យុវជន៣នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីទាក់ទង ក្មេងស្រីម្នាក់ដែល ស្គាល់គ្នាតាម ហ្វេសប៊ុក ទៅចូលដេកផ្ទះសំណាក់
រាជធានីភ្នំពេញ៖ យុវជនវ័យក្មេង៣នាក់ ត្រូវបានអាណាព្យាបាលរបស់ក្មេងស្រីរងគ្រោះធ្វើការឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចកាលពីរសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៣ បន្ទាប់ពីពួកគេបានទាក់ទងយុវតីជា សិស្សសាលាទួលហ្វា នាំយកទៅដើរលេង ហើយក៏បបួលចូលផ្ទះសំណាក់បាត់ពេញមួយយប់។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ខាងលើនេះ ទី១ឈ្មោះ សួស ពិសី អាយុ១៦ឆ្នាំ ស្នាក់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ទី២ឈ្មោះ សុច ចាន់ពិសី អាយុ១៦ឆ្នាំ និងទី៣ឈ្មោះ ស៊ុន ឧត្តម អាយុ១៦ឆ្នាំ។
ប្រភពដដែលបានបន្តឲ្យដឹងថា មុនពេលឃាត់ខ្លួន គឺនៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៣ យុវជនទាំង៣នាក់ បានណាត់ក្មេងស្រីម្នាក់ដែលជាសិស្សរៀនភាសាចិន នៅសាលាទួនហ្វា ដែលពួកគេបានស្គាល់គ្នាតាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។ ខណៈពេលដើរលេងដល់យប់ជ្រៅ ជនសង្ស័យទាំង៣នាក់ខាងលើនេះ ក៏បាននាំក្មេងស្រីរូបនោះទៅចូលដេកផ្ទះសំណាក់មួយយប់ទល់ភ្លឺ។
លុះព្រឹកស្អែកឡើង ឪពុកម្តាយក្មេងស្រីរងគ្រោះ ក៏បានធ្វើការស្រាវជ្រាវតាមរកកូនស្រីឃើញ និងបានចាប់ខ្លួនជនសង្ស័យទាំង៣ខាងលើនេះមកប្រគល់ឲ្យសមត្ថកិច្ចតែម្តង។ បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើនេះ ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្នដើម្បីធ្វើការសាកសួរជាបន្តទៀត៕
ប្រភពពី វត្តភ្នំ