យុវជន២នាក់ ស្រវឹងជោកជាំ បើកម៉ូតូបោះពួយ បុករបងថ្មបណ្តាល ឲ្យស្លាប់នៅកន្លែង កើតហេតុទាំង២នាក់
ខេត្តកណ្តាល។ បន្ទាប់ពីយុវជនរងគ្រោះទាំង២នាក់បានជិះម៉ូតូមួយគ្រឿងឌុបគ្នាបោះពួយបុកជាមួយរបងថ្ម ក្រោយពីត្រឡប់មកពីផឹកស៊ីនៅក្នុងហាងនៅក្រុងតាខ្មៅហើយបានជិះបញ្ជ្រាស់ទិសសំដៅទៅរាជធានីភ្នំពេញ
ខេត្តកណ្តាល ៖ យុវជន២នាក់បានដួលបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអណោចអធម៌កាលពីវេលាបម៉ោង១និង៣០រំលងអធ្រាតឈានចូលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៣ ចំណុចផ្លូវកោងជាយក្រុង លើកំណាត់ផ្លូវជាតិលេខ២ ក្បែររបងសាលាហ្វឺសថ៍វើល ស្ថិតក្នុងភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ
មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា យុវជនរងគ្រោះ២នាក់ដែលត្រូវបានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរដោយខ្លួនឯងនោះមានឈ្មោះ សាន សេន អាយុ២១ឆ្នាំ មានភូមិកណ្តាលកោះ ឃុំកោះឧញ្ញាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាអ្នកបើកបរម៉ូតូម៉ាកហ្សុយហ្ស៊ូគី ស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1H-4311 និងអ្នករួមដំណើរជាមួយម្នាក់ទៀតមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ។
មន្ត្រីនគរបាលខាងលើបានបន្តថា នៅមុនពេលកើតហេតុសាក្សីគេបានឃើញមានយុវជន២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហ្សុយហ្ស៊ូគី ស្មាស់ ពណ៌ខ្មៅ ដោយពុំមានពាក់មួកសុវត្ថិភាពនោះទេ ហើយតែមទាំងបានជិះបញ្ច្រាសទិសផ្លូវជាតិលេខ២ ដែលជាផ្លូវហាមឃាត់មិនឲ្យបើកបរឡើងទៅភ្នំពេញ ។ អ្នកបើកបរម៉ូតូស្មាស់ខាងលើបានបើករេចង្កូតពេញផ្លូវហាក់បីដូចជាស្រវឹងស្រា ខណៈបើកដល់ចំណុចផ្លូវកោងអ្នកបើកបរម៉ូតូមិនបានបត់ចង្កូតតាមផ្លូវនោះទេ ក៍បណ្តាលឲ្យម៉ូតូឡើងលើចិញ្ចើមផ្លូវទៅបុករបងថ្មរបស់សាលាហ្វឺសថ៍វើល ចំពេញមួយទំហឹងដួលបោកក្បាលស្លាប់ទាំង២នាក់តែម្តង ។
មន្ត្រីនគរបាលដដែលបានបញ្ជាក់ថា ក្រោយពីមានហេតុការណ៍កើតឡើងសមត្ថកិច្ចនគរបាលជំនាញបានចុះទៅដល់កន្លែងកើតហេតុជួយហៅរថយន្តសង្គ្រោះរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីដឹកសពជនរងគ្រោះទាង២នាក់យកទៅតម្កល់ទុកនៅក្នុងមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ដើម្បីរងចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែកឯម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ ធ្វើកំណត់ហេតុនាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីរងចាំក្រុមគ្រួសារមកទទួលយក ។
នគរបាលជំនាញចរាចរក្រុងតាខ្មៅបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរនេះ បណ្តាលមកពីអ្នកបើកបរម៉ូតូមានជាតិស្រវឹងនៅក្នុងខ្លួន ហើយបានប្រើប្រាស់ល្បឿនលឿន និងមិនគោរពស្លាកសញ្ញាចរាចរណ៍ ទើបបណ្តាលឲ្យមានគ្រោះថ្នាក់យ៉ាងដូច្នេះ៕
ប្រភពពីនគរវត្ត