ម៉ោង១២អធ្រាត្រ នៅសង្កាត់លេខ១ (ភាគទី២១)
លោកកុសលបើកភ្នែកមូលក្លុំដោយភ្ញាក់ផ្អើល គាត់ងាកមើលមុខមនុស្សគ្រប់គ្នាដោយពន្លឺភ្នែកមុត បន្ទាប់មកបញ្ឈប់ភ្នែកនៅត្រង់អនាគតប្អូនថ្លៃ៖
-វិទូ! ហេតុអ្វីត្រូវសួរចម្លើយបង? ប្រពន្ធបង ប្អូនបង គ្រោះថ្នាក់បន្តបន្ទាប់ ឥឡូវមិនឲ្យបងទៅពេទ្យមើលប្រពន្ធ នាំបងទៅប៉ុស្តិ៍ធ្វើអី បងទើបមកពីក្រៅ បងមិនដឹងហេតុការណ៍អីទាំងអស់ ឥឡូវនេះបងត្រូវការទៅមើលកុលាប!
វិទូងាកមុខចេញដោយទើសទាល់ ប៉ុន្តែប៉ូលិសម្នាក់លូកមាត់កាត់ធ្វើហី៖
-ទៅឃើញនាំតែខកចិត្តទេ!
លោកកុសលងាកថ្មែទៅរកម្ចាស់ប្រយោគដោយសង្ខើញសួរ៖
-ចង់មានន័យថាម៉េច?
ប៉ូលិសនោះសើចចុងមាត់ងាកមុខចេញសម្លឹងទៅដងផ្លូវធ្វើមិនដឹង។ ទីបំផុតបុរសអ្នកជំនួញដ៏ល្បីឈ្មោះត្រូវបានបញ្ជូនមកកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ក្រោមការមិនពេញចិត្តរបស់គាត់។នៅក្នុងបន្ទប់សួរចម្លើយដែលមានប៉ូលិសបីនាក់ដោយមានវិទូម្នាក់ក្នុងចំណោមនោះផងលោកកុសលចាប់ផ្ដើមប្រយោគជាមួយពាក្យគម្រាម៖
-មេធាវីខ្ញុំកំពុងមកហើយ! ខ្ញុំមិនត្រូវការឆ្លើយអីទាំងអស់!
ប៉ូលិសឈ្មោះភ័ណសើចញញឹមនិយាយបញ្ឈឺគាត់៖
-លោកនាយកក្រុមហ៊ុន! ឥឡូវនេះលោកមិនចង់ដឹងពីស្ថានភាពភរិយាលោកទេ?
ភ្លាមនោះលោកកុសលបន្លឺឡើងភ្លាម៖
-ខ្ញុំចង់ដឹងហ្នឹងហើយបានជាខ្ញុំទាមទារទៅមើលនាង!
ប៉ូលិសដដែលសើចហើយឆ្លើយ៖
-ខ្ញុំប្រាប់ហើយថាលោកទៅនាំតែខកចិត្ត!
លោកកុសលសម្លក់ប៉ូលិសនោះត្លែដោយក្រសែភ្នែកកាចសាហាវ ជាពន្លឺភ្នែកដែលធ្វើឲ្យវិទូក៏ភ្ញាក់ផ្អើលព្រោះគាត់បង្ហាញចរិតប្លែកស្រឡះមិនដែលឃើញពីមុនមក។ គាត់មិនសួរតែប៉ូលិសនោះងងើលបន្ត៖
-ព្រោះថា អ្នកស្រីកុលាបមិនទាន់ស្លាប់ដូចដែលលោកចង់បានទេ!
លោកកុសលដៀងភ្នែកសន្សឹមៗសម្លឹងមុខមនុស្សទាំងបីនៅពីមុខខ្លួន។ គាត់មិនចេញស្ដីមួយម៉ាត់ប៉ុន្តែពន្លឺភ្នែកគាត់ដូចជាមានសំណួរជាស្រេចទៅកាន់ពួកគេថា «ពួកឯងដឹងអស់ហើយ?»
ពេលវេលាអូសបន្លាយទៅដោយស្ងៀមស្ងាត់ វិទូដែលស្ងាត់ស្ងៀមពីវាលយន្តហោះរហូតមកដល់ទីនេះចាប់ផ្ដើមនូវប្រយោគដំបូងរបស់ខ្លួន៖
-ហេតុអីលោកបងធ្វើអញ្ចឹង? សម្លាប់មនុស្សគឺខុសច្បាប់បងដឹងទេ! ពេលភីណាដឹង នាងទទួលយកបានដែរ?
លោកកុសលធ្វើមុខស្មើហើយងាកមុខគេចចេញ៖
លោកកុសលធ្វើមុខស្មើហើយងាកមុខគេចចេញ៖
-ឯងនិយាយឆ្កួតយោអីវិទូ?
វិទូមិនឆ្លើយ តែប៉ូលិសភ័ណបោះឯកសារមួយសំណុំទៅលើតុហើយបើកចេញបង្ហាញនូវលុយដុល្លារអាមេរិកសន្លឹក១០០មួយសំណុំ។
-ស្អីគេ? (លោកកុសលដៀងភ្នែកមើលបន្តិចហើយសួរ)
-លុយប៉ុន្មានសន្លឹកនេះមានលេខរៀងបន្តបន្ទាប់គ្នាដោយសារវាមកពីសំណុំបាច់តែមួយ! ហើយខ្លះត្រូវបានលោកផ្ញើតាមវិទូឲ្យទៅគ្រួសារមីងម៉ាប់ពេលគាត់ស្លាប់ ខ្លះត្រូវបានរកឃើញលើខ្លួនជនសង្ស័យពីរនាក់ ហើយខ្លះទៀតត្រូវបានរកឃើញក្នុងហាងមាសយីហោគង់ពីវ។
លោកកុសលក្រឡាប់គ្រាប់ភ្នែកទំនងគាត់ស្មានមិនដល់ក្នុងពេលដែលវិទូនិយាយបន្តពីគូកន៖
-លុយដែលលោកបងឲ្យខ្ញុំយកទៅឲ្យមីងម៉ាប់ ហើយនិងលុយទិញខ្សែកពេជ្រពីហាងគង់ពីវ និងលុយដែលចោរពីរនាក់ឡើងទៅកាប់ផើងផ្ការកខ្សែក ហេតុអ្វីក៏ចេញពីបាច់តែមួយ? វាមានតែម្យ៉ាងប៉ុណ្ណោះគឺបងឯងជាអ្នកទិញខ្សែកពេជ្រទៅទម្លាក់បន្លំក្នុងផើងផ្កា ហើយក៏ដាក់សាកសពក្លែងក្លាយទៅក្នុងនោះដោយជួលអាពីរនាក់កាលពីយប់នោះឲ្យនិយាយបំភ័ន្តការពិតបង្កើតរឿងប្រឌិតសម្លាប់អ្នកបម្រើ។
លោកកុសលសើចខឹក៖
-ឯងស៊ើបក្តីដល់ឆ្កួតហើយវិទូ? ខ្ញុំទៅធ្វើរឿងអញ្ចឹងធ្វើអី? ដើម្បីបំភ័យប្អូនខ្លួនឯង? ក្រែងឯងដឹងហើយអ្វីៗគឺស្រីនោះជាអ្នកធ្វើដើម្បីធ្វើបាបភីណាប្អូនខ្ញុំ ឥឡូវបាបកម្មតាមទាន់ឲ្យជាតិគីមី3Mប៉ះមកលើស្បែកវាខ្លួនឯងដល់ថ្នាក់រលាករលួយពុលថ្លើមសួតដូចឯងឃើញស្រាប់ម៉េចក៏មិនគិត?
វិទូសួរបញ្ច្រាស៖
-សម្ដីបងពេលនេះបង្ហាញថាទំនាក់ទំនងប្តីប្រពន្ធបងមិនល្អប្រសើរដូចដែលគេគ្រប់គ្នាបានគិតពីមុនមកទេ!
បុរសនោះនៅតែការពារខ្លួន៖
-ក្រែងឯងជាអ្នកប្រាប់បងដោយផ្ទាល់ថាស្រីនោះធ្វើបាបភីណាអ្ហេស? បងមិនងប់កន្ទុយក្បិនទេ បើស្រីនោះធ្វើបាបប្អូនស្រីបង! បងការពារម៉េចកើត?
វិទូមិនមាត់តែប៉ូលិសភ័ណសួរវិញភ្លាម៖
-ចុះម៉េចលោកដឹងថា អ្នកស្រីរបួសព្រោះសារធាតុ3M? អូភ្លេចឲ្យឈឹង កាលពី១៨ឆ្នាំមុន លោកជានិស្សិតនៅសាកលវិទ្យាល័យ Université Pierre et Marie Curie លោកជានិស្សិតដ៏ពូកែផ្នែកអនុវត្តន៍ប៉ុន្តែបានបោះបង់ចោលការសិក្សាពាក់កណ្ដាលទីព្រោះតែវិបត្តិក្នុងរង្វង់គ្រួសារ។ ពេលដែលឪពុកម្តាយលោកស្លាប់ទៅ លោកក្លាយជាភាគហ៊ុនធំនៃសហព័ន្ធពាណិជ្ជកម្មមួយចំនួន ហើយលោកក៏មានឈ្មោះល្បីក្នុងចំណោមពួកអ្នកមានប្រាក់រហូតដល់គ្មានអ្នកណាចាប់អារម្មណ៍ថាលោកក៏ជាអ្នកឯកទេសគីមីដ៏គ្រាន់បើម្នាក់ដែរនោះទេ។ នៅប្រលានយន្តហោះគ្រាន់ខ្ញុំនិយាយត្រួសៗពីស្ថានភាពប្រពន្ធលោក លោកអាចទាយដឹងថា នាងត្រូវពុលដោយសារធាតុ3Mលោកពិតជាមិនបានបោះបង់ចោលជំនាញចាស់ទៅតាមពេលវេលាមែន!
លោកកុសលទះតុផំាង៖
-ពួកឯងអាងអីមកស៊ើបប្រវត្តិខ្ញុំ!? អ្ហះ? សក្តិឯងពាក់ធ្ងន់ពេកចង់របូតម្ដង?
វិទូនិយាយមួយៗ៖
-បងកុសល! ពេលនេះយើងសង្ស័យថាបងបំពុលអ្នកបងកុលាប និងបានទម្លាក់សាកសពក្លែងក្លាយទៅក្នុងផើងផ្កាព្រមទាំងបានបំពុលអ្នកបម្រើឈ្មោះម៉ាប់ទៀត! យកល្អបងសារភាពទៅ! ភស្តុតាងនិងសាក្សីយើងមានអស់ហើយ!
លោកកុសលសម្លក់វិទូខ្មែរ គាត់និយាយផ្ទួនសួរ៖
-ភស្តុតាង? សាក្សី?
ប៉ូលិសម្នាក់ទៀតងើបតម្រង់ទៅមាត់ទ្វារទាញបើកដើរចេញក្រៅបន្សល់ទុកលោកកុសលនៅទីទើរម្នាក់ឯងកណ្ដាលបន្ទប់ស្ងាត់ច្រៀបក្រោមពន្លឺភ្នែកតាមដានរបស់វិទូនិងភ័ណ។ ម្នាក់នោះត្រឡប់មកវិញជាមួយស្ត្រីរាងទាបកន្តាល់ធាត់កន្ធុតដែលរុំក្បាលដោយក្រមានិងមានទឹកមុខក្រៀមក្រំ។ លោកកុសលសម្លឹងស្ត្រីនោះដោយភាន់ភាំង គាត់ចំណាយពេលបន្តិចទើបចំណាំបានថាជាស្ត្រីបម្រើឈ្មោះម៉ាប់ដែលគាត់គិតថាបានស្លាប់ទៅហើយ។
-ឯង….ឯង….ម៉ាប់អ្ហេស៎? ចុះក្រែងឯងស្លាប់ហើយមែនទេ?
មីងម៉ាប់ដែលជ្រុះសក់អស់ពីក្បាលលើកក្រមាចេញបង្ហាញលោកកុសលដែលរេភ្នែករកកលគេចវេះមិនហ៊ានមើល។ ស្ត្រីនោះយំផងនិយាយផង៖
-នេះជាស្នាដៃរបស់ទានប្រុសដែលធ្វើមកលើខ្ញុំ! ខ្ញុំបម្រើគ្រួសារនេះជាយូរមកហើយ! ម៉េចក៏ទានប្រុសធ្វើអញ្ចឹងមកលើខ្ញុំ?
-មីងទៅវិញចុះ! (ប៉ូលិសភ័ណនិយាយក្នុងពេលលោកកុសលឱនសម្លឹងដីគោះជើងទាំងពីរធ្វើមិនដឹង)
ប៉ូលិសដដែលនាំមីងម៉ាប់ចាកចេញទៅបន្សល់នៅមនុស្សដដែលជាមួយនិងការសួរចម្លើយ។ វិទូចាប់ផ្តើម៖
-យើងបានរកឃើញថា បងមានពាក់ព័ន្ធជាមួយរឿងរ៉ាវរញ៉េរញ៉ៃតាំងពីពេលដែលភីណាត្រូវពុលជាតិថ្នាំរំញោចនៅApartmentបឹងកេងកង! ដំបូងយើងសង្ស័យថាអ្នកបងជាអ្នកធ្វើបាបភីណា….
លោកកុសលមិនរង់ចាំឲ្យវិទូបញ្ចប់ប្រយោគទាន់ទេគាត់ស្រែកកាត់ដោយកំហឹង៖
-បើមិនស្រីចង្រៃនោះតើអ្នកណា?
វិទូតាមពិតគឺទើបតែជឿក្នុងថ្ងៃនេះថាលោកកុសល គឺស្អប់ភរិយាវ័យក្មេងរបស់ខ្លួនជាខ្លាំងខុសពីសកម្មភាពរបស់គាត់ដែលធ្វើជាការពារភរិយាពីសម្ដីមិនដឹងខ្យល់របស់ភីណាកាលនៅឯផ្ទះធំ។
វិទូនិយាយបន្តទៀត៖
-លោកបងជាអ្នកមានជំនាញផ្នែកគីមីស្រាប់លោកបងដឹងមុនគេថាភីណាគឺត្រូវថ្នាំរំញោចនៅពេលដែលនាងត្រឡប់ពីមន្ទីរពេទ្យចូលមកនៅក្នុងផ្ទះ។ ថ្ងៃនោះលោកបងរត់ទៅរកនាងនៅ Apartmentបឹងកេងកងព្រោះដឹងថាអ្នកបងមិនចោលគំនិតព្យាបាទនាងទេហើយលោកបងក៏ទៅទាន់ចំពេលនាងទើបនឹងហូបសាច់គោចៀនរួចដែលអ្នកបងចំអិនផ្ញើតាមអ្នកម៉ាប់ទៅ! សារធាតុរំញោចនោះមានលក្ខណៈខ្ពស់ហួសហេតុរហូតដល់ភីណាប្រុងលោតសម្លាប់ខ្លួនពីជាន់លើធ្វើឲ្យលោកបងឈឺចាប់និងគុំគួនទុក។ សន្តិសុខនៅក្រោមនោះនិយាយថាលោកបងបានសំណូមពរឆែកវីដេអូហើយទីបំផុតលោកបងបានរកឃើញថាប្រពន្ធខ្លួនជាអ្នកយកសាច់នេះមកឲ្យមីងម៉ាប់នៅជាន់ផ្ទាល់ដី។ ចាប់ពីពេលនោះមកលោកបងបានរៀបចំគម្រោងការកម្ចាត់ភរិយាខ្លួនឯងដើម្បីសេចក្តីសុខភីណា។ លោកបងបានរកសាកសពមកដាក់បន្លំក្នុងផើងជាមួយខ្សែកពេជ្រដែលមានត្រាយីហោពីហាងគង់ពីវហើយជួលមនុស្សពីរនាក់នោះឲ្យដើរតួល្ខោនជាមួយប៉ូលិសដោយចុងក្រោយឲ្យពួកគេឆ្លើយបន្លំថា អ្នកស្រីជាអ្នកនៅពីក្រោយរឿងអស់នេះ។ ចុងក្រោយពេលអ្នកបងត្រូវពួកខ្ញុំសង្ស័យ លោកបងក៏ឡើងទៅបំពុលអ្នកបងមុនពេលចេញទៅប្រទេសថៃដោយសង្ឃឹមថាពេលអ្នកបងស្លាប់គ្រប់គ្នានឹងគិតថាដោយសារគាត់ពាក់ព័ន្ធនឹងរឿងយកសាកសពដាក់ក្នុងផើងទើបត្រូវជាតិ3Mដល់ស្លាប់ខ្លួនឯង។ ចុងក្រោយគ្មានអ្នកណាសង្ស័យបងទាំងអស់ព្រោះមានមនុស្សតិចណាស់ដែលដឹងថាបងធ្លាប់មានប្រវត្តិជានិស្សិតគីមីវិទ្យានៅប្រទេសបារាំង ហើយសារធាតុ3M នេះគឺបងមានវិធីកែច្នៃវាមកប្រើបាន!
លោកកុសលសើចដោយជូរចត់ គាត់និយាយបន្ទរ៖
-ពួកឯងពូកែណាស់ហ្ន៎!
បន្ទាប់មកគាត់ដំឡើងសំឡេងគំហក៖
-បើពូកែអញ្ចឹងម៉េចឯងមិនចេះការពារគូដណ្ដឹងឯងកុំឲ្យស្រីមានពិសនោះធ្វើបាបទៅ ម៉េចក៏បណ្ដោយភីណាចូលពេទ្យម្ដងហើយម្ដងទៀត!
វិទូនិយាយតបមួយៗហាក់មិនខ្វល់នឹងកំហឹងអនាគតបងថ្លៃ៖
-អ្នកបងអាចទុកឲ្យច្បាប់កាត់ទោសគាត់! យើងគ្មានសិទ្ធិធ្វើអីគាត់ទេ! យើងត្រូវការភស្តុតាង!
លោកកុសលស្រែកដោយកំហឹង៖
-យូរណាស់! ទម្រាំពួកឯងធ្វើការចេញប្អូនខ្ញុំស្លាប់បាត់ហើយក៏មិនដឹង! ឯងដឹងទេថ្នាំរំញោចចុងក្រោយដែលវាដាក់ឲ្យភីណានៅ Apartment បឹងកេងកងតើជាថ្នាំអីទេ? contamination ecstasyកម្រិត៣! រវាង៥នាទីវាធ្វើឲ្យគាំងបេះដូងស្លាប់ភ្លាមបាន! ស្រីបិសាចនោះបំណងវាមិនមែនឲ្យភីណាចេញពីផ្ទះទេគឺសម្លាប់ភីណាចោលតែម្តង! បើខ្ញុំមិនទៅដល់ទីនោះទាន់ សង្ឃឹមពួកប៉ូលិសអស់ឯងប្អូនខ្ញុំស្លាប់តៃហោងក្នុងដៃស្រីនោះបាត់ហើយ!
ប៉ូលិសភ័ណក្រពាត់ដៃដើរជុំវិញតុ គេនិយាយមួយៗដោយសំឡឹងជនសង្ស័យនៅចំពោះមុខ៖
-អញ្ចឹងហើយបានជាថ្ងៃនោះ មីងម៉ាប់ឃើញលោកដាក់ថ្នាំមួយគ្រាប់ទៅក្នុងមាត់ភីណាភ្លាមទើបនាងទន់ខ្លួនលែងកញ្ជ្រោល! ដោយសារគ្រាប់ថ្នាំនោះនិងសម្ដីមីងម៉ាប់ដែលសួរថា តើនោះជាថ្នាំអ្វីធ្វើឲ្យលោកដាច់ចិត្តប្រើជាតិ3Mសម្លាប់គាត់បំបិទដាន?
លោកកុសលបញ្ចេញទឹកមុខសាហាវ។ គាត់ទ្រេតខ្លួនខែងរ៉ែងទៅលើកៅអីហើយនិយាយតប៖
-សារភាពក៏បាន! ឯងថាស្រីពីរនាក់នោះគ្មានអ្នកណាស្លាប់ អញ្ចឹងទោសយើងក៏មិនធ្ងន់ដែរ! មានអីខ្លាច! យើងធ្វើមែនប៉ុន្តែយើងធ្វើដើម្បីការពារខ្លួន! ពួកឯងស្តាប់ឲ្យច្បាស់ ហើយធ្វើរបាយការណ៍ឲ្យត្រឹមត្រូវទៅ!
ប៉ូលិសភ័ណធ្វើសញ្ញាឲ្យគ្នីគ្នាម្នាក់ទៀត។ ប៉ូលិសនោះចាប់ផ្តើមចុចថតសំឡេងនិងលើកប៊ិចមកត្រៀមកត់ត្រា។ ទឹកមុខលោកកុសលពោរពេញទៅដោយការឈឺចាប់ គាត់និយាយមួយៗដូចលង់ក្នុងក្តីសុបិន៖
-តាមពិតមិនមែនខ្ញុំមិនទុកឱកាសឲ្យស្រីចង្រៃនោះកែខ្លួនទេ ប៉ុន្តែវាជាមនុស្សមិនចោលពុត! ម្តងជាពីរដង វានៅតែចង់សម្លាប់ភីណា បើខ្ញុំមិនចាត់ការវាឲ្យបានទាន់ពេល មានតែនៅរង់ចាំមើលប្អូនស្រីខ្ញុំត្រូវគេសម្លាប់។…នៅថ្ងៃដំបូងដែលភីណាចូលមន្ទីរពេទ្យ ខ្ញុំភ័យណាស់ព្រោះមិនដឹងនាងកើតអីខ្លះហើយបន្ទោសខ្លួនឯងដែលទៅរកស៊ីចោលផ្ទះសម្បែងចោលប្រពន្ធនិងប្អូនស្រី។ ពេលប្រពន្ធខ្ញុំកុហកថាភីណាចចេសឈ្លោះជាមួយគេហើយបើកឡានចេញពីផ្ទះទាំងកណ្តាលយប់ ខ្ញុំគ្រាន់តែនឹកឆ្ងល់ថាហេតុអ្វីមានរឿងខឹងគ្នាដល់ម្ល៉ឹង ប៉ុន្តែមិនសង្ស័យអីទេព្រោះប្រញាប់ទៅមើលប្អូននៅពេទ្យ។ដឹងអីពេលនាងដឹងខ្លួនឡើងកាលណាឱបខ្ញុំយំហើយនិយាយថាឡាននោះដាច់ហ្វ្រាំង។ ខ្ញុំនឹកចម្លែកចិត្តនឹងរឿងនេះ ហើយពេលមកដល់ផ្ទះភីណាចេញសកម្មភាពប្លែកៗដាក់កុលាបធ្វើឲ្យខ្ញុំចេះតែសង្ស័យខ្លាំងឡើងរហូតដល់តាមដានដឹងថាគេត្រូវរ៉ូវគ្នាជាមួយក្មេងជក់គ្រឿងញៀនពីរនាក់នៅជិតផ្ទះដែលត្រូវការលុយទិញថ្នាំញៀនហើយរួមដៃគ្នាកុហកភីណាឲ្យខ្លាចខ្មោចឡើងវង្វេងវង្វាន់គួបផ្សំនឹងជាតិថ្នាំរវើរវាយដែលលួចប្ដូរក្នុងប្រអប់ថ្នាំភីណាផង។
វិទូសួរកាត់ផូង៖
-បងចង់និយាយពីបងប្អូនជំទង់របស់និស្សិតស្រីមកពីបរទេសហ្នឹង?
-វាមិនមែនមកពីបរទេសណាទេគឺជាមនុស្សដែលកុលាបជួលមកហើយឲ្យលួចចូលមកផ្ទះតាំងពីរាត្រីមានភ្លៀងធំដែលភីណាគ្រោះថ្នាក់ឡាននោះ គឺនាងឃើញពីរនាក់បងប្អូននោះនៅរានហាលបន្ទប់វត្ថុបុរាណដែលកុលាបជួលមក ពួកវាពាក់អាវភ្លៀងពណ៌ខ្មៅបំភ័យភីណាហើយបន្ទាប់មកកុលាបធ្វើជាដួលនិងអត់ដង្ហើមខ្លួនឯងដើម្បីឲ្យភីណាស្លន់ស្លោចេញពីផ្ទះ។ ខ្ញុំបានរកឃើញសំបកថ្នាំសណ្ដំដែលស្រីមានពុតនោះប្រើដាក់សណ្ដំពូសួស អ្នកអួននិងមីងម៉ាប់ដើម្បីធ្វើយ៉ាងណាឲ្យភីណាចេញទៅបើកឡានតែឯង ចំណែកហ្វ្រាំងឡាននោះគឺវាបានកាត់ផ្តាច់រួចជាស្រេច។
វិទូនឹកភ្នកឡើងវិញដល់សម្ដីគូដណ្ដឹងដូចកាលពីនៅថ្មីៗ។ នាងនិយាយថាយប់នោះមិនត្រឹមតែដាស់ឈ្នួលបម្រើគ្មានអ្នកក្រោកទេសូម្បីតែទូរសព្ទក៏ដាច់អស់ដែរ។ នាយសួរបកទៅបុរសអភិជនវិញ៖
-ចុះដឹងរឿងពិតហើយម៉េចក៏បងមិនប្តឹងប៉ូលិស?
លោកកុសលពេបមាត់៖
-ក្រែងឯងជាប៉ូលិសហើយតើ! យើងមិនឃើញថាបានការអីក្នុងការរកជំនួយពីប៉ូលិសទេបានជាយើងសុខចិត្តឡើងទៅដោះស្រាយជាមួយស្រីនោះផ្ទាល់មាត់!
ប៉ូលិសភ័ណចំហមាត់ធ្លុង តែប៉ូលិសដែលកត់របាយការណ៍សួរវឹង៖
-អូ! មានន័យថាលោកបានទៅបកអាក្រាតអ្នកស្រីកុលាបរួចហើយ? តើគាត់ទទួលទេ? គាត់ដឹងខុសទេ?
លោកកុសលសើចខឹកហាក់ចំអកឲ្យខ្លួនឯង គាត់និយាយបន្ត៖
-មកពីខ្ញុំខ្វាក់ភ្នែកជឿសម្ដីលួងលោមរបស់វាបានជាកាលពីមុនសុខចិត្តលើកស្ទួយយកវារៀបការឡើងជាអ្នកស្រីមានលុយចាយហូរហៀរដែលតាមពិតវាគ្រាន់តែជានិស្សិតអាហារូបករណ៍ផ្នែកគីមី សាស្ត្រវក់ធ្វើការក្រៅម៉ោងលំបាកយ៉ាប់យ៉ឺននៅស្រុកបារាំង! ពេលបានផ្ទះធំទ្រនំខ្ពស់វាភ្លេចធាតុដើមកើតចិត្តច្រណែនសូម្បីតែប្អូនថ្លៃខ្លួនឯង! សូម្បីតាមទាន់ល្បិចកលស្មោកគ្រោករបស់វាហើយខ្ញុំមិនដាច់ចិត្តប្ដឹងប៉ូលិសទេគ្រាន់តែនិយាយព្រមានវា វាមិនត្រឹមមិនដឹងកំហុសថែមទាំងគឃ្លើនឈ្លោះនឹងខ្ញុំជានិច្ចកាលទៀតធ្វើឲ្យផ្ទះទាំងមូលដូចរស់កណ្ដាលភ្នក់ភ្លើង។
វិទូទ្រាំមិនបានចំពោះការនិយាយកាន់ជើងតែម្ខាងនេះក៏លូកមាត់៖
-តែអ្នកបងប្រាប់ថាលោកបងជួបមេធាវីផ្ទេរមរតក៩០%ទុកឲ្យភីណា! នេះជារឿងអយុត្តិធម៌សម្រាប់គាត់បំផុតដែលធ្វើឲ្យគាត់ឈឺចិត្តទ្រាំមិនបាន!
លោកកុសលខាំមាត់សង្ក្រឺតធ្មេញ៖
-ស្រីអត់មារយាទនោះជិតស្លាប់ហើយឆ្លៀតនិយាយរឿងអស់នេះប្រាប់ប៉ូលិសបានទៀត?
ប៉ូលិសភ័ណលូកមាត់កាត់ម្តង៖
-ចម្លែកដែរដែលលោកឯងខុសគេ ចែកលុយឲ្យប្អូនច្រើនជាងប្រពន្ធដល់ម្ល៉ឹងរឿងអីគេមិនច្រណែនកើតជារឿងរ៉ាវចងអាឃាតគ្នា?
លោកកុសលនៅស្ងៀមមិនឆ្លើយតែវិទូនិយាយស្រាលៗតែច្បាស់ៗទៅកាន់គាត់ទាំងសម្លឹងមុខគាត់យ៉ាងមុត៖
លោកកុសលនៅស្ងៀមមិនឆ្លើយតែវិទូនិយាយស្រាលៗតែច្បាស់ៗទៅកាន់គាត់ទាំងសម្លឹងមុខគាត់យ៉ាងមុត៖
-ព្រោះប្រពន្ធចុងមិនអាចទុកស្មើកូនស្រីទេ!
ប៉ូលិសភ័ណបើកភ្នែកធំៗក្នុងពេលលោកកុសលឆួលចុងច្រមុះ។ សំឡេងវិទូបន្លឺមកបន្ថែមស្រាលៗ៖
-នៅឆ្នាំ១៩៩៥គឺនៅមុននេះ១៨ឆ្នាំ និស្សិតគីមីវិទ្យាម្នាក់បានចោលការសិក្សាកណ្ដាលទីមកស្រុកកំណើតវិញដោយសារមានវិបត្តិក្នុងគ្រួសារគឺឪពុកខ្លួនបានរៀបការភរិយាវ័យស្មើប្អូនខ្លួន។ មិននឹកស្មានថា ទីបំផុតវិបត្តិលើកនោះបានធ្វើឲ្យនិស្សិតគីមីនោះជួបស្នេហាពិតជាមួយម្តាយចុងក្មេងរបស់ខ្លួន ហើយពួកគេបានលួចលាក់រួមរស់រហូតដល់បង្កើតបានទារិកាម្នាក់ដែលមនុស្សគ្រប់គ្នាក្នុងសង្គមជាន់ខ្ពស់ស្មានថានោះជាប្អូនស្រីរបស់គេ ហើយគេក៏បានលាក់កំបាំងឪពុកហៅនាងថាជាប្អូនរហូតមក ប៉ុន្តែនិស្សិតនោះបានស្រលាញ់ប្អូនស្រីស្មើជីវិតរបស់គេ ទោះបីក្រោយពីឪពុកនិងម្ដាយចុងនោះមានគ្រោះថ្នាក់ចរាចរណ៍ដល់ជីវិត ក៏គេសុខចិត្តនៅព្រៅម្នាក់ឯងកណ្ដោចកណ្ដែងលើលោកនេះមិនព្រមរៀបការអ្នកណាជាប្រពន្ធឡើយរហូតដល់គេបានជួបជាមួយអ្នកស្រីកុលាប។ គឺពេលនោះភីណាមានអាយុ១៤ឆ្នាំទៅហើយ។ ការបែងចែកមរតក៩០ភាគរយទៅឲ្យកូនស្រីដោយរំលងចោលប្រពន្ធបច្ចុប្បន្នជារឿងដែលធ្វើឲ្យភាគីខាងស្រីផ្ទុះកំហឹងនិងចងអាឃាត!
ភ្លាមៗនោះលោកកុសលស្រាប់តែស្ទុះវឹងពីកៅអីទៅទាញកអាវវិទូទាំងគ្រហឹមដោយកំហឹង៖
-ស្រីចង្រៃនោះជាអ្នកបើកកកាយអតីតកាលនេះប្រាប់ឯង? វាបានរស់នៅទំនេរស្រណុកនៅមិនសុខជួលគេឲ្យស៊ើបប្រវត្តិប្តី សមទេ? ហើយដែលឯងនិយាយចេញមកនេះឯងមានគិតដល់ភីណាអត់អាចង្រៃ?!
ប៉ូលិសពីរនាក់ទៀតជួយទាញគាត់ចេញ វិទូគំហកវិញទាំងខឹង៖
-អញ្ចឹងបងឯងចេះគិតណាស់? បើបងឯងចេះគិតបងឯងបង្ករឿងឲ្យធំដូចពេលនេះធ្វើអី? បងឯងធ្វើរឿងឧក្រិដ្ឋប៉ះពាល់ដល់ជីវិតមនុស្សម្ដងហើយម្ដងទៀត រឿងអីថាគេមិនស៊ើប រឿងអីគេមិនដឹងពីឫសគល់អតីតកាលរបស់ភីណា? មុនធ្វើ បងឯងមានគិតអត់? បើអ្នកបងមានគំនិតមិនល្អបងឯងចេះចង បងក៏គួរចេះស្រាយទៅ ហេតុអ្វីទៅជាសម្លាប់គ្នាទៅវិញទៅមក?
សូមរង់ចាំតាមអានភាគបញ្ចប់នៅថ្ងៃអង្គារស្អែកនេះ...
ប្រភព : សប្បាយ

