ប្រទះឃើញ សពទារកប្លុង ចោលក្បែរគំនរ សំរាមមុខ មន្ទីរពេទ្យកាល់ម៉ែត
រាជធានីភ្នំពេញ ៖ សពទារកទើបនឹងកើតម្នាក់ត្រូវគេប្រទះឃើញប្លុងចោលនៅក្បែរគំនរសំរាមមុខមន្ទីរពេទ្យកាល់ម៉ែតឆៀងខាងជើងស្ថិតនៅចំណុចមហាវិថីព្រះមុនីវង្សកែងវិថីនគររាជ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋមកចោមរោមមើល កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី៤ សីហា ២០១៣ ។
ទារកនេះត្រូវគេសន្និដ្ឋានថា ទើបនឹងកើតប្រហែល១សប្តាហ៍ និងមានទំងន់ប្រហែល២គីឡូក្រាម ហើយត្រូវគេសង្ស័យថា ស្លាប់ដោយសារមាននរណាម្នាក់ចាប់បោកផ្ទប់នឹងវត្ថុរឹងបណ្តាលឱ្យបែកមុខ និងក្បាលខ្ទេច រួចយកមកប្លុងចោលក្បែរគំនរសំរាមមុខមន្ទីរពេទ្យកាល់ម៉ែត។
ក្នុងទិដ្ឋភាពចោមរោមមើលសពទារកនោះគេសង្កេតឃើញប៉ូលិសមកពិនិត្យមើលដែរ ប៉ុន្តែគេមិនទាន់ដឹងថា មានចំណាត់ការយ៉ាងណាទេ ៕ប្រភព កោះសន្តិភាព