ឃើញទុកកុំព្យូទ័រ អាយផេត លើក្បាលដំណេក ចូលលួច ត្រូវម្ចាស់គេ និងប្រជាពលរដ្ឋ ឃាត់ខ្លួនប្រគល់ ឲ្យនគរបាល

8/20/2013 0 Comments A+ a-

កណ្តាលៈ យុវជនម្នាក់ ត្រូវបានប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងមង្គលការ រួមនឹងម្ចាស់កុំព្យូទ័រ អាយផេត ដេញចាប់ រួចហើយប្រគល់ទៅឲ្យនគរបាល បន្ទាប់ពីជនសង្ស័យបានចូលទៅលួចកុំព្យូទ័រ អាយផេតបាន ហើយ រត់ចេញមកក្រៅបានបន្តិច។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ២០ និង០០នាទី ថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០១៣ ស្ថិតនៅភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
នគរបាលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស៊ិន មួយគា ភេទស្រី អាយុ ២៩ឆ្នាំ មានមុខរបរកសិករ រស់នៅក្នុងភូមិគគី ឃុំទួលត្នោត ស្រុកកៀនស្វាយ ខេត្តកណ្តាល រីឯជនសង្ស័យមានឈ្មោះ ជិន ភារម្យ ហៅគោក ភេទប្រុស អាយុ ២៨ឆ្នាំ មានមុខរបរ ជាកសិករ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ។
នគរបាលបានបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានទៅចូលរួមមង្គលការគេ នៅកន្លែងកើត ហេតុ រួចហើយបានសុំផ្ទះគេស្នាក់នៅ ក្បែរផ្ទះមង្គលការនោះ លុះពេលសម្រាក បានយកកុំព្យូទ័រអាយផេត ដាក់នៅលើតុក្បាលដំណេកនោះ លុះដល់ម៉ោង ២០និង០០នាទីជនសង្ស័យបានចូលទៅលួចកុំព្យូទ័រ អាយផេតនោះ រួចហើយរត់ចេញមកក្រៅ ប៉ុន្តែ ត្រូវបានម្ចាស់ផ្ទះ និងអ្នកជិតខាង រួមនឹងម្ចាស់អាយផេតឃើញស្រែកថា ចោរៗនាំគ្នាដេញតាមចាប់បាន រួមនឹងវត្ថុតាងជាក់ស្តែងអាយផេត កុំព្យូទ័រមួយគ្រឿងនៅ នឹងដៃផងដែរ រួចហើយក៏ប្រគល់ជនសង្ស័យ ទៅឲ្យនគរបាលចាត់ការ ទៅតាមផ្លូវច្បាប់ ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល