លាប្តី ទៅលេងកូន នៅស្រុក បាត់ខ្លួន៦ថ្ងៃ ត្រូវគេ ប្រទះឃើញ សពស្អុយរលួយ នៅក្នុងស្រែ
ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីមានផ្ទៃពោះ៥ខែម្នាក់ បានលាប្តីទៅលេងកូន នៅស្រុកបាត់ខ្លួន៦ថ្ងៃ ត្រូវគេប្រទះឃើញ សពស្អុយរលួយ នៅក្នុងស្រែ មើលរូបលែងស្គាល់ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០១៣ នៅវាលស្រែ មួយកន្លែងចុងភូមិពន្លិច ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោក ជា ពិសី មេបញ្ជាការកងរាជអាវុធហត្ថ (អ.ហ) ស្រុកអូរជ្រៅ បានឲ្យដឹងនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៣ នេះថា ជនរងគ្រោះ មានឈ្មោះ ណាត់ សេត ភេទស្រី អាយុ ៣២ឆ្នាំ មានទីលំនៅភូមិ ដង្កោ ឃុំរហាត់ទឹក ស្រុកមង្គលបុរី មានផ្ទៃពោះ៥ខែ។
លោកមេបញ្ជាការ បានបន្តថា ប្តីស្រីរងគ្រោះ បានរៀបរាប់ថា ប្រពន្ធរបស់ខ្លួន ឈ្មោះ ណាត់ សេត នេះបានចេញពីផ្ទះ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៣ ដោយបានប្រាប់គាត់ថា សុំទៅលេងកូន ដែលរស់នៅ ជាមួយសាច់ញាតិ នៅឯស្រុកម៉ាឡៃ ហើយបានធ្វើដំណើរ តាមផ្លូវកាត់ ត្រង់ចំណុច កើតហេតុខាងលើ ហើយដាច់ទំនាក់ទំនងរហូតមក លុះនៅព្រឹកម្សិលមិញនេះ ក៏ទទួលបានព័ត៌មាន ថា ប្រពន្ធរបស់គាត់ លង់ទឹកស្លាប់តែម្តង។
លោក ជា ពិសី បានបញ្ជាក់ថា សពស្ត្រីរងគ្រោះ ត្រូវបានអ្នកស្រុកម្នាក់ ជិះទូកទៅមើលស្រូវ របស់ គាត់ ដែលកំពុងជនលិច ក៏ប្រទះឃើញដេកស្លាប់ស្អុយរលួយ សុទ្ធតែដង្កូវក្នុងស្រែ រួចក៏រាយការណ៍ ជូនកម្លាំង អ.ហ និងកម្លាំងនគរបាល ស្រុកអូរជ្រៅ ចុះទៅពិនិត្យកន្លែងកើតហេតុ និសព។
ក្រោយពិនិត្យរួច សមត្ថកិច្ចបានសន្និដ្ឋានថា ស្រ្តីរងគ្រោះបានស្លាប់ ដោយសារលង់ទឹកជំនន់ ព្រោះ នៅកន្លែងកើតហេតុ ពុំមានភស្តុតាងអ្វី ជាប់ពាក់ពន្ធ័អំពើឃាតកម្មនោះទេ គឺមានតែទឹកជំនន់ ប៉ុណ្ណោះ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល