ជម្លោះក្នុង វង់ផឹកស៊ី បាញ់មន្រ្តីយោធា ម្នាក់រងរបួសធ្ងន់
ភ្នំពេញ៖ មន្រ្តីយោធាម្នាក់ ដែលរៀនៅ សាលាហ្វឹកហ្វឺន នៅពេជ្យនិល បានរងរបួសធ្ងន់ ត្រូវចំក្បាល ដោយសារ តែភាគីជម្លោះ បាញ់ប្រហារ ខណៈពួកគេ កំពុងស្ថិត នៅក្នុងវង់ផឹកស៊ី មួយកន្លែង នៅក្នុងហាងតីតីដេអិន សង្កាត់ផ្សារដេប៉ូទី៣ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោង ប្រមាណ ១១៖៣០នាទី យប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៣។ ហើយជនរងគ្រោះ ត្រូវបានបញ្ជូនទៅ កាន់មន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ តែត្រូវក្រុមគ្រូពេទ្យ ប្រាប់ថាគ្មានសង្ឃឹមនោះទេ ។
សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ សុខ ស្រីភិន អាយុ ២៣ឆ្នាំ មានស្រុកកំណើត នៅស្រុកសង្កែ ខេត្តបាត់ដំបង ហើយបច្ចុប្បន្នជនរងគ្រោះ រៀននៅសាលាហ្វឹកហ្វឺនពេជ្យនិល។ មុនពេលកើតហេតុ ជនរងគ្រោះ បានអង្គុយផឹកស៊ី ជាមួយមិត្តភក្តិ របស់ខ្លួននៅក្នុងហាង ស្រាប់តែមានជម្លោះ កើតហេតុ ជាមួយភាគីម្ខាងទៀត ដែលផឹកស៊ី នៅក្នុងហាងជាមួយគ្នា រហូតដល់ វាយតប់ និងឈានទៅដល់ការបាញ់ប្រហារគ្នាតែម្តង។
សមត្ថកិច្ច មូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ នៅពេលជនបង្ក ចូលបន្ទប់ទឹក ហើយពេលចេញមកវិញ ឃើញជនរងគ្រោះ ដែលអង្គុយ នៅតាមផ្លូវដើរ ក៏មានការឌឺដងដាក់គ្នា ហើយឈានទៅដល់ ការបាញ់ប្រហារគ្នាតែម្តង។
ក្រោយកើតហេតុ ជនរងគ្រោះដែលស្ទើរតែគ្មានសង្ឃឹមរស់នោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ខណៈក្រុមជនបង្ក បានរត់គេចខ្លួនបាត់៕
ដោយ៖ ដើមអម្ពិល