ស្រី​​ស្អាត​​ធី វណ្ណ​នីដា​ ខ្មាស​​គេ​ ពេល​ឌីជេ​​ ក្តឹប​ថើប​​មាត់​

8/05/2013 0 Comments A+ a-

រាជធានីភ្នំពេញ ៖ បន្ទាប់ពីចប់កិច្ចសន្យាច្រៀងឱ្យ ផលិតកម្មមហាហង្សមក កញ្ញាធី វណ្ណនីដា មានឱកាសចាប់អាជីព ជាតារាសម្តែង ទាំងការថតខារ៉ាអូខេ ស៉្បតពាណិជ្ជកម្ម និងរឿង  ភាគ ។ កន្លងមក វណ្ណនីដា មិនដែលសម្តែងតួអ្វីលេចធ្លោទេ តែពេលនេះផលិតកម្ម LD Production ទាក់ទងឱ្យសម្តែងជាមួយឌីជេក្តឹបជាតួឯកក្នុងរឿង «ទេវតាធ្លាក់ពីលើមេឃ» ។ ក្នុងរឿងនេះ អ្នកដឹកនាំរឿងតម្រូវឱ្យ នីដា ថតឈុតថើបមាត់គ្នាជាមួយ ឌីជេក្តឹប ធ្វើឱ្យនាងអៀនយ៉ាងខ្លាំង ។ ការថតឈុតថើបបែបអឺរ៉ុបនេះគឺជាលើកទី ១ហើយសម្រាប់តារាចម្រៀង និងសម្តែងវ័យក្មេងនីដា ។
កញ្ញាធី វណ្ណនីដា ប្រាប់កោះសន្តិភាពកាលពីពេល ថ្មីៗនេះថា នៅក្នុងរឿង «ទេវតាធ្លាក់ពីលើមេឃ» ដែលកំពុងតែចាក់បញ្ចាំងនៅ តាមរោងភាពយន្តនេះ គឺជារឿងទី១ដែលនាងបានសម្តែង ជាតួឯកជាមួយឌីជេក្តឹប ហើយអ្នកដឹកនាំរឿងតម្រូវឱ្យនាង ថើបមាត់ជាមួយឌីជេក្តឹប ។ ពេលថតឈុតនេះនាងភ័យផង អៀនផង ។ នៅក្នុងរឿងនេះឈុតថើបមាត់មានតែ ២ដងប៉ុណ្ណោះ តែទម្រាំថតត្រូវ គឺត្រូវថើបច្រើនដងឯណោះ ។
ពេលនោះនាងអៀនទាំងឌីជេក្តឹបផង និងអ្នកឯទៀតផង តែនាងទ្រាំព្រោះចង់ថតរឿងនេះឱ្យល្អ និងមើលទៅរស់រវើក ។ ពេលថតឈុតថើបមាត់នេះចប់ភ្លាម នាងនៅតែអៀនឌីជេក្តឹប តែដោយសារតែឌីជេក្តឹប ជាមនុស្សពូកែលេងសើច ទើបធ្វើឱ្យនាងរសាយវិញ។ វណ្ណនីដា បញ្ជាក់ថា ចំពោះឈុតថើបនេះ ឪពុកម្តាយរបស់នាងមិនប្រកាន់ទេ ព្រោះតែពួកគាត់យល់ថា ការសម្តែងត្រូវតែមានឈុតបែប នេះខ្លះហើយ ម៉្យាងឪពុកម្តាយរបស់នាង ក៏ជាអ្នកស្រឡាញ់សិល្បៈ និងគាំទ្រសិល្បៈដែរ ។
កញ្ញាធី វណ្ណនីដា បានចូលប្រឡូកក្នុងពិភព សិល្បៈតាំងពីឆ្នាំ២០០៨មក តាមរយៈការប្រឡងរបស់សា្ថនីយ ទូរទស្សន៍បាយ័ន ក្នុងកម្មវិធីយុវតារា ដោយជាប់ចំណាត់ថ្នាក់លេខ២ ។ បន្ទាប់ពីប្រឡងជាប់ នាងបានសម្តែងឱ្យស្ថានីយទូរទស្សន៍បាយ័ន ក្នុងរឿង «ភូមិខ្ញុំស្រស់ឆើតឆាយ» ។ ទោះជាយ៉ាងណាក្តី ដោយសារតែមិនមានការងារសិល្បៈច្រើន នាងក៏ដកខ្លួនចេញអស់រយៈពេល២ឆ្នាំ ។ ក្នុងឆ្នាំ២០១០ នាងត្រូវផលិតកម្មមហាហង្ស ទាក់ទងឱ្យចូលច្រៀង ហើយចេញផ្សាយបានប្រហែល ៨ទៅ៩បទប៉ុណ្ណោះ ។
ក្រៅពីនេះ នាងចូលរួមសម្តែងរឿងឱ្យ ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ និងប៉ុស្តិ៍លេខ៥ ។ ពេលនេះរឿង «ទេវតាធ្លាក់ពីលើមេឃ» ដែល ធី វណ្ណនីដា សម្តែងជាតួឯកកំពុងបញ្ចាំងនៅតាមរោងភាពយន្ត ដូច្នេះជាឱកាសថ្មីដែលនាងអាច ទាក់ទាញបានការចាប់អារម្មណ៍ពី មហាជនមួយកម្រិតទៀត ៕










ប្រភព : កោះសន្តិភាព