ជន​សង្ស័យ​ លួច​ម៉ូតូ​ម្នាក់​ត្រូវ​ សមត្ថ​កិច្ច​ស្រុក​ កំពង់សិលា​ ក្របួច​បាន

8/04/2013 0 Comments A+ a-

ស្រុក​ព្រៃនប់ ៖ ជន​សង្ស័យលួចម៉ូតូ​ម្នាក់​ក្នុង​ចំណោម​២​នាក់​ត្រូវ​សមត្ថ​កិច្ច​ស្រុក​ព្រៃ​នប់​សហការ​ជាមួយ​សមត្ថ​កិច្ច​ស្រុក​កំពង់​សិលា​​ស្ទាក់​ឃាត់​ខ្លួន​​បាន​កាល​ពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​៣ សីហា ២០១៣ នៅ​​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤​ ក្នុង​ស្រុក​កំពង់​សិលា ខេត្ត​ព្រះ​សីហនុ​។
ជន​សង្ស័យ​ដែល​សមត្ថ​កិច្ច​ឃាត់​ខ្លួន​បាន​ឈ្មោះ​រស់ សំអាត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​ ស្នាក់​នៅ​ភ្នំពេញ​ ចំណែក​ម្នាក់​ដែល​រត់​រួចឈ្មោះ​រស់​ សំអឿន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​ ​ទាំង​២​នាក់​ជា​បង​ប្អូន​បង្កើត​នឹង​គ្នា​។ តាមប្រភព​ពីសមត្ថ​កិច្ច​​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​ម្នាក់​មួយ​គ្រឿង​ ដែល​ជន​សង្ស័យ​ជា​ប្អូន​ជិះម៉ូតូ​ម៉ាក​ឌ្រីម​សេ​១២៥​ពណ៌​ខ្មៅ​ ស៊េរី​២០០៨​ អត់​ស្លាក​លេ​ខ ​ចំណែក​ជន​សង្ស័យ​ជា​បង​ជិះ​ម៉ូតូ​ម៉ាក​​វ៉េវ​​ឆ្លាម​ (អាល់​ហ្វា) ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ព្រះ​សីហនុ១B៥៧២២ ​។
សមត្ថ​កិច្ច​បន្ត​ថា ជន​សង្ស័យ​ទាំង​២​នាក់​ធ្វើ​ដំណើរ​ពីខេត្ត​ព្រះ​សីហនុ​ឆ្ពោះ​ទៅ​រាជ​ធានី​ភ្នំពេញ តែ​ពេល​ដល់​ពាក់​កណ្តាល​ផ្លូវបាន​​ជួប​នឹង​បារ៉ាស់​ដែល​សមត្ថ​កិច​ដាក់​ស្ទាក់​ផ្លូវ​​ ជន​នោះ​ក៏​ជិះ​ម៉ូតូ​បំបុក​ រួច​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត​ លុះ​ទៅ​ដល់​​ភូមិ​ស្ទឹង​ឆាយ​ ស្រុក​កំពង់​សិលា​ ជន​សង្ស័យ​ជា​បង​បាន​ផ្តួល​ម៉ូតូ​ម៉ាក​វ៉េវ​ឆ្លាមចោល​​ រួច​រត់​ចូល​ព្រៃ​បាត់​ ចំណែក​ជន​សង្ស័យជា​ប្អូន​​បាន​ជិះ​ម៉ូតូ​បន្ត​​ដំណើរទៅ​មុខ​ទៀត លុះ​ទៅ​ដល់​ស្ទឹង​ច្រាល​ក៏​ជួប​រនាំង​សមត្ថ​កិច្ច​ស្រុក​កំពង់​សិលា​ក៏​បក​មក​ក្រោយ​វិញ តែ​ជួប​សមត្ថ​កិច្ច​ ក៏​សម្រេច​ចិត្ត​ផ្តួល​ម៉ូតូ​​រត់​ចូល​ព្រៃ​សម្ងំ​លាក់​ខ្លួន​រហូត​ដល់​ម៉ោង​៨ និង​៣០​នាទី​យប់​ប្រហែល​ជា​ត្រជាក់​ពេក​ទ្រាំ​មិន​បាន​ជន​សង្ស័យ​ក៏​រត់​ចេញមក​វិញ​ត្រូវ​សមត្ថ​កិច្ច​ស្រុក​កំពង់​សិលា​ក្របួច​ជាប់​បញ្ជូន​ឱ្យ​សមត្ថ​កិច្ច​ស្រុក​ព្រៃនប់​ចាត់​ការ​បន្ត​។
ចំពោះ​ម៉ូតូ​ទាំង​២​គ្រឿង​នេះ​ សមត្ថ​កិច្ច​មិន​ទាន់​ស្គាល់​ម្ចាស់​នៅ​ឡើយ​ទេ ហើយ​ក៏​មិន​ទាន់​សន្និ​ដ្ឋាន​ថា ជន​សង្ស័យ​ទាំង​២​ធ្វើ​សកម្ម​ភាព​លួច ឬ​ប្លន់​ដែររង់​ចាំ​ស្រាវ​ជ្រាវ​បន្ត​ទៀត​៕ប្រភព កោះសន្តិភាព!!!