ម៉ោង​១២​ អធ្រាត្រ​នៅ​ សង្កាត់​លេខ​១ (ភាគទី២០)

8/02/2013 0 Comments A+ a-

តាម​រយៈ​ការរៀបចំ​របស់​លោក​កុសល អ្នក​ទាំងពីរ​អាច​ចូល​ទៅ​ត្រួតពិនិត្យ​ក្នុង​បន្ទប់​គេង​របស់​មេ​គ្រួសារ​នៃ​វីឡា​ស្កឹមស្កៃ​នោះ​នៅ​ថ្ងៃ​បន្ទាប់ គឺ​ក្នុង​ពេល​ដែល​អ្នកស្រី​កុលាប​ដែល​ជាប់​សង្ស័យ​ត្រូវ​បាន​លោក​កុសល​ប្រើ​ឲ្យ​ទៅ​ដាក់​ប្រាក់​នៅ​ធនាគារ។
វិទូ​និង​លោក​កុសល​ឡើង​ទៅ​បន្ទប់​នោះ​គេច​បាន​ពី​ការ​សង្ស័យ​របស់​ពូ​សួស​ដោយសារ​ពួកគេ​ជា​ញាតិ​អាច​ឡើង​ទៅ​ពិភាក្សា​កិច្ច​ការ​នានា​​ដោយ​ធម្មតា​បាន។ ឈាន​ចូល​ដល់​បន្ទប់​ដំណេក​ដែល​បំពាក់​ដោយ​សង្ហារិម​មាន​តម្លៃ​ពិបាក​ពណ៌នា វិទូ​រេ​ភ្នែក​សម្លឹង​គ្រប់ទិសទី​ក្នុង​ពេល​ដែល​លោក​កុសល​ដើរ​ទៅ​ឈរ​ដក​ដង្ហើម​វែង​នៅ​រាន​ហាល​ខាង​មុខ​បន្ទប់​ដោយ​ក្តី​កង្វល់។
គាត់​​ងាក​សម្លឹង​បរិវេណ​ខាងក្រោម​នៃ​​គេហដ្ឋាន​ធំ​សម្បើម​ដែល​ចំណាយ​ប្រាក់​ជា​ច្រើន​ក្នុង​ការ​ទិញ​មក​សង្ឃឹម​ថា​អាច​ផ្ដល់​ភាព​កក់​ក្តៅ​ដល់​ប្អូនស្រី​ និង​ភរិយា ​ប៉ុន្តែ​ពេលនេះ​មាន​រឿង​កើត​ឡើង​ជា​បន្ត​បន្ទាប់​រហូត​ដល់​ល្ងាច​នេះ​ភីណា​ចេញ​ពី​ពេទ្យ​ហើយ​ចាំ​បាច់​ត្រូវ​ទៅ​រស់​នៅ​ឯ​ផ្ទះ​គូ​ដណ្តឹង​ទៅវិញ។
-លោកបង!
សំឡេង​ហៅ​មិន​ខ្លាំង​​មិន​ស្រាល​របស់​នាយ​ប៉ូលិស​ដាស់​អារម្មណ៍​បាច​ហាច​របស់​អភិជន​រូប​នេះ​ឲ្យ​វិល​មក​រាងកាយ​វិញ។ លោក​កុសល​ដើរ​មួយៗ​ត្រឡប់​ចូល​មក​ក្នុង​បន្ទប់​គេង​ខ្លួន​ដោយ​ភ្នែក​ផ្ដោត​ជាប់​លើ​អ្វី​ម្យ៉ាង​ក្នុង​ដៃ។
កែវ​ភ្នែក​មុត​ថ្លា​របស់​គេ​ដែល​សម្លឹង​មក​កាន់​គាត់​បាន​ធ្វើ​ឲ្យ​គាត់​ភ្ញាក់ផ្អើល​ជា​ស្រេច​ទៅ​ហើយ កុំ​ថា​ឡើយ​ដល់​សំណួរ​បន្ថែម​របស់​នាយ៖
-បង​ស្គាល់​ថ្នាំ​នេះ​ដែរ?
លោក​កុសល​ចង​ចិញ្ចើម​អង្គុយ​ចុះ​យឺតៗ​សម្លឹង​កូន​ដប​ក្នុង​ដៃ​អនាគត​ប្អូន​ថ្លៃ​ដែល​គេ​កំពុង​កៀប​នឹង​ដង្កៀប​ដែក។ ដៃ​គេ​មាន​ពាក់​ស្រោម​តែ​ដៃ​គាត់​អត់​ទេ គាត់​លូកដៃ​ទៅ​បម្រុង​ទទួល​យក​មក​មើល​តែ​ត្រូវ​វិទូ​រារាំង។ បុរស​វ័យ​កណ្ដាល​ងឿងឆ្ងល់ ឯ​នាយ​ប៉ូលិស​ពន្យល់​យឺតៗ៖
-បង! នេះ​គឺ​ពពួក​សារធាតុ​3Mឈ្មោះ​ពេញ​គឺ Magic Matrixyl Metal! មិត្តភ័ក្ដិ​ខ្ញុំ​បាន​ផ្ញើ​ឲ្យ​ខ្ញុំ​នូវ​ព័ត៌មាន​ជាច្រើន​ទាក់ទង​នឹង​វា​នេះ! វា​អាច​ជួយ​ឲ្យ​ផ្កា​ដែល​ដក​ចេញ​ដើម្បី​ដាក់​បន្លំ​កប់​សាកសព​ចូល​នៅតែ​អាច​រស់​ស្រស់បស់ ហើយ​សារធាតុ​នេះ​ ពួក​យើង​រក​ឃើញ​នៅ​ក្នុង​ផើង​ផ្កា​សាកសព​នោះ​ដែរ!
លោក​កុសល​ថ្លោះ​ទឹកមុខ ហើយ​ទ្រេតទ្រោត​អង្គុយ​ប៉ុក​ទៅ​លើ​គ្រែ​ពូក។ ប្រតិកម្ម​របស់​គាត់​បង្ហាញ​ស្រេចហើយ​ថា​គាត់​យល់​ពី​អ្វី​ដែល​វិទូ​កំពុង​និយាយ។ នាយ​ប៉ូលិស​រូប​នេះ​កៀប​កូន​ដប​ទម្លាក់​ទៅ​ក្នុង​ស្បោង​ប្លាស្ទិក​ដោយ​មាត់​ពោល​បន្ត៖
-ប៉ុន្តែ​មិន​ដឹង​ប្រពន្ធ​បង​ដឹង​ឬ​អត់​ថា​ទុក​របស់​នេះ​ក្នុង​បន្ទប់​ដេក​គ្រោះថ្នាក់​កម្រិត​ណា ​ព្រោះថា​ប្រសិន​បើ​ច្រឡំ​ប៉ះពាល់​ដោយ​ផ្ទាល់​ជាតិ​ពុល​របស់​វា នឹង​បង្ក​ជា​ផលវិបាក​ធ្ងន់ធ្ងរ​បាន ជួនកាល​ប៉ះពាល់​ដល់​ជីវិត​ផង។
លោក​កុសល​នៅ​ស្ងៀម​ដោយ​ទឹកមុខ​ខ្មៅ​រោល​លែង​និយាយ​ស្ដី​អ្វី​បណ្ដោយ​អោយ​វិទូ​លើក​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​ដែល​មាន​សល់​កម្ទេច​ដី​ដោយ​អន្លើ​បោស​ទម្លាក់​ទៅ​ក្នុង​ថង់​មួយ​ផ្សេង​ទៀត​ដោយ​កាយវិការ​យក​ចិត្ត​ទុក​ដាក់។
ទោះបី​វិទូ​មិន​ចាំបាច់​និយាយ ក៏​លោក​កុសល​ដឹង​ដែរ​ថា​ប្រាកដ​ជា​​គេ​សង្ស័យ​ដី​នោះ​ជា​ដី​ប្រភេទ​ដែល​គេ​បាន​​វិភាគ​ឃើញ​មាន​ក្នុង​ជាប់​ជាមួយ​សាកសព​មាន​ន័យ​ថា​អ្នកស្រី​កុលាប​ជា​ភរិយា​ស្រស់​ស្អាត​របស់​ខ្លួន​បាន​ពាក់ព័ន្ធ​នឹង​ការ​ជញ្ជូន​ឆ្អឹង​ក្លែងក្លាយ​មក​កាន់​ទីនេះ​ទើប​សំលៀកបំពាក់​ និង​ស្បែក​ជើង​គាត់​មាន​បន្សល់​ដាន​ស្នាម​ដី​ដោយ​អន្លើ។
វិទូ​ធ្វើការ​ខ្លួន​ដោយ​យក​ចិត្ត​ទុក​ដាក់​ទៅតាម​ជំនាញ​របស់​គេ​ក្រោម​ទឹកមុខ​អស់​សង្ឃឹម​របស់​បុរស​អភិជន។ ពេល​ចប់​ការងារ​ហើយ គេ​ក៏​ក្រោកឈរ​រៀបចំ​ចាក​ចេញ​ដោយ​មិន​ភ្លេច​ងាក​ទៅ​រក​ម្ចាស់​បន្ទប់​ដែល​កំពុង​រុំ​ព័ទ្ធ​ទៅ​ដោយ​ភាព​ស្មុគស្មាញ​ចាក់ស្រេះ៖
-លោកបង! ពេល​ការ​វិភាគ​ចេញ​មក យើង​នឹង​ដឹង​ថា​ដី​ទាំង​នេះ និង​ថ្នាំ​ក្នុង​ដប​នេះ​ជាប់​ពាក់ព័ន្ធ​នឹង​ផើង​ផ្កា​នោះ​មែន​ដែរ​អត់​ហើយ! ខ្ញុំ​បាន​ដំណឹង​ភ្លាម​នឹង​ជម្រាប​បង​មុន​គេ!
លោក​កុសល​ងើប​មក​យឺតៗ​ហើយ​និយាយ​តិចៗ​ពី​ក្រោយ​ខ្នង​អនាគត​ប្អូន​ថ្លៃ៖
-វិទូ! អាច​មាន​អ្នក​ណា​ម្នាក់​ចង់​ទម្លាក់​កំហុស​ឲ្យ​កុលាប​ទេ?
វិទូ​សើច​លួង​ចិត្ត​បុរស​វ័យ​កណ្តាល​ដែល​មិន​មាន​កូន​មួយ​គ្រាប់​បន្ត​ពូជពង្ស​នឹង​គេ ហើយ​មក​ប៉ះ​រឿង​ភរិយា​ជាប់​សង្ស័យ​ទៀត។ នាយ​និយាយ​តប​វិញ៖
-បើ​ទោះ​បី​ជា​របស់​ទាំង​នេះ​​ជា​របស់​អ្នក​បង​មែន ហើយ​បើ​ទោះ​ការ​វិភាគ​ចេញ​មក​បង្ហាញ​ថា​គាត់​មាន​ទាក់ទង​នឹង​ការ​ទម្លាក់​សព​ចូល​ក្នុង​ផង​បញ្ឆោត​ឲ្យ​ភីណា​ខ្លាច​លែង​ហ៊ាន​ចូល​ផ្ទះ​វិញ​មែន​ ក៏​ប៉ុន្តែទោស​នេះ​មិន​ធ្ងន់​ណាស់​ណា​ដែរ!
លោក​កុសល​សើច​បែប​ជូរចត់៖
-ហោច​ណាស់​វា​បង្ហាញ​ពី​ភាព​អពមង្គល​ក្នុង​គ្រួសារ​ខ្ញុំ! វា​បញ្ចេញ​ពី​បរាជ័យ​របស់​ខ្ញុំ​ក្នុង​ការ​ធ្វើ​ឲ្យ​ស្រី​ម្នាក់​ស្រលាញ់​ប្អូន​ខ្ញុំ​ឲ្យ​ដូច​ដែល​គេ​ធ្លាប់​សន្យា! វា​ក៏​ជា​អវសានវាទ​នៃ​ស្នេហា​របស់ខ្ញុំ​ និង​នាង​ផង​ដែរ!
យល់ចិត្ត​គាត់ វិទូ​ឈ្ងោកមុខ​និយាយ​លួង​ពន្យល់​គាត់​វិញ​៖
-លោកបង! រឿង​គ្រួសារ​នៅតែ​ជា​រឿង​គ្រួសារ! បង​មិនបាច់​គិត​ពី​មុខមាត់​ពេក​ទេ! ជួនកាល​ផ្ដើម​ចេញ​ពី​កំហុស​លើក​នេះ​លោកបង​អត់ទោស​ឲ្យ​​គាត់​បាន អ្នក​បង​អាច​នឹង​ភ្ញាក់ខ្លួន​ឡើង​វិញ​ផង! តែ​ប្រសិន​បើ​គាត់​នៅតែ​ចិញ្ចឹម​ចិត្ត​មិន​ចង់​ឲ្យ​ភីណា​នៅ​ផ្ទះ​ជុំ​ជាមួយ​ទៀត​ ចាំ​រក​មធ្យោបាយ​បន្ត! រឿង​បងប្អូន​ថ្លៃ​ស្រី​មិន​ត្រូវ​គ្នា​កើត​មាន​ហូរហែ​វា​អត់​មាន​អី​ចម្លែក​ទេ!
នឹក​ឃើញ​ដល់​រឿង​ផ្សេង​លោក​កុសល​សួរ​វិញ៖
-ចុះ​រឿង​ធ្លាក់​ជណ្ដើរ​កាល​ពី​យប់​មាន​ភ្លៀង​ធ្លាក់​នោះ ឯង​រក​ឃើញ​វិធី​បញ្ជាក់​ឬ​នៅ​ទូ?
-ឃើញ​វត្ថុ​អស់នេះ​ហើយ ចុះ​លោក​បង​ជឿ​ភីណា​ឬ​ជឿ​ប្រពន្ធ​បង​ឥឡូវ​នេះ?
លោក​កុសល​ឆ្លើយតប​វិញ៖
-វិទូ! ទោះបី​របស់​អស់​នេះ​បញ្ជាក់​ថា​កុលាប​មាន​រឿង​មួយ​ចំនួន​លាក់បាំង​បង! ប៉ុន្តែ​មិន​អាច​បញ្ជាក់​ការ​ពិត​នៅ​យប់​នោះ​បានទេ! ឥឡូវ​នេះ​​បង​ក៏​ចង់​ឲ្យ​ឯង​រក​ឃើញ​ការពិត​ឲ្យ​បាន​ឆាប់​ៗ​ដែរ​! ​បង​ចង់​ដឹង​រវាង​អ្នក​ទាំងពីរ​អ្នកណា​ជា​អ្នក​និយាយ​ពន្លើស!
-អញ្ចឹង​ហើយ​ខ្ញុំ​ត្រូវ​សួរ​ចម្លើយ​មនុស្ស​មួយ​ចំនួន!
លោក​កុសល​បើកភ្នែក​ធំ​ៗ៖
-មួយ​ចំនួន? អ្នកណា​ខ្លះ? តែ​កុលាប​និង​ភីណា​តទល់​គ្នា​ដូចជា​គ្រប់គ្រាន់​ហើយ​ដឹង​?
វិទូ​គ្រវី​ក្បាល៖
-សេណារីយោ​នេះ​ដូចជា​មិន​ងាយស្រួល​ដល់​ម្ល៉ឹង​ទេ! ខ្ញុំ​ត្រូវការ​សួរ​មនុស្ស​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត!
-អ្នកណា​ខ្លះ​ទៅ? (លោក​កុសល​សួរ​ទាន់ហន់)
-អ្នកបម្រើ​ទាំង​បី​ឥឡូវ​ស្លាប់​អស់​ម្នាក់​នៅ​ពីរ​នាក់! និង​ក្មេង​ជំទង់​ប្រុស​ស្រី​ពីរ​នាក់​នៅ​ជាប់​ផ្ទះ​នេះ​ផង!
លោក​កុសល​ចង​ចិញ្ចើម​សួរ​វិញ៖
-ក្មេង​ណា? មាន​ទាក់ទង​អី​នឹង​ពួកគេ?
វិទូ​ញញឹម​ដើរ​មក​ប្រឈម​នឹង​គាត់​ហើយ​ឆ្លើយ​តប​វិញ​៖
-ក្មេង​ប្រុស​ដែល​កាល​ពី​ពេល​យើង​ឃើញ​ចោរ​ចូល​មក​ជីក​ផើង​ផ្កា​រក​ខ្សែ​ក​ពេជ្រ​ គឺ​គេ​បាន​ប្ដឹង​ប៉ូលិស​ទាន់​ពេល! បង​ជឿ​ថា រឿង​ហេតុ​ជួន​គ្នា​ម្ល៉ឹង​ដែរ?
លោក​កុសល​រេ​ភ្នែក​រិះគិត៖
-ទូ​ឯង​ចង់​និយាយ​ថា…..?
វិទូ​មមី​ភ្នែក​របៀប​ត្រិះរិះ​តែ​មាត់​ក៏​មិន​ចោល​ប្រយោគ​សន្ទនា៖
-ក្មេង​នោះ​តាម​ពិត​មាន​បងស្រី​គេ​ម្នាក់​ទៀត​ធ្លាប់​លួច​ចូល​មក​ក្នុង​ផ្ទះ​នេះ​និយាយ​រឿង​ខ្មោច​ផ្ដេសផ្ដាស​បន្លាច​ភីណា! ប៉ុន្មាន​ថ្ងៃមុន​កើត​រឿង​ខ្ញុំ​ធ្លាប់​ជួប​ពួកគេ ស្មានថា​ក្មេងៗ​រាប់អាន​គ្នា​ធម្មតា​ប៉ុន្តែ​មួយ​រយៈ​ក្រោយ​មក​នេះ​បាន​ខ្ញុំ​ដឹង​ថា​ប្រធានបទ​ដែល​គេ​យក​មក​និយាយ​នឹង​ភីណា​អត់​មាន​អ្វី​ក្រៅ​ពី​រឿង​ខ្មោច​​នោះ​ទេ! ខ្ញុំ​សង្ស័យ​ថា​ពួកគេ​ជា​គ្នា​របស់​អ្នកបង! ពួក​គេ​រួម​គ្នា​បង្កើត​រឿង​ខ្មោច​ឲ្យ​ភីណា​ខ្លាច​ហើយ​លប​ទៅ​ដាក់​ថ្នាំ​ក្នុង​ប្រអប់​ថ្នាំ​​របស់​នាង​ឲ្យ​អារម្មណ៍​​នាង​រវើរវាយ បន្ទាប់មក​ក៏​តាក់តែង​ឆាក​ខ្មោច​លង​ជា​បន្តបន្ទាប់​ពង្វក់​អារម្មណ៍​នាង! ចុងក្រោយ​ដើម្បី​ឲ្យ​អ្វីៗ​កាន់តែ​ក្លាយ​ជា​ការពិត គេ​បាន​នាំគ្នា​ដាក់​ឆ្អឹង​ខ្មោច​ទៅ​ក្នុង​ផើង​នេះ​ហើយ​យប់​នោះ​ធ្វើ​ជា​នាំ​មនុស្ស​ពីរ​នាក់​នោះ​មក​គាស់​យក​ខ្សែ​ក​ដោយ​មាន​ម្នាក់​នៅ​ខាង​ក្រៅ​រង់​ចាំ​ប្ដឹង​ប៉ូលិស!
លោក​កុសល​និយាយ​កាត់​ផូង៖
-ចោរ​ពីរ​នាក់​នោះ​សារភាព​ប្រាប់​ប្អូន​ឯង​អញ្ចឹង?
វិទូ​ញញឹម​ចុងមាត់ នាយ​ងក់ក្បាល​ផ្ងក់ៗ​មិន​ចេញ​ស្ដី។ លោក​កុសល​ខាំ​មាត់​ហើយ​ពោល​រអ៊ូ​ៗ៖
-ស្រី​ចង្រៃ​នោះ ចង់​បាន​ស្អី​ធ្វើ​​រឿង​​ច្រើន​ម្ល៉ឹង​ៗ?
វិទូ​បន្ត​ពី​ប្រយោគ​ប្រកប​ដោយ​កំហឹង​របស់​បុរស​ម្ចាស់​ផ្ទះ៖
-ស្រីៗ ជួនកាល​ស្អី​ក៏​ហ៊ាន​ធ្វើ​ដែរ! ពិសេស​ដើម្បី​មនុស្ស​ដែល​គេ​ស្រលាញ់!
លោក​កុសល​បញ្ចេញ​ភ្លើង​កំហឹង​តាម​ពន្លឺ​ភ្នែក៖
-បើ​គេ​ស្រលាញ់​យើង ប្អូន​យើង​តែ​ម្នាក់​ប៉ុណ្ណឹង​គេ​ស្រលាញ់​មិន​បាន​មក​ធ្វើ​បាប​នាង​ដល់​ថ្នាក់​ចូល​ពេទ្យ​ម្ដង​ជា​ពីរ​ដង?
វិទូ​និយាយ​លលេង​មុន​ពេល​ចាក​ចេញ​ទៅ៖
-លោកបង​ស្រលាញ់​ប្អូន​ដល់​ថ្នាក់​ភ្លេច​ប្រពន្ធ​ទេ​ដឹង? ស្រីៗ​ប្រចែប្រចណ្ឌ​ផុត​លេខ​ហើយ​អា​រឿង​អញ្ចឹងៗ​!
លោក​កុសល​នៅ​ស្ងៀម​ក្រោម​ស្នូរ​​ជើងចាក​ចេញ​របស់​នាយ​ប៉ូលិស។
..ល្ងាច​បន្ទាប់​…
វិទូ​​ចូល​ទៅ​រក​ក្រមុំភីណា​ដ៏​ស្រស់ប្រិមប្រិយ​ដែល​ទើប​តែ​ចេញ​ពី​មន្ទីរពេទ្យ​ថ្មីៗ​មក​សម្រាក​ផ្ទះ​ខ្លួន​ដោយមាន​អ្នក​អួន​នៅ​តាម​បម្រើ​ព្រឹក ល្ងាច។ អ្នក​ដើរ​មក​ដល់​សួនច្បារ​ក៏​ឃើញ​នាង​កំពុង​មើល​ទស្សនាវដ្ដី​ម្នាក់ឯង​ក្បែរ​កែវ​ទឹក​ក្រូច។
គេ​និយាយ​លេង​ជាមួយ​នាង​បំបាត់​ភាព​អផ្សុក​ដែល​ស្រី​ស្អាត​ក្មេង​វ័យ​ត្រូវ​រសាត់​ឆ្ងាយ​ពី​ផ្ទះ​មក​នៅ​ទីនេះ​ដោយសារ​រឿងរ៉ាវ​ជា​ច្រើន​ក្នុង​រង្វង់​គ្រួសារ​នាង។​ ហើយ​ចុងក្រោយ​គេ​ ក៏​ភីណា​ស្ទាបស្ទង់​ពី​ទំនាក់​ទំនង​នាង​និង​បងថ្លៃ​ស្រី។
-និយាយ​អញ្ចឹង​មុន​ពេល​មាន​រឿង​រអិល​ពី​លើ​ជណ្ដើរ​នោះ អូន​ឯង​និង​អ្នកបង​ធ្លាប់​មាន​អី​អាក់អន់​ចិត្ត​គ្នា​ទេ?
នារី​រក​នឹក​បន្តិច ទើប​​តប​មក​កាន់​អ្នក​កំលោះ៖
-អត់ទេ! គឺ​ធម្មតា!
-ចុះ​ម៉េច​ក៏​មួយ​រយៈ​ក្រោយ​នេះ​ដូចជា…??
ភីណា​ប្រញាប់​បន្លឺ​ទៅ​កាន់​កំលោះ​គូ​ស្នេហ៍៖
-មក​ពី​គាត់​និយាយ​កុហក​អ្នក​រាល់​គ្នា​បាន​ជា​ខ្ញុំ​ស្អប់​គាត់​ទៅ!
-ចុះ​អូន​នៅតែ​ជឿ​ថា​គាត់​ស្លាប់​បាត់​ហើយ​ដែរ?
សម្លឹង​ទៅ​សៀវភៅ​បរទេស​មួយ​ក្បាល​ដែល​នៅ​លើ​ដៃ​នាង​ក្រមុំ​កំពុង​លើក​បង្ហាញ​មក​នោះ វិទូ​ដើរ​ចូល​ទៅ​អង្គុយ​ក្បែរ​នាង​ទាំង​លូក​ដៃ​ទទួល​យក​សៀវភៅ​មក​មើល សំឡេង​ភីណា​នៅ​តែ​ពោល​ប្រាប់​មក​កាន់​អ្នក​កំលោះ៖
-​ឯកសារ​អស់នេះ​បញ្ជាក់​ថា ជួន​កាល​មនុស្ស​ខ្លះ​អស់​ដង្ហើម​មួយខណៈ​ដោយសារ​តែ​ភ័យ​ពេក បាន​ន័យ​ថា​យប់​នោះ​គាត់​អាច​គាំង​ដង្ហើម​តែ​មិន​ស្លាប់​ទេ! ប៉ុន្តែ ខ្ញុំ​ឆ្ងល់​តែ​រឿង​ដែល​គាត់​និយាយ​កុហក​ថា​អត់​មាន​រឿង​អី​កើតឡើង​ហ្នឹងឯង! ខ្ញុំ​មិន​ដឹង​គាត់​ចង់​យ៉ាងម៉េច​ទេ! ចោរ​ចូល​ផ្ទះ​មិនមែន​កំហុស​គាត់​ទេ ហេតុអ្វី​គាត់​ចាំបាច់​និយាយ​បំផ្លើស​ថា​ខ្ញុំ​ឈ្លោះ​នឹង​គាត់​ហើយ​បើកឡាន​ចេញ? ស៊យ​ណាស់ ឡាន​បង​សល​នៅ​សុខ​ៗ​ដាច់​ហ្វាំ្រង​ទៀត បើ​កុំ​អញ្ចឹង ខ្ញុំ​មិនមែន​មានគ្រោះថ្នាក់​ចូល​ពេទ្យ​ច្រើន​ថ្ងៃ​ទុក​ពេល​ឲ្យ​អ្នកបង​បាន​ភរ​គេ​ឯង​ទេ!
វិទូ​ដក​ភ្នែក​ពី​សៀវភៅ​ទៅ​ដោយ​ពោល​សួរ​មក​កាន់​នាង​ក្រមុំ​យ៉ាង​រហ័ស៖
-ឡាន​ដាច់​ហ្វ្រាំង?
ភីណា​ងក់ក្បាល​ផ្ងក់ៗ​ដោយ​ភ្នែក​មូល​ក្លំ​ងឿងឆ្ងល់​នឹង​ប្រតិកម្ម​របស់​គូស្នេហ៍។ នាង​មិនទាន់​និយាយ​យ៉ាងណា​ទៀត​ផង ស្រាប់តែ​លឺ​វិទូ​សួរ​រន្ថើន​ក្នុង​សំឡេង​ខ្សឹបៗ​៖
-ភីណា! រឿង​ឡាន​ដាច់​ហ្វ្រាំង​មាន​អ្នកណា​ដឹង​ខ្លះ?
នារី​ឆ្លើយតប​ដោយ​ងីងើ​នឹង​ប្រតិកម្ម​ប្លែក​របស់​វិទូ៖
-អត់​ឯណា! ខ្ញុំ​ប្រាប់​តែ​បង​សល​ម្នាក់​ហ្នឹង!
វិទូ​ឈ្ងោក​សម្លឹង​ដី​រួច​រិះ​គិត​មិន​ចេញ​ស្តី​ធ្វើ​ឲ្យ​ស្រី​ស្អាត​ទៅ​ជា​ញញឹម។ នាង​បត់​សៀវភៅ​ទុក​រួច​និយាយ៖
-បង​ឯង​កុំ​ស្មុគ​ពេក! ឥឡូវ​ខ្ញុំ​ឈប់​គិត​​រឿង​អស់​ហ្នឹង​ហើយ!
វិទូ​មិន​ឆ្លើយ​តប​ថា​យ៉ាង​ណា​ផង ក៏​ស្រាប់​តែ​លឺ​ភីណា​និយាយ​បន្ថែម​៖
-ខ្ញុំ​ទើប​នឹង​ដឹង​ថា កន្លង​មក​ធ្វើ​ឲ្យ​បង​សល​ពិបាក​ចិត្ត​ច្រើន​ណាស់​! ម្ខាង​ប្រពន្ធ​ម្ខាង​ប្អូន! ខ្ញុំ​គិត​ទៅ​មិន​សម​រវើរវាយ​ធ្វើ​រឿង​ផ្ដេសផ្ដាស​ម្ល៉ឹង​ៗ​ទេ!
ភីណា​និយាយ​ចប់​ភ្លាម វិទូ​បន្លឺ​សួរ​ភ្លាម​ដែរ៖
-ភីណា! លោកបង​ស្រលាញ់​អូន​ណាស់​មែន​អត់?
ភីណា​បូញ​មាត់​ឆ្លើយ​​ភ្លាម៖
-ត្រូវហើយ! គាត់​ត្រូវ​តែ​ស្រលាញ់​ខ្ញុំ​អញ្ចឹង! បង​ឯង​ហ៊ាន​ធ្វើ​​បាប​ខ្ញុំ គង់​តែ​ដឹង​ទេ!
វិទូ​ដៀង​ភ្នែក​សម្លឹង​មក​នាង​ អ្នក​កំលោះ​បន្លឺ​សួរ​មួយ​ៗ​បន្ថែម៖
-ចុះ​លោកបង​ស្រលាញ់​អ្នកបង​ដែរ​ទេ?
នាង​​បន្លឺ​តប​វិញ​ភ្លាម៖
-បង​សល​ជួប​អ្នកបង​កាល​គាត់​ទៅ​បារាំង​រកស៊ី! អ្នកបង​នៅ​ទីនោះ​រៀន​ពេទ្យ​បាន​តែ​ពីរ​ឆ្នាំ​ក៏​សុខ​ចិត្ត​មក​រៀបការ​ជាមួយ​លោក​បង! ពួកគាត់​ស្រលាញ់​គ្នា​ណាស់! គាត់​ចាស់​ជាង​អ្នកបង​ជាង​១០​ឆ្នាំ អ្នក​បង​ស្អាត​ហើយ​ក្មេង​ទៀត​រឿង​អី​ថា​គាត់​មិន​ស្រលាញ់!?
​វិទូ​ងើប​មុខ​សម្លឹង​នាង​ក្រមុំ​ដែល​កំពុង​រៀបរាប់​ប្រាប់​អ្នក​កំលោះ​ៗ​សញ្ជឹង​គិត​ស្ងាត់​ៗ​ក្នុង​ចិត្ត​តែ​ម្នាក់​ឯង៖
“តើ​តាម​ពិត​ទៅ​ស្ត្រី​នោះ​ត្រូវការ​អ្វី​ឲ្យ​ប្រាកដ? ហើយ​រវាង​​ប្ដី​ប្រពន្ធ​នោះ​មាន​រឿង​អ្វី?”
-អ្ហេ៎​បង​គិត​ទៅ​ដល់​ណា​ហើយ​ហ្នឹង? (នាង​ពញ្ញាក់​អ្នក​កំលោះ)
វិទូ​​ឆ្លើយ​តប​៖
-បង​កំពុង​គិត​ថា សូម្បី​តែ​អូន​ឯង​ក៏​អាយុ​តិច​ជាង​បង​សល់​ច្រើន​ហួស​ដែរ!​​
​ភីណា​លាន់​មាត់​ដោយ​ទឹក​មុខ​ខ្និចខ្នក់៖
-អញ្ចឹង​បាន​បងប្រុស​គេ​ស្រលាញ់​គេ​ដឹង​អត់? បង​ឯង​ច្រណែន??
ភ្លាម​នោះ​ទំនង​ដូច​ជា​នឹក​ឃើញ​ដល់​រឿង​អ្វី​មួយ​វិទូ​ងាក​មក​រក​​សួរ​នាង​បន្ថែម៖
-ភីណាអ្ហ៎ា?
-ចា៎!
-ចុះ​បើ​ថ្ងៃ​ណា​មួយ ប៉ូលិស​រក​ឃើញ​ថា​អ្នកបង​ធ្វើ​រឿង​ខុស​ត្រូវ​ជាប់​ទោស​ដល់​ថ្នាក់​ជាប់គុក​ជាប់​អី អូន​គិត​យ៉ាងម៉េច?
ភីណា​ធ្លាក់​ទឹក​មុខ នាង​គិត​បន្តិច​ទើប​ដាច់ចិត្ត​ឆ្លើយ៖
-ក្នុង​ចិត្ត​ខ្ញុំ​ អ្នក​បង​បាន​ស្លាប់​តាំងពី​យប់​​នោះ​មក​ម្ល៉េះ! ឥឡូវនេះ​ស្រី​ដែល​នៅ​ផ្ទះ​ខ្ញុំ​មិន​ដឹង​ជា​អ្នក​ណា​ផង​ទេ! ហើយ​បើ​គេ​ធ្វើអ្វី​ខុស​ច្បាប់​ អ្នកណា​ធ្វើ​អ្នក​ហ្នឹង​ទទួល ខ្ញុំ​មាន​អី​ទៅ​ខ្វល់​កើត!
-ចុះ​បើ​គាត់​ជា​បងស្រី​បង្កើត​របស់​អូន​វិញ​ហើយ​ត្រូវ​ជាប់​ទោស​អូន​គិត​ម៉េច​វិញ​ភីណា?
ស្រី​ស្អាត​បញ្ចេញ​ភាព​ទាក់​ទើរ​លើ​ផ្ទៃ​មុខ​រហូត​ដល់​ក្លាយ​ជា​សញ្ញា​តឹងតែង​អារម្មណ៍​ហាក់​ខ្ជិល​គិត​នាង​ក៏​គ្រវីក្បាល​និយាយ​ភ្លាម៖
-មិន​ដឹង​ទេ! នៅ​សុខ​ៗ​មក​សួរ​​សំណួរ​អពមង្គល! ខ្ញុំ​មាន​បងស្រី​ពី​ណា​មក​បើ​មាន​រឿង​អី​គាត់​ទៅ​ធ្វើ​អាក្រក់​​នោះ?
វិទូ​ដឹង​ថា​នាង​ទើប​តែ​ចេញ​ពី​ពេទ្យ​មិន​ចង់​ធ្វើ​ឲ្យ​នាង​គិត​ច្រើន​ប្រុង​និយាយ​សម្រួល​អារម្មណ៍​ស្រី​មក​វិញ​ស្រាប់តែ​លឺ​សូរ​ទូរ​សព្ទ​រោទ៍។ គេ​ងាក​និយាយ​ជាមួយ​នាង​ក្រមុំ​មុន​ពេល​ចាកចេញ​ទៅ​និយាយ​ទូរសព្ទ​៖
-ភីណា​! តិច​ទៀត​ញ៉ាំ​បាយ​ជាមួយ​គ្នា!
នាង​ក្រមុំ​ញញឹម​ដោយ​គ្មាន​មន្ទិល​សង្ស័យ។​ អ្នកកំលោះ​ដើរ​ចាកចេញ​ពី​នាង​ទុក​ឲ្យ​ស្រី​តូច​បន្ត​ការ​អាន​របស់​នាង​។ ឯ​​អ្នក​កំលោះ​វិញ​​ចុច​ទទួល​ទូរសព្ទ​ដែល​កំពុង​លាន់​ឡើង​ញាប់​រន្ថាន់ ដោយ​ពោល​សួរ​បន្ត៖
-ម៉េច​ហើយ?
សំឡេង​​ពី​ចុង​ម្ខាង​ឆ្លើយ​តប​វិញ​ដោយ​ប្រញាប់ប្រញាល់​៖
-រក​ឃើញ​អស់​ហើយ! ចាំ​ជួប​គ្នា​ចាំ​និយាយ!
វិទូ​រត់​តម្រង់​ម៉ូតូ​វាក់អ៊ើ​នឹង​អ្នក​អួន​កំពុង​លើក​អាហារ​សម្រន់​តម្រង់​សួនច្បារ​បម្រើ​អ្នកនាង​តូច​របស់​គាត់ កំលោះ​​នាយ​ប៉ូលិស​និយាយ​ទៅ​កាន់​គាត់​ភ្លាម​៖
-មីង! ប្រាប់​អ្នកនាង​មីង​ផង ខ្ញុំ​មាន​ការងារ​បន្ទាន់​នៅ​កន្លែង​ធ្វើការ កុំ​ឲ្យ​គេ​ចាំ​បាយ​ខ្ញុំ!
ក្រោម​ផ្ទៃ​មេឃ​ហៀប​អស្ដង្គត​សាជាថ្មី វិទូ​មក​ដល់​ភូមិ​គ្រឹះ​ធំ​ស្កឹមស្កៃ​របស់​លោក​កុសល។ អ្នក​កំលោះ​​ឈាន​ជើង​ចូល​ក្នុង​ផុត​ព្រំ​របង​តាម​ការ​ស្វាគមន៍​របស់​ពូ​សួស​ទន្ទឹម​នឹង​ពេល​ប៉ូលិស​ផ្នែក​ព្រហ្មទណ្ឌ​មួយ​ឡាន​ទៀត​មក​ដល់​ដែរ។
-ពូ! ពួក​ខ្ញុំ​សុំ​អញ្ជើញ​អ្នកបង​ទៅ​ប៉ុស្តិ៍​ដើម្បី​សាកសួរ​រឿងរ៉ាវ​ខ្លះ!
បុរស​អ្នក​ថែ​សួន​ប្ដូរ​ទឹកមុខ​ព្រោះ​ថា​ទោះបី​យ៉ាងណា​ការ​ដែល​ប៉ូលិស​នាំគ្នា​មក​ច្រើន​ហើយ​សួររក​អ្នកស្រី​របស់​ខ្លួន គ្មាន​សញ្ញា​ថា​ពួកគេ​នាំ​មក​នូវ​រឿងរ៉ាវ​ល្អ​នោះ​ទេ។ គាត់​ឱន​កាយ​គោរព​ក្រុម​សមត្ថកិច្ច​ជាមួយ​វាចា​សមរម្យ៖
-ខ្ញុំ​ឡើង​ទៅ​ជម្រាប​អ្នកស្រី​ភ្លាម!
បុរស​អ្នក​ថែ​សួន​ដើរ​ចូល​ទៅ​ក្នុង​ផ្ទះ​ធំ​ដោយ​មាន​វិទូ​ឈាន​ចូល​តាម​ពី​ក្រោយ​យឺត​ៗ បន្ទាប់​មក​ប៉ូលិស​ពីរ​បី​នាក់​ឈាន​ចូល​ទៅ​ជាមួយ​ដែរ។
គេ​មិន​ឆ្ងល់​ទេ​ចំពោះ​ភាព​ស្ងាត់​ជ្រងំ​នៃ​គេហដ្ឋាន​នេះ ព្រោះ​តាំង​ពី​ភីណា​ចាកចេញ​ មីង​ម៉ាប់​ស្លាប់ មីង​អួន​ទៅ​តាម​បម្រើ​អ្នកនាង​តូច​គាត់​ក្នុង​ផ្ទះ​សល់​តែ​លោក​កុសល​ភរិយា​គាត់​និង​បុរស​ថែ​សួន​នេះ​ប៉ុណ្ណោះ​។
ពួក​ប៉ូលិស​ឈរ​ជា​ក្រុម​ពីរ​នាក់និង​បី​នាក់​ជជែក​គ្នា​រអុះ​ៗ​ដោយ​សម្លឹង​បរិវេណ​ផ្ទះ​ទំាង​យក​ចិត្ត​ទុក​ដាក់ បណ្ដោយ​ឲ្យ​ពេលវេលា​មួយ​នាទី​អូស​បន្លាយ​ទៅ​រហូត​ដល់​បី​នាទី…..។ វិទូ​ងើប​មុខ​សម្លឹង​ទៅ​ជាន់​ខាងលើ អ្នក​កំលោះ​ឃើញ​ពូ​សួស​រត់​ត្រហេបត្រហប​មក​ដោយ​ទឹកមុខ​ស្លេកស្លាំង​…..ដោយ​សង្ស័យ​អ្នក​កំលោះ​​ស្ទុះ​វឹង​ទៅ​កាន់​ទីនោះ​តាម​ជណ្ដើរ​ថ្មើរជើង​ជាមួយ​សំណួរ​ក្នុង​ពេល​ទន្ទឹមគ្នា៖
-ឯណា​អ្នកបង?
តាម​ពិត​ដែល​ពូ​សួស​ចំណាយ​ពេល​យូរ​ព្រោះ​អ្នកស្រី​សំងំ​ក្នុង​បន្ទប់​មិនព្រម​បើកទ្វារ​តាម​ការ​គោះ​ហៅ​របស់​គាត់​សោះ ម្ល៉ោះហើយ​ក្រុម​ប៉ូលិស​បាន​សម្រេច​ចិត្ត​ទម្លាយ​ទ្វារ​ចូល​ទៅ​ខាង​ក្នុង​។
អ្នកស្រី​កុលាប​ដែល​ពួកគេ​ចង់​ជួប​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដង្ហើម​ចង្រិត​ហើយ​រាងកាយ​គាត់​ពោរពេញ​ដោយ​ដំបៅ​ស្អុយ​រលួយ​ដូចជា​ប្រតិកម្ម​ហ្នឹង​អ្វី​មួយ។ ស្ត្រី​នោះ​នៅ​មាន​ដង្ហើម​នៅ​ឡើយ គាត់​ខំ​បើកភ្នែក​ប្រឹម​ៗ​ពេល​ឃើញ​វិទូ ហើយ​គាត់​ត្រដាបត្រដួស​ចង់​ក្រោក​ពី​លើ​គ្រែ​មក​រក​នាយ។
វិទូ​តក់ស្លុត អ្នក​កំលោះ​និយាយ​តិចៗ​តែ​ដាច់​ណាត់​ទៅ​កាន់​ប៉ូលិស​ក្រោម​បង្គាប់៖
-ហៅ​ឡាន​ពេទ្យ!
គេ​លូក​យក​ម៉ាស​មក​ពាក់​ហើយ​និង​ស្រោមដៃ​ដោយ​ស្ទុះ​ចូល​ទៅ​ក្បែរ​ស្ត្រី​រងគ្រោះ។
-អ្នកបង! តាំង​ស្មារតី​ឡើង!
បបូរមាត់​ស្ត្រី​នោះ​កម្រើក​ហាក់​ចង់​និយាយ​អ្វី​មួយ​តែ​អណ្ដាត​គាត់​រឹង​និយាយ​មិន​ចេញ​បាន​ត្រឹម​បញ្ចេញ​សំឡេង​អឹះ​ៗ​និង​ទឹកភ្នែក​ហូរ​រហាម។ វិទូ​ដៀង​ភ្នែក​ទៅ​រក​ពូ​សួស​ដែល​ឈរ​ញ័រ​ខ្លួន​ចំប្រប់​នៅ​ខាង​ក្រោយ​ខ្នង អ្នក​កំលោះពោល​សួរ​ម៉ាត់​ៗ៖
-ពូ​សួស! ឯណា​លោកបង?
បុរស​បាន​បម្រើ​ឆ្លើយ​ដោយ​ទឹកភ្នែក​អាណិត​ម្ចាស់ស្រី​៖
-ទាន​ប្រុស​ទៅ​ថៃ​កាល​ពី​ព្រឹកមិញ! គាត់​ចោល​ការងារ​នៅ​ទីនោះ​យូរ​ក្រែល​ដែរ​ដោយសារ​អ្នកនាង​តូច​ភីណា​ឈឺ​បាន​អ្នកនាង​ចេញ​​ពី​ពេទ្យ​ភ្លាម​គាត់​ឆ្លៀត​ទៅ​ភ្លាម! គាត់​ថា​ស្អែក​រសៀល​ត្រឡប់​មក​វិញ​ហើយ!​
​វគ្គ​ទី​១១
វត្ថុ​តាង​ចុងក្រោយ
​….លោក​កុសល​ចូល​មក​កាន់​ច្រក​ទ្វារ​ប្រលាន​យន្តហោះ​ដោយ​ទឹកមុខ​រលះរលាំង។ វិទូ​និង​ប៉ូលិស​ពីរ​បី​នាក់​ទៀត​នៅ​ទីនោះ​ស្រាប់​ដើរ​តម្រង់​មក​រក​គាត់​ហើយ​ពួកគេ​បាន​នាំ​បុរស​អភិជន​ឡើង​រថយន្ត​ដែល​បញ្ឆេះ​ចាំ​ជាស្រេច។
ឡាន​បោល​ចេញ​សឹង​មិនទាន់ បុរស​អភិជន​ហើប​មាត់​សួរ​ភ្លាម៖
-ប្រពន្ធ​ខ្ញុំ​កើត​អី?
កំលោះ​អនាគត​ប្អូន​ថ្លៃ​នៅ​ស្ងៀម តែ​គូកន​គេ​ម្នាក់​ងើប​មុខ​តប​មក​រក​លោក​កុសល​ដោយ​ម៉ឺងម៉ាត់៖
-ខ្ញុំ​ជា​ពេទ្យ​កោសល្យវិច័យ! ខ្ញុំ​ឆ្លើយ​នឹង​សំណួរ​លោក​ចុះ! អ្នកស្រី​កុលាប​មាន​ស្ថានភាព​ចេញ​ដំបៅ​រលួយ​ពេញ​ទាំង​ខ្លួន ថ្លើម​និង​សរីរាង្គ​ខាង​ក្នុង​ផ្សេង​ទៀត​មាន​ជាតិពុល​ជ្រៀត​ចូល​៨០ភាគរយ! ស្ថានភាព​គាត់​មិន​ខុស​ពី​ស្ត្រី​បម្រើ​លោក​ដែល​ឈ្មោះ​ម៉ាប់​នោះ​ទេ! គឺ​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​សារធាតុ​គីមី​អ្វី​ម្យ៉ាង​ដ៏​សាហាវ​!
លោក​កុសល​ប្ដូរ​ទឹក​មុខ គាត់​ងាក​សម្លឹង​ទៅ​តាម​ដង​ផ្លូវ​ដែល​រថយន្ត​កំពុង​បោល​កាត់ គាត់​និយាយ​ស្រងូត៖
-ខ្ញុំ​ចង់​ជួប​នាង!
ប៉ូលិស​ម្នាក់​ផ្សេង​ទៀត​និយាយ​កាត់​ផូង៖
-សុំទោស! ពួក​ខ្ញុំ​ត្រូវ​នាំ​លោក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍!
សូម​រង់​ចាំ​តាម​ដាន​អាន​ភាគ​បន្ត​នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ​នេះ...

ប្រភព : សប្បាយ