នារីវ័យក្មេងម្នាក់ ចូលច្រៀង ខារ៉ាអូខេ ក្នង KTV ត្រូវមេក្រូ ឆក់ស្លាប់
កាលពីថ្ងៃច័ន្ទ កន្លងទៅថ្មីៗនេះ មានហេតុការណ៍ ដ៏រន្ធត់មួយ បានកើតឡើង នៅក្នុងហាងខារ៉ាអូខេ (KTV) មួយកន្លែង ក្នុងទីក្រុង Harbin ខេត្ត Heilongjiang ប្រទេសចិន បណ្តាលឲ្យ នារីវ័យក្មេងម្នាក់ ស្លាប់បាត់បង់ជីវិត។យោងតាមប្រភពព័ត៌មាន ចិន បានឲ្យដឹងថា នារីរងគ្រោះ មានឈ្មោះ Li Lingyu អាយុ ២១ឆ្នាំ បានចូលទៅច្រៀងលេង ក្នុង KTV មួយកន្លែង ជាមួយនឹងមិត្តភក្តិរបស់នាង ដែលជាមិត្តរួមថ្នាក់នឹងគ្នា។ យ៉ាងណាមិញ ខណៈពេល រូបនាង កំពុងតែច្រៀង ស្រាប់តែភ្លាមៗនោះ នាងបានដួលសន្លប់ទៅលើសាឡុង តែម្តង ហើយដោយឃើញបែបនេះ មិត្តរបស់នាង ៣នាក់ទៀត បានស្ទុះទៅពិនិត្យមើល ក៏ស្រាប់តែត្រូវ អគ្គីសនីឆក់ បណ្តាលអោយស្ពឹកពាក់កណ្តាលខ្លួន ជាប់គាំងខ្លួនប្រាណ អស់មួយសន្ទុះ ផងដែរ។ ទោះជាយ៉ាងណា ក្រោយពី នារីរងគ្រោះ ឈ្មោះ Li រូបនេះ ត្រូវបានបញ្ជូនទៅដល់មន្ទីរពេទ្យ នាងលេងដកដង្ហើម និង បេះដូងលែងដើរ បាត់ទៅហើយ។ ពេលនេះ ប៉ូលីសកំពុងបើកការ ស៊ើបអង្កេត នៅក្នុងករណីនេះ ដែលជំហានដំបូង អាចសន្មត់បានថា នាងបានស្លាប់បាត់បង់ជីវិត ដោយសារតែ ត្រូវចរន្តអគ្គីសនីឆក់ តាមរយៈមេក្រូសំរាប់ច្រៀង។
ប្រភព : ខ្មែរឡូត