ការ​ឲ្យ​សហគមន៍​ អន្តរជាតិ​ចូល​ រួម​ស៊ើប​អង្កេត​​ គឺការ​​​ ប្រមាថ​ច្បាប់​ជាតិ

8/06/2013 0 Comments A+ a-

ភ្នំពេញៈ រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ​និង​ជា​ឧប​នាយក​រដ្ឋ​មន្រ្តី​លោក ស ខេង កាល​ពី​ម្សិលមិញ​ថ្លែង​ថា ការ​ទាមទារ​របស់​គណបក្ស​ប្រឆាំង​ឲ្យ​សហគមន៍​អន្តរជាតិ​ចូល​រួម​នៅ ក្នុង​ការ​ស៊ើប​អង្កេត​ណា​មួយ​ទៅ​លើ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត នឹង​ជា​ការ​បំពាន​ដោយ​ប្រមាថ​ទៅ​លើ​ច្បាប់​កម្ពុជា។
ប្រសាសន៍​របស់​លោក​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​ប្រកាស​កាល​ពី​ថ្ងៃ​អាទិត្យ​ថា គណៈកម្មការ​ស៊ើប​សង្កេត​ចម្រុះ​មួយ​រវាង​គណបក្ស​ទាំង​ពីរ​និង​គ.ជ.ប ត្រូវ​បាន​លុប​ចោល​ដោយ​សារ​តែ​ការ​ទទូច​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​មាន​ការ​ចូល​រួម​ពី​អង្គការ​សហ​ប្រជាជាតិ។
ថ្លែង​នៅ​ក្រៅ​ក្រសួង​មហាផ្ទៃ​កាល​ពី​ម្សិលមិញ លោក ស ខេង បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ការ​ទាមទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​មិន​អាច​ទទួល​យក​បាន។
លោក​ថ្លែង​ថា​៖ «[គណបក្ស​សង្គ្រោះ​ជាតិ] ចង់​បង្កើត​យន្តការ​មួយ​ដែល​មាន​លក្ខណៈ​ក្រៅ​ច្បាប់ ហើយ​ចង់​លុប​ចោល​តួនាទី​របស់ គ.ជ.ប។ ជា​ការ​យល់​របស់​យើង វា​ប្រហែល​មិន​អាច​ទៅ​រួច​ទេ​ដែល​ច្រាន​ចោល​តួនាទី​របស់ គ.ជ.ប ដែល​មាន​យុត្តាធិការ​ត្រឹម​ត្រូវ​ទៅ​តាម​ច្បាប់»។
កាល​ពី​ថ្ងៃ​អាទិត្យ​ប្រធាន គ.ជ.ប លោក អ៊ឹម សួស្តី ថ្លែង​ថា គ.ជ.ប នឹង​បង្កើត​អនុ​គណៈកម្មការ​ត្រី​ភាគី​មួយ​ក្រោម​ការ​គាំទ្រ​ផ្ទាល់​ពី គ.ជ.ប ដើម្បី​ស៊ើប​អង្កេត​ទៅ​លើ​បណ្តឹង​ពាក់​ព័ន្ធ​នឹង​ការ​បោះឆ្នោត ដែល​ខុស​កាល​ពី​ថ្ងៃ​សៅរ៍ ដែល​គណៈ​កម្មាធិការ​នេះ​បាន​ប្រកាស​ថា ភាគី​ទាំង​អស់​បាន​ព្រម​ព្រៀង​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ។
លោក ស ខេង ថ្លែង​ថា៖ «ឥឡូវ​នេះ [គណបក្ស​សង្គ្រោះ​ជាតិ] បាន​ច្រាន​ចោល [គណៈកម្មការ] ប៉ុន្តែ យើង​សង្ឃឹម​ថា ពួក​គេ​នឹង​ត្រឡប់​ក្រោយ​វិញ ដើម្បី​ចូល​រួម​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ»។
លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ពី​ម្សិលមិញ បាន​ប្រៀប​ធៀប​តួនាទី​របស់ គ.ជ.ប ចំពោះ​ការ​ស្នើ​បង្កើត​គណៈកម្មការ​នោះ​ទៅ​នឹង​រដ្ឋាភិបាល ថៃ ដែល​កំពុង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​វិនិច្ឆយ​ទៅ​ដែនដី​ជម្លោះ​ជុំវិញ​ប្រាសាទ​ព្រះវិហារ។
លោក​ថ្លែង​ថា៖ «យើង​កំពុង​អនុញ្ញាត​ឲ្យ​អ្នក​បង្កើត​បញ្ហា​ដោះស្រាយ​បញ្ហា​ហើយ។ តើ​នោះ​ពិត​ជា​អាច​ទៅ​រួច​ឬ? យើង​ចង់​បាន​គណៈកម្មការ​មួយ​ដែល​អាច​ដោះស្រាយ​បញ្ហា​បាន​»។
រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ​ជួប​ជាមួយ​ក្រុម​តំណាង​មន្រ្តី​ការ​ទូត ពី​សប្តាហ៍​មុន រួម​ជាមួយ​មន្រ្តី​ក្រសួង ដោយ​អះអាង​កាល​ពី​ម្សិលមិញ​ថា ឯក​អគ្គ​រាជ​ទូត អូស្រ្តាលី អគ្គ​រដ្ឋ​ទូត អាមេរិក ស៊ុយអែត អាល្លឺម៉ង់ បារាំង អង់គ្លេស ជប៉ុន និង​សហភាព​អឺរ៉ុប​ជួប​នៅ​ក្រសួង។
បើ​ទោះ​ជា​ស្ថានទូត​ភាគច្រើន​បំផុត​កាល​ពី​ម្សិលមិញ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​ប្រធានបទ​នៃ​កិច្ច​ប្រជុំ​ទាំង​នេះ​ក៏​លោក​រដ្ឋ​មន្រ្តី​ថ្លែង​ថា មិន​មាន​គណៈប្រតិភូ​បរទេស​ណា​មួយ​បាន​លើក​ឡើង​លក្ខខណ្ឌ​ជាក់​លាក់​សម្រាប់​គណៈកម្មការ​ស៊ើប​អង្កេត​នោះ​ទេ។
លោក​បន្ត​ថា ៖ «ខ្ញុំ​បាន​ជួប [ជាមួយ​អគ្គ​រដ្ឋទូត អាមេរិក លោក William E.Todd] ពីរ​ដង​រួច​ហើយ គាត់​បាន​ស្នើ​ឡើង​នូវ​សារ​តឹងរ៉ឹង​ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​ក្នុង​លក្ខណៈ​សន្តិវិធី​និង​ទៅ​តាម​ច្បាប់ ស្ថានទូត​ដទៃៗ​ក៏​បាន លើក​ឡើង​នូវ​សារ​ដូច​នេះ​ដែរ»។
ឯក​អគ្គ​រដ្ឋ​ទូត អាល្លឺម៉ង់ លោក Wolfgang Moser ដែល​ជួប​ជាមួយ​លោក ស ខេង កាល​ពី​ព្រឹក​ម្សិលមិញ​ថ្លែង​ថា ការ​ដែល​ថា គណៈកម្មការ​ស៊ើប​អង្កេត​នឹង​បង្កើត​ឡើង នោះ​វា​គឺជា​លទ្ធផល​វិជ្ជមាន​រួច​ទៅ​ហើយ ដោយ​មិន​គិត​ពី​សមាសភាព​នោះ​ទេ។
លោក​បន្ត​ថា៖ «ខ្ញុំ​គិត​ថា វា​នឹង​មិន​សមស្រប​ទេ​ឲ្យ​ស្ថានទូត​ចូល​រួម​ខ្ញុំ​គិត​ថា ការ​ចូល​រួម​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​អង្គការ​សហ​ប្រជាជាតិ​ជា​អ្នក​សង្កេត​ការណ៍ គឺ​វា​ជា​លទ្ធផល​ល្អ​រួច​ទៅ​ហើយ។ ខ្ញុំ​សូម​និយាយ​ថា យើង​នឹង​មិន​កាន់​ជើង​ខាង​ណា​ទេ​ក្នុង​ដំណោះស្រាយ​ទាំង​សង​ខាង»។
កាល​កំណត់​សម្រាប់​ការ​ដាក់​បណ្តឹង​ពាក់​ព័ន្ធ​នឹង​ការ​បោះឆ្នោត​គឺ នៅ​ត្រឹម​ថ្ងៃ​នេះ ហើយ គ.ជ.ប បាន​ប្តេជ្ញា​ចេញ​លទ្ធផល​បឋម​ពេញលេញ​នៅ​ថ្ងៃ​ទី ១០ សីហា។
បើ​ទោះ​ជា គ.ជ.ប អះអាង​ថា ក្រុម​ខាង​ក្រៅ​អាច​ចូល​រួម​បាន​ត្រឹម​តែ​ជា​អ្នក​សង្កេត​ការណ៍ ក្រុម​អ្នក​ជំនាញ​ច្បាប់​បាន​និយាយ​ថា គ.ជ.ប តាម​ច្បាប់​អាច​ឲ្យ​អង្គការ​ណា​មួយ​ជួយ​ប្រមូល​ភស្តុតាង​បាន​ដែរ។
លោក សុក សំអឿន នាយក​ប្រតិបត្តិ​នៃ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា ថ្លែង​ថា៖ «គ.ជ.ប មិន​អាច​តែង​តាំង​អង្គការ​សហ​ប្រជាជាតិ ប៉ុន្តែ ពួកគេ​អាច​អញ្ជើញ​អង្គការ​សហ​ប្រជាជាតិ​ចូល​រួម​ជា​អ្នក​សង្កេត​ការណ៍ ឬ [ទីប្រឹក្សា] បច្ចេកទេស ឬ​សមាជិក ប្រសិន​បើ​អង្គការ​សហ​ប្រជាជាតិ​យល់​ព្រម ចុះ​ហេតុ​អ្វី​មិន​ព្រម​ធ្វើ?»៕ PS
រាយការណ៍​បន្ថែមៈ Kevin Ponniah, Stuart White និង Abby Seiff