ស្រ្តីជើងឆើត ជួលម៉ូតូគេជិះ យកទៅបញ្ចាំ អស់ពីរគ្រឿង លើកទីបី អស់ជាប់ខ្នោះ សមត្ថកិច្ច
ព្រះសីហនុ៖ ស្រ្តីម្នាក់ ជាជនសង្ស័យ ដែលងប់ និង ល្បែងកាស៊ីណូ បែកគំនិត ជួលម៉ូតូគេទៅ បញ្ចាំអស់២គ្រឿង និងចុងក្រោយ ដាច់ចិត្តលួចម៉ូតូ គេទៅបញ្ចាំ យកលុយទៅលេង ល្បែង កាស៊ីណូ ត្រូវសមត្ថកិច្ចក្របួចជាប់ ។
យោង តាមរបាយការណ៍ របស់ការិយាល័យ កណ្តាល ព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាល ខេត្តព្រះសីហនុ លោកវរសេនីយ៍ឯក កុល ផាលី ស្នងការរង និង ជានាយការិយាល័យ កណ្តាល នគរបាល ព្រហ្មទណ្ឌ ខេត្តព្រះសីហនុ បានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ ធន ជីតា ភេទស្រី ហៅ រ៉ូហ្សា អាយុ ៣៤ឆ្នាំ ស្រុកកំណើត ភូមិទ្រាំង ឃុំស្លក្រាម ស្រុកសៀមរាប ខេត្តសៀមរាប ទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះជួល ក្រុម២ ភូមិ៣ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ មុខរបរមិនពិតប្រាកដ ។
ជនសង្ស័យរូបនេះបានសារភាពថា នៅអំឡុង ខែឧសភា ឆ្នាំ ២០១៣ បានជួលម៉ូតូម៉ាក អ៊ែរប្លែត ពណ៌ខ្មៅ ពីឈ្មោះ ណុប មាន ភេទបុ្រស ជាបុគ្គលិក នៅផ្ទះសំណាក់ ផោវើហោស ក្នុងតំលៃ ៧០ដុល្លារ យកទៅជិះ បានជិត១ខែ ក៏យកម៉ូតូនោះ ទៅបញ្ចាំនៅហាង កំពង់សោម សមុទ្រពេជ្រ ក្នុងតំលៃ៣០០ដុល្លារ ។ ក្រោយមកក៏ មកជួល ម៉ូតូម៉ាកអ៊ែរប្លែត១គ្រឿងទៀត ពណ៌ក្រហម ពីឈ្មោះ ណុប មាន ដដែល ក្នុងតំលៃ ៧០ដុល្លារ ក្នុង១ខែ ។ ក្រោយមកបាន៣ថ្ងៃ ក៏យកម៉ូតូនោះ ទៅបញ្ចាំនៅ ហាង កំពង់សោមសមុទ្រពេជ្រ ទៀតបានតំលៃ ៣០០ដុល្លារ ហើយក៏យកប្រាក់នោះទៅលេងកាស៊ីណូចាញ់អស់ទៀត ។ រហូតដល់ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០១៣ វេលាម៉ោង ២រំលង ជនសង្ស័យរូបនេះទៅ ផឹកស្រាបៀនៅហាង ដូហ្វីន ឆ្នេរអូរឈើទាល បានប្រហែល ៣០នាទី ក៏ចេញទៅផ្ទះចៃដន្យ ពេលមកដល់ ក្រោយហាង ក៏ឃើញម៉ូតូម៉ាក អ៊ែរប្លែត១គ្រឿង ពណ៌ក្រហម មាន កូនសោរ នៅជាប់ម៉ូតូពុំឃើញម្ចាស់ ក៏លួចយកម៉ូតូនោះ បើកមកផ្ទះ តែម្តង ។ រហូតដល់ម៉ោង ១០ព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០១៣ ក៏យកម៉ូតូនោះទៅបញ្ចាំនៅហាង កំពង់សោមសមុទ្រពេជ្រ បានប្រាក់ ៤០០ដុល្លារ ក៏យកប្រាក់នោះទៅលេង កាស៊ីណូអស់ទៀត ។ ក្នុងពេលសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យនៅផ្ទះជួលរបស់ខ្លួន សមត្ថកិច្ចបានធ្វើការ ដកហូតកាំភ្លើងខ្លី១ ដើមម៉ាក កា៥៩ គ្មានគ្រាប់ ។
ជនសង្ស័យរូបនេះ ដំបូងបានសារភាព ប្រាប់ថា កាំភ្លើងរូបនេះខ្លួន បានទិញពីអ្នករត់ម៉ូតូឌុប ក្នុងតំលៃ៧០០ដុល្លារ មាន៤គ្រាប់ រយៈពេល១ឆ្នាំហើយ ។ ក្រោយពេល ទិញ ក៏បានដោះគ្រាប់នោះដាក់ ក្នុងកំប៉ុងស្ករគ្រាប់ តែបច្ចុប្បន្នបាត់អស់ហើយ ។ ក្រោយមក បានសារភាពប្រាប់ថា កាំភ្លើងនេះបានទិញពីឈ្មោះ ផល ភេទប្រុស ធ្វើជា កងរាជអាវុធហត្ថ នៅខេត្តព្រះសីហនុ ។ ចំពោះម៉ូតូ៣គ្រឿង យកទៅបញ្ចាំនៅហាង កំពង់សោមសមុទ្រពេជ្រ ពុំមានឯកសាអ្វីទាំងអស់ ។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ច រៀបចំសំណុំរឿង បញ្ជូន ទៅសាលាដំបូង ដើម្បីវិនិច្ឆ័យទោសទៅតាមច្បាប់ ៕ via: DAP-news