ស្ត្រីម្នាក់តូចចិត្ត មានវិបត្តិក្នុងគ្រួសារ យកសាំងមក ចាក់ដុតសម្លាប់ ខ្លួនឯង
ខេត្តឧត្តរមានជ័យ ៖ ស្ត្រីម្នាក់ដោយសារតែតូចចិត្តមានវិបត្តិក្នុងគ្រួសារ ព្រោះតែប្តីរករឿងខ្លាំងពេក ក៏បានសម្រេចចិត្តយកសាំងមកចាក់ស្រោចដុតខ្លួនឯង បំណងផ្តាច់ជីវិត កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៣ នៅក្នុងភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ប៉ុន្តែជាសំណាងល្អ ត្រូវបានគេជួយសង្គ្រោះទាន់ពេលវេលា។
បើតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា ស្ត្រីរងគ្រោះខាងលើនេះមានឈ្មោះ តំ ម៉ាប់ អាយុ២៤ឆ្នាំ ជាស្ត្រីម៉េម៉ាយកូន២ ហើយបានចាប់ដៃគ្នាសាងជីវិតថ្មីជាមួយបុរសពោះម៉ាយកូន១ ឈ្មោះ វុធ អាយុ២៨ឆ្នាំ អស់រយៈពេលជាង១ឆ្នាំមកហើយ។ ប្រភពដដែលបានបន្តឲ្យដឹងទៀតថា មុនពេលកើតហេតុ ខណៈដែលប្តីទើបត្រឡប់មកធ្វើការវិញ គេបានឮបុរសជាប្តីបានរអ៊ូរទាំរករឿងពីម្ហូបធ្វើមិនត្រូវចិត្ត ក៏បង្កបានជាសង្គ្រាមពាក្យសំដីមួយប្រាវ។ ខណៈនោះស្រាប់តែប្តី បានពរកូនរបស់ខ្លួន និងបានរៀបចំខោអាវចាកចេញពីផ្ទះទៅបាត់។
ដោយសារតែតូចចិត្តនឹងជួបស្នេហ៍មិនដូចបំណង មួយដងជាពីរដង ទើបធ្វើឲ្យស្ត្រីរងគ្រោះលែងមានចិត្តចង់រស់នៅបន្តទៅទៀត ក៏បានទៅទិញសាំង ១លីត្រ មកចាក់ដុតខ្លួនឯង បណ្តាលឱ្យឆាបឆេះរលាកពេញខ្លួន ប៉ុន្តែសំណាងល្អ ត្រូវបានអ្នកជិតខាងឃើញទាន់ពេលវេលា ក៏យកស្ត្រីរងគ្រោះទៅត្រាំក្នុងទឹកពាងមួយសន្ទុះ ទើបបញ្ជូនទៅធ្វើការសង្គ្រោះបន្តនៅមន្ទីរពេទ្យ៕
ប្រភពពី វត្តភ្នំ