បន្លំធ្វើជាចូលទិញកាត ទូរស័ព្ទឲ្យ ម្ចាស់ផ្ទះអាប់ លុយឱកាសល្អ ចូលកកាយយក ប្រាក់បានមួយ ចំនួនជិះម៉ូតូគេចខ្លួន តែត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន បានម្នាក់
ខេត្តកណ្ដាល ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកប្រុសស្រី៥នាក់ ត្រូវបានសមត្ថកិច្ចនគរបាល ស្រុកអង្គស្នួលសហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ តាមប្រមាញ់ចាប់ខ្លួនបាននៅចំណុចរង្វង់មូលចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣ ។ បន្ទាប់ពីជនសង្ស័យខាងលើ និងបក្ខពួក៤នាក់ទៀតបាននាំគ្នាធ្វើសកម្មភាពបន្លំភ្នែកអាជីវករលក់គ្រឿងទេសម្នាក់កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣ នៅផ្សារបែកចាន ស្ថិតនៅភូមិបែកចាន ឃុំបែងចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល ដោយបានប្រើល្បិចជាចូលទិញកាតបញ្ចូលទូរស័ព្ទ និងគ្រឿងទេសផ្សេងៗទៀត ដើម្បីឲ្យម្ចាស់ផ្ទះរវល់លក់ និងអាប់លុយ រួចចូលកកាយលួចទ្រព្យសមប្បត្តិនៅក្នុងផ្ទះ ហើយជិះម៉ូតូគេចខ្លួន ។
តាមការឲ្យដឹងពីនគរបាលស្រុកអង្គស្នួល ដែលកំពុងស្ថិតនៅប៉ុស្តិ៍នគរបាលរដ្ឋបាលខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួននោះមានឈ្មោះ ពៅ ចំរើន ភេទប្រុស អាយុ២៨ឆ្នាំ បច្ចុប្បន្នមានទីលំនៅភូមិវែង សង្កាត់ពញាពន់ ខណ្ឌសែនសុខ ។ នៅក្នុងប្រតិបត្តិការនេះដែរ សមត្ថកិច្ចនគរបាលបានធ្វើការដកហូតបានម៉ូតូមួយគ្រឿងម៉ាកហុងដា ស្គុបពីពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BY-2130ដែលជាមធ្យោបាយរបស់ក្រុមជនសង្ស័យជិះធ្វើសកម្មភាព។
នាយប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចានលោកចៀវ ចាន់ថា បានប្រាប់នគរវត្តថា ជនរងគ្រោះមានឈ្មោះ ឈ្មោះង៉ែត សូរីតា ភេទស្រី អាយុ២៨ឆ្នាំ និងប្តីមានឈ្មោះ លី សុខជា អាយុ៣០ឆ្នាំ ទាំង២នាក់ប្តីប្រពន្ធមានមុខរបរជាអ្នកលក់គ្រឿងទេសនៅផ្សារបែកចាន បច្ចុប្បន្នមានទីលំនៅក្នុង ភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល ។ លោកនាយប៉ុស្តិ៍បានបន្តថា ជំហ៊ានដំបូងលោកបានធ្វើការសាកសួរទៅជនរងគ្រោះអំពីការបាត់បង់ទ្រព្យសម្បត្តិនោក្នុងផ្ទះ ហើយជនរងគ្រោះក៍បានអះអាងថា ទ្រព្យសម្បត្តិដែលបាត់បង់នោះមានទឹកចំនួន៤លាន ៥សែនរៀល ក្រៅពីនោះពុំមានអ្វីបាត់បង់នោះទេ ពោលបាត់បង់ត្រឹមតែប្រាក់រៀលចំនួនខាងលើប៉ុណ្ណោះ ។
លោក ចៀវ ចាន់ថា បានបន្តទៀតថា នៅមុនពេលកើតហេតុជនសង្ស័យនិងបក្ខពួក៤នាក់ទៀតបានជិះម៉ូតូ២គ្រឿង ក្នុងនោះពីរគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ និងមួយគ្រឿងទៀតម៉ាកហុងដា ស្គុបពី ពណ៌ខ្មៅ ទៅឈប់នៅខាងមុខផ្ទះជនរងគ្រោះ ហើយបានប្រើល្បិចជាចូលទៅទិញកាតបញ្ចូលទូរស័ព្ទ និងគ្រឿងទេសមួយចំនួន និងខ្លះទៀតសួរ រកទិញ ធុងទឹកកក ហើយក៍បានឲ្យប្រាក់ដុល្លាចំនួន១០០ដុល្លារ ទៅជនរងគ្រោះអាប់ដើម្បីឱ្យជនរងគ្រោះភ្លេចខ្លួន ខណៈពេលដែលជនរងគ្រោះកំពុងលក់ និងអាប់លុយនោះក្រុមជនសង្ស័យបានចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះរើកកាយធុងដាក់ប្រាក់ ហើយក៍នាំគ្នាជិះម៉ូតូគេចខ្លួនសំដៅទៅភ្នំពេញដោយក្នុងដៃមានកាន់កាន់ស្បោងខ្មៅ ហើយស្រែកសួរនាំ ប៉ុន្ដែជនសង្ស័យទាំងនេះ មិនបានឈប់ម៉ូតូទេ ទើបស្ដ្រីរងគ្រោះបានស្រែកឆោឡោឮដល់ប្រជាពលរដ្ឋនៅក្បែរខាងហើយបានដេញតាមពីក្រោយ ហើយទាក់ទងមកកម្លាំងសមត្ថកិច្ចដើម្បីឱ្យជួយស្ទាក់ តាមរយៈការប្រាប់ពីភិនភាគ និងស្លាកលេខម៉ូតូរបស់ជនសង្ស័យ។
ក្រោយពីទទួលសេចក្ដីរាយការណ៍ពី កម្លាំងសមត្ថកិច្ចស្រុកអង្គស្នួលបានសហការជាមួយកម្លាំងនគរ បាលខណ្ឌពោធិ៍សែនជ័យ បានចេញស្ទាក់រហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ ម្នាក់នៅរង្វង់មូលចោមចៅ សង្កាត់ចោមចៅខណៈដែលជនសង្ស័យរូបនេះ កំពុងជិះម៉ូតូ ស្កុបពីពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BY-2130 តែម្នាក់ឯង រីឯបក្ខពួក៤នាក់ ផ្សេងទៀត ដែលជិះម៉ូតូម៉ាកហុងដាឌ្រីម C125 ពីរគ្រឿងនោះ គេចខ្លួនបាត់ ។ បច្ចុប្បន្នជនសង្ស័យរូបនេះត្រូវបាននាំខ្លួនទៅកាន់អធិការដ្ឋាននករបាលស្រុកអង្គស្នួលដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕
________________________
ប្រភពពីនគរវត្ត