អង្គការ សហប្រជាជាតិ ទាមទារឲ្យ មានការ វិនិច្ឆ័យដ៏យុត្តិធម៌ សម្រាប់ការ បោះឆ្នោត នៅកម្ពុជា
ទាក់ទងទៅនឹងបញ្ហាចម្រូងចម្រាស ក្រោយការបោះឆ្នោតនៅកម្ពុជា អង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ ម្សិលមិញ បានទាមទារឲ្យមានការវិនិច្ឆ័យដ៏យុត្តិធម៌មួយ។ យ៉ាងណាក៏ដោយ ស្ថាប័ននេះ មិនទាន់ទទួលបានការស្នើសុំជាផ្លូវការពីភាគីណាមួយ ឲ្យចូលរួមស៊ើបអង្កេតលើបញ្ហាចម្រូងចម្រាស ក្រោយការបោះឆ្នោតនេះនៅឡើយទេ។
យោងតាមទីភ្នាក់ងារព័ត៌មានបារាំង AFP អង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ ទី៣ខែសីហាកន្លងទៅ បានទាមទារឲ្យមានការវិនិច្ឆ័យដ៏យុត្តិធម៌មួយ ពាក់ព័ន្ធនឹងបញ្ហាចម្រូងចម្រាសក្រោយការបោះឆ្នោត នៅកម្ពុជា។
គណបក្សប្រឆាំងបានអះអាងថា មានភាពមិនប្រក្រតីជាច្រើនកើតមានឡើង នៅក្នុងការបោះឆ្នោត ថ្ងៃទី២៨កក្កដា។ គណបក្សប្រឆាំងនេះ ថែមទាំងបានដង្ហោយរកអង្គការសហប្រជាជាតិ ឲ្យជួយស៊ើបអង្កេតលើបញ្ហានេះ។ យ៉ាងណាក៏ដោយ អង្គការសហប្រជាជាតិ អះអាងថា ខ្លួននៅមិនទាន់បានទទួលសំណើជាផ្លូវការណាមួយ ឲ្យចូលរួមស៊ើបអង្កេតលើបញ្ហាចម្រូងចម្រាស ក្រោយការបោះឆ្នោតនេះនៅឡើយទេ។
នៅក្នុងការបោះឆ្នោតជាតិអាណត្តិទី៥ នៅកម្ពុជានេះ អង្គការសហប្រជាជាតិមិនបានលូកដៃចូលទាល់តែសោះ។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Martin Nesirky បានឲ្យដឹងថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន បាននឹងកំពុងតែតាមដានការវិវត្តន៍នៃការបោះឆ្នោតនៅកម្ពុជា ចាប់តាំងពីបញ្ហាចម្រូងចម្រាសនេះផ្ទុះឡើងមកម្ល៉េះ។
អ្នកនាំពាក្យរូបនេះបន្ថែមថា អង្គការសហប្រជាជាតិស្វាគមចំពោះបណ្ដឹងតវ៉ាលើដំណើរការបោះឆ្នោត ឬការវិនិច្ឆ័យដ៏យុត្តិធម៌លើការបោះឆ្នោតនៅកម្ពុជា ក្នុងគោលបំណងបញ្ជាក់ពីភាពត្រឹមត្រូវ និងសេចក្ដីគោរព ចំពោះឆន្ទៈរបស់ពលរដ្ឋកម្ពុជាទាំងអស់៕
______________________________
ប្រភពព័ត៌មាន៖ RFI ភាសាខ្មែរ
ប្រភពព័ត៌មាន៖ RFI ភាសាខ្មែរ