គ្រោះថ្នាក់ ចរាចរណ៍មួយ ដ៏សែនរន្ធត់ ធ្វើឱ្យយុវសិស្ស ទើបចេញពីប្រឡង បាក់ឌុប២នាក់ ស្លាប់បាត់បង់ ជីវិតសឹងមើល សាកសពមិនយល់
គ្រោះថ្នាក់ចរាចរណ៍ដ៏សែនរន្ធត់មួយបានកើតមានឡើងកាលពីវេលាម៉ោង១៨និង៤៥នាទីយប់ នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៣ម្សិលមិញនេះ នៅចន្លោះគីឡូម៉ែត្រលេខ១៤៦និង១៤៧ ផ្លូវជាតិលេខ៥ ឋិតនៅភូមិតាកែលើ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្ដពោធិ៍សាត់ រវាងរថយន្ដធុនធំមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ និងទោចក្រយានយន្ដមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ គ្មានស្លាកលេខ ធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាលឱ្យយុវសិស្សដែលទើបចេញពីប្រឡងបាក់ឌុបចំនួន២នាក់ជិះលើម៉ូតូស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ សឹងមើលភិនភាគសាកសពមិនយល់ ។
តាមប្រភពពីមន្ដ្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំត្នោតជុំ បានឱ្យដឹងថា យុវជនរងគ្រោះរហូតដល់ស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះ គឺមានឈ្មោះ ភូ វិសាល អាយុ១៩ឆ្នាំ និងឈ្មោះ ហួន ចាន់ថេន អាយុ១៨ឆ្នាំ រស់នៅភូមិគ្រាំងធំ ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្ដពោធិ៍សាត់ ។
សាក្សីដែលបានឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានប្រាប់ឱ្យដឹងថា ជនរងគ្រោះបានធ្វើដំណើរដោយទោចក្រយានយន្ដ បន្ទាប់ពីចាកចេញពីកម្មវិធីជួបជុំគ្នាជប់លៀងមានអាការៈស្រវឹងផង បើកបរក្នុងល្បឿនលឿន តាមទិសដៅពីកើតទៅលិច ។ ពេលមកដល់ចំណុចកើតហេតុ ជនរងគ្រោះបានបើកបរជែងរថយន្ដធុនធំ១គ្រឿងដែលមានទិសដៅស្របគ្នា រួចហើយក៏ជ្រុលទៅបុកជាមួយរថយន្ដធុនធំមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ បើកបរក្នុងទិសដៅបញ្ច្រាសគ្នាចំពីមុខពេញទំហឹង បណ្ដាលឱ្យម៉ូតូជនរងគ្រោះ ខ្ទេចខ្ទាំឋិតនៅក្រោមរថយន្ដ និងជនរងគ្រោះក៏បានស្លាប់បាត់បង់ជីវិតភ្លាមៗ ដោយសាកសពខ្ទេចខ្ទីសឹងមើលមិនយល់ ។
ប្រភពពី ដើមត្នោត
មន្ដ្រីនគរបាលចរាចរណ៍ស្រុកក្រគរ ខេត្ដពោធិ៍សាត់ បានបញ្ជាក់ឱ្យដឹងថា អ្នកបើកបររថយន្ដធុនធំពាក់ស្លាកលេខកំពង់ឆ្នាំង 3A-2077 ដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍នោះ ក្រោយកើតហេតុភ្លាមៗបានរត់គេចខ្លួនបាត់បន្សល់ទុកនូវតែរថយន្ដបង្ក ហើយត្រូវបាននគរបាលយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីធ្វើការដោះស្រាយតាមនីតិវិធីច្បាប់ ។
ក្រុមមន្ដ្រីនគរបាលចរាចរណ៍បានបង្ហើបឱ្យដឹងដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏សែនរន្ធត់នេះបានកើតមានឡើងបណ្ដាលមកពីយុវសិស្សទាំងពីរនាក់ដែលស្លាប់បាត់បង់ជីវិតនោះ បើកបរដោយខ្វះការប្រុងប្រយ័ត្ន ព្រោះមានអាការៈស្រវឹងផង និងបានបើកជែងនៅពេលមានរថយន្ដធុនធំមកពីខាងមុខ និងបានចូលទៅខាងចំណែកផ្លូវអាទិភាពរបស់រថយន្ដបង្កទៀតផង ៕