នាយទាហាន ឆត្រយោង ផឹកស៊ីស្រវឹង បន្លំស្ទាបគូទអ្នករត់តុ ប៉ះចំគូដណ្តឹងគេ បង្កការភ្ញាក់ផ្អើល
រាជធានីភ្នំពេញ ៖ នាយទាហានឆត្រយោង៩១១ពីរនាក់ ប្រដាប់ដោយកាំភ្លើងខ្លីកា៥៩ ពីរដើម បានចូលទៅផឹកស៊ីស្រវឹងធ្លាក់ភ្នែក ហើយបានបន្លំស្ទាបគូទនារីរត់តុក្នុងហាង តឺប៉ះចំគូដណ្តឹងរបស់គេឃើញ ក៏មានការឈ្លោះប្រកែកគ្នា ហើយភ្លាមនោះត្រូវនាយ ទាហាននោះគំរាមបាញ់ និងបង្កឱ្យមានភ្ញាក់ផ្អើលជាខ្លាំង ។
ហេតុការណ៍នោះបានកើតឡើងកាលពី វេលាម៉ោង១០ និង៤៥នាទីយប់ថ្ងៃទី៨ សីហា ២០១៣ នៅក្នុងហាងកូលាបបូកគោ ស្ថិតនៅផ្លូវលេខ៩៥ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ។ ប្រភពបានឱ្យដឹងថា នាយទាហានទាំង២នាក់នោះម្នាក់ឈ្មោះចាង គីអ៊ីល និងម្នាក់ទៀតឈ្មោះសុន វុទ្ធី អ្នកទាំងពីរនាក់ជានាយទាហាន កងទ័បឆត្រយោង ដែលមានបន្ទាយនៅភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពបានឱ្យដឹងទៀតថា ខណៈពេលបង្កឱ្យមានការភ្ញាក់ផ្អើលនោះ បក្សពួកខ្លះទៀតបានចេញទៅ យកម៉ូតូក្នុងគោលបំណងរំដោះគ្នាចេញទៅ តែត្រូវបានសន្តិសុខមិនឱ្យយកម៉ូតូ និងបានទៅប្តឹងកងរាជអាវុធហត្ថ ខណ្ឌចំការមនចុះទៅដល់ និងឃាត់ខ្លួននាយទាហាន២នាក់នោះ បញ្ជូនទៅធ្វើការសាកសួរនៅ ទីបញ្ជាការកងរាជអាវុធហត្ថខណ្ឌចំការមនតែម្តង ។