ជំនន់ទឹកភ្លៀង ជន់លិចផ្លូវលំ ផ្លូវបេតុង សាលារៀន និងផ្ទះអ្នកស្រុក រាប់រយគ្រួសារ
ក្រុងប៉ោយប៉ែត ៖ ក្រោយពីភ្លៀងធ្លាក់យ៉ាងខ្លាំងកាលពីយប់ថ្ងៃទី២៩ កក្កដា និងជាច្រើនម៉ោង នៅរសៀលថ្ងៃបន្ទាប់បានបង្កជាជំនន់ទឹកភ្លៀងធ្វើឱ្យជន់លិចហេដ្ឋារចនាសម្ព័ន្ធ និងលំនៅឋានជាច្រើនរយគ្រួសារនៅក្រុងប៉ោយប៉ែត ពិសេសក្នុងសង្កាត់ប៉ោយប៉ែត ។
ក្នុងហេតុការណ៍ជំនន់ទឹកភ្លៀងនេះដែរ សាលារៀន២កន្លែងបានជន់លិចធ្ងន់ធ្ងរ ដែលសិស្សមិនអាចចូលរៀនបាន គឺសាលាបឋមសិក្សាព្រហ្មនិមិត្ត និងវិទ្យាល័យអូរជ្រៅ ។ សូម្បីតែបង់សម្រាប់អង្គុយលេងតាមមុខថ្នាក់រៀនក៏លិចស្ទើរផុតផងដែរ ។ អ្នកស្រុករអ៊ូរទាំពីបញ្ហាខាងលើថា កើតមានស្ទើររាល់ឆ្នាំឱ្យតែដល់រដូវវស្សាហើយពួកគាត់បានចោទបញ្ហានេះទៅនឹងករណីប្រព័ន្ធលូធំៗតាមដងផ្លូវជាតិបានបាក់ខូច ដោយសាររថយន្តដឹកទំនិញធំៗកិនបែកជាច្រើនកន្លែង និងមានកន្លែងខ្លះធ្លាក់គម្របអណ្តូងលូបង្កឱ្យសំរាមកកស្ទះទើបទឹកហូរមិនទាន់ ដែលអាជ្ញាធរមិនឃើញមានវិធានការសោះ ។
ទោះជាយ៉ាងណា នៅព្រឹកថ្ងៃទី៣១ កក្កដា គេឃើញអាជ្ញាធរសង្កាត់និងក្រុងប៉ោយប៉ែតបានយកគ្រឿងចក្រ២ទៅ៣គ្រឿងកាយមុខទឹក ដើម្បីឱ្យហូរទៅទីទំនាបបញ្ចៀសការលិចលង់ដែលកាន់តែធ្ងន់ធ្ងរ ។ ការលិចលង់ដោយជំនន់ទឹកភ្លៀងនេះ ចំនួនអ្នករងគ្រោះមិនត្រូវបានអាជ្ញាធរក្រុងប្រាប់ឱ្យដឹងនោះទេ ហើយខណៈភ្នាក់ងារកោះសន្តិភាពសាកសួរបញ្ហាខាងលើត្រូវលោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងនិយាយថា មើលខ្លួនឯងទៅ ខ្ញុំរវល់ណាស់ គ្មានពេលនិយាយទេ ដែលការនិយាយបែបនេះធ្វើឱ្យពិបាកក្នុងការទទួលបានទិន្នន័យអ្នករងគ្រោះ ។ តាមពិតទៅ បើអាជ្ញាធរក្រុងមានវិធានការស្តារលូមុនរដូវវស្សា ប្រហែលមិនវេទនានៅពេលនេះទេ ព្រោះអូរព្រំដែននៅជាប់ក្រុងប៉ោយប៉ែត ហេតុអីទឹកលិចក្រុង ?ប្រភព កោះសន្តិភាព
