេបានឃើញស្ត្រីដៃដល់ខាងលើបានមកគោះទ្វារបន្ទប់ដែលបុរសជាប្តីនោះកំពុងសម្ងំដេកសោយសុខជាមួយប្រពន្ធចុង ។ គ្រាន់តែបុរសជាប្តីបើកទ្វារភ្លាម ក៏បានផ្ទុះជម្លោះពាក្យសំដីគ្នា រហូតធ្វើឲ្យស្ត្រីជាប្រពន្ធទ្រាំមិនបានក៏ដកកាំបិតចុងស្រួចចាក់សំដៅប្តីជាច្រើនកាំបិតបណ្តាលឲ្យប្រកាច់ស្លាប់នៅក្នុងថ្លុកឈាម។ ចំណែកស្ត្រីដែលជាប្រពន្ធចុងនោះ ក៏ត្រូវបានរងរបួសធ្ងន់ផងដែរ។
បន្ទាប់ពីកើតហេតុការណ៍ផ្អើលឆោឡោភ្លាម កម្លាំងសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅអន្តរាគមន៍ ឃាត់ខ្លួនស្ត្រីដៃដល់យកទៅការអធិការដ្ឋានដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ចំណែកឯស្ត្រីរងរបួស ត្រូវបានគេបញ្ជូនទៅធ្វើការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
នេះអាចចាត់ទុកជាមេរៀនមួយសម្រាប់បុរសៗដែលតែងតែចូលចិត្តលួចលាក់មានស្រីនៅខាងក្រៅផ្ទះគួរតែគិតពិចារណារឿងនេះឡើងវិញផង កុំឲ្យដូចពាក្យដែលគេតែងតែនិយាយលេងសើចថា «លួចមានប្រពន្ធចុងវាគ្រាន់ តែប្រយ័ត្នប្រពន្ធដើមតាមទាន់ ភ័យជ្រុះសក់»៕
ប្រភពពី វត្តភ្នំ