ជនសង្ស័យ ជំនាញលួច ម៉ូតូ៣នាក់ត្រូវ កម្លាំងអាវុធហត្ថ ចាប់ក្របួចជាប់
ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យ៣នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការចាប់ខ្លួនបានកាលពីវេលាម៉ោង ៣និង៣០នាទីយប់ឈានចូលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៣ ក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង បន្ទាប់ពីជន សង្ស័យទាំង៣នាក់នេះបានធ្វើសកម្មភាពលួចម៉ូតូពីប្រជាពលរដ្ឋចំនួន២គ្រឿង។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់នេះទី១មានឈ្មោះ ស្នា ចំណាប់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតភូមិស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ទី២មានឈ្មោះ ផល ពិន ភេទប្រុស អាយុ ១៧ឆ្នាំ មានស្រុកកំណើតក្នុងភូមិដូង ឃុំខ្សិម ស្រុកស្នួល ខេត្តក្រចេះ និងទី៣ មានឈ្មោះ អៃ ឈឿន ភេទប្រុស អាយុ២៣ឆ្នាំ ស្រុកកំណើតក្នុងភូមិត្រពាំងថ្លុង ឃុំត្រពាំងថ្លុង ស្រុកពញាក្រែក ខេត្តកំពង់ចាម។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា មុនពេលកើតហេតុជនសង្ស័យទាំង៣នាក់បានធ្វើសកម្មភាពលួចម៉ូតូ២គ្រឿង ពីប្រជាពលរដ្ឋ ១គ្រឿងម៉ាកស៊ីរូស និងមួយគ្រឿងទៀតម៉ាកវ៉េវគ្មានស្លាកលេខ។ បន្ទាប់ពីជនរងគ្រោះបានដឹងថាបាត់ម៉ូតូភ្លាម ពួកគាត់ក៏បានទាក់ទងប្តឹងមកសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងភ្លាមៗកម្លាំងកងរាជអាវុធក៏បានចេញល្បាត ស្រាប់តែប្រទះឃើញមុខសញ្ញាទាំង៣ ក៏បានធ្វើការឃាត់ខ្លួនមកកាន់ទីបញ្ជាការដ្ឋានដើម្បីធ្វើការសួរនាំ។
បន្ទាប់ពីធ្វើការឃាត់ខ្លួន កម្លាំងកងរាជអាវុធហត្ថបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំង៣នាក់ទៅកាន់តុលាការ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕
ប្រភពពី វត្តភ្នំ