សមត្ថកិច្ចចាប់ ខ្លួនឪពុកចិត្ត តិរច្ឆានចាប់ រំលោភកូនស្រី អាយុ១៣ឆ្នាំ ជាច្រើនលើក
ខេត្តបាត់ដំបង ៖ ឪពុកចិត្តតិរច្ឆានម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនកាលពីវេលាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៣ នៅភូមិអន្លង់តាម៉ុក ឃុំរបស់មង្គល ស្រុកមោងប្ញស្សី បន្ទាប់ពីជនអគតិរូបនេះបានធ្វើ សកម្មភាពចាប់រំលោភកូនស្រីបង្កើតដែលទើបតែមានអាយុជាង១៣ឆ្នាំ បានសម្រេចជាច្រើនលើកច្រើនសានៅក្នុងទឹកដីប្រទេសថៃ ប៉ុន្តែប្រពន្ធទើបតែបានដឹងរឿងក៏ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្តង។ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា បុរសជាឪពុកចិត្តតិរច្ឆាននេះមានឈ្មោះ ខុន ខេន អាយុ៣១ឆ្នាំ មានប្រពន្ធឈ្មោះ ឆេម ឈុត អាយុ៣៥ឆ្នាំ ចំណែកកូនស្រីដែលរងគ្រោះឈ្មោះ ខ.ច.រ អាយុ១៣ឆ្នាំ ពួកគេទាំង៣នាក់រស់នៅក្នុងភូមិ-ឃុំខាងលើ។
ប្រភពព័ត៌មានពីស្ត្រីជាប្រពន្ធរបស់ជនល្មើសបានឲ្យដឹងថា ប្តីប្រពន្ធគាត់ រួមទាំងកូនស្រី ភាគច្រើនគឺធ្វើការងារនៅក្នុងទឹកដីប្រទេសថៃ តែគាត់មិនបានដឹងថាប្តីដ៏គម្រក់នេះចាប់រំលោភកូនស្រីខ្លួនឯងជាច្រើនលើកច្រើនសានោះទេ ។ រហូតដល់លើកចុងក្រោយ ប្តីដ៏គម្រក់នេះបានចាប់រំលោភកូនស្រីម្តងទៀត នៅរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៣ នៅក្បែរមាត់បឹងខាងក្រោយផ្ទះ ទើបគាត់បានដឹងរឿងរ៉ាវទាំងអស់នេះ ហើយក៏បានទៅប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនបុរសតិរច្ឆាននេះតែម្តង។ បើតាមសំដីរបស់កុមារីរងគ្រោះ ខ.ច.រ បានបញ្ជាក់ឲ្យដឹងទៀតថា នាងត្រូវឪពុកបង្ខំចាប់រំលោភច្រើនលើកមកហើយ ប៉ុន្តែនាងមិនហ៊ាននិយាយប្រាប់អ្នកណានោះទេ ព្រោះតែឪពុករបស់នាងបានគំរាមថា បើហ៊ានតែយករឿងនេះនិយាយប្រាប់គេគាត់នឹងសម្លាប់ចោលមួយពូជ។
បន្ទាប់ពីធ្វើការឃាត់ខ្លួនសាកសួររួចមក ជនសង្ស័យបានសារភាពថា ខ្លួនពិតជាប្រព្រឹត្តនូវកំហុសដូចការចោទប្រកាន់មែន។ ដោយយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅកាន់តុលាការចាត់ការទៅតាមនីតិវិធីច្បាប់៕
ប្រភពពី វត្តភ្នំ