អគ្គិភ័យឆាប ឆេះស្ថានីយប្រេង ឥន្ធនៈសូគីម៊ិច នៅគល់ស្ពានកំពង់ ត្របែកខាងកើត បណ្តាលមកពី ទុស្សេខ្សែភ្លើង
ខេត្តព្រៃវែង ៖ ហេតុការណ៍អគ្គិភ័យដែលបានឆាបឆេះស្ថានីយប្រេងឥន្ធនៈសូគីម៊ិចមួយកន្លែងយ៉ាងសន្ធោសន្ធៅ ក្បែរគល់ស្ពានកំពង់ត្របែកខាងកើត កាលពីវេលាម៉ោង ៤ និង ១០នាទី រសៀលថ្ងៃទី០១ សីហា ២០១៣ តាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងឃុំប្រាសាទ ស្រុកកំពង់ត្របែក គឺបណ្តាលមកពីទុស្សេខ្សែភ្លើងក្នុងផ្ទះរបស់ម្ចាស់ស្ថានីយប្រេង ដែលមានផ្ទះក្នុងស្ថានីយប្រេងនេះតែម្តង ។
នៅក្នុងការឆាបឆេះនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅម្តុំនោះ បានប្រមូលឥវ៉ាន់រត់ចេញពីលំនៅដ្ឋាន ព្រោះតែមានការភ័យខ្លាចឆេះរាលដាលដល់ផ្ទះរបស់ពួកគាត់ បណ្តាលឱ្យមានការកកស្ទះចរាចរណ៍ជាង ២ម៉ោង ហើយភ្លាមៗ កម្លាំងសមត្ថកិច្ចនគរបាល ប៉េអឹម បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ និងជួយសម្រួលចរាចរណ៍ឱ្យត្រលប់មកធម្មតាវិញ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅក្នុងស្ថានីយប្រេងឥន្ធនៈសូគីម៊ិចខាងលើ មានដាក់លក់នូវស្រូវ អង្ករ ថ្នាំកសិកម្ម និងប្រេងរាប់ពាន់លីត្រ ហើយការឆាបឆេះនេះ បានធ្វើឱ្យខូចខាតទ្រព្យសម្បត្តិគិតជាទឹកប្រាក់ជាង ១០ម៉ឺនដុល្លារអាមេរិក ។
គួរបញ្ជាក់ថា នៅពេលមានការឆេះប្រហែល ១ម៉ោង គេឃើញមានរថយន្តពន្លត់អគ្គិភ័យរបស់ខេត្តស្វាយរៀង ចំនួន ១គ្រឿង បានចេញមកអន្តរាគមន៍បាញ់ពន្លត់ ហើយនៅម៉ោងប្រមាណជា ៦ល្ងាច ក៏ឃើញមានរថយន្តពន្លត់អគ្គិភ័យរបស់ខេត្តព្រៃវែង ចំនួន ២គ្រឿងទៀត ចេញមកជួយបាញ់ពន្លត់ផងដែរ ហើយភ្លើងបានរលត់ជាស្ថាពរនៅម៉ោង ៦ និង ៣០នាទី ល្ងាចថ្ងៃដដែលនេះ ៕