ព្រះមហាក្សត្រ ចេញព្រះរាជឱង្ការ ឲ្យបក្សនយោបាយ ដោះស្រាយបញ្ហា ដោយសន្តិវិធី និងឲ្យប្រជារាស្រ្ត រក្សា ភាពស្ងប់ស្ងាត់

8/08/2013 0 Comments A+ a-

ប្រភព ដើមអម្ពិល
ភ្នំពេញ៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជសារ ដោយមានព្រះរាជឱង្ការឲ្យគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ដែលត្រូវបានប្រជាពលរដ្ឋបោះ ឆ្នោតគាំទ្រនោះ បន្តដោះស្រាយបញ្ហា និងវិវាទទាំងឡាយដោយសន្តិវិធី។ ព្រះអង្គ ក៏បានមានព្រះរាជបន្ទូលឲ្យ ប្រជាពលរដ្ឋខ្មែរទាំងអស់ រក្សានូវស្ងប់ស្ងៀម និងភាពថ្លៃថ្នូររបស់ជាតិ។
នៅក្នុងព្រះរាជសារ ដែលចេញផ្សាយជាសាធារណៈនៅយប់ថ្ងៃពុធ ទី០៧ ខែសីហា ឆ្នាំ២០១៣  ព្រះមហាក្សត្រ ខ្មែរ បានមានព្រះរាជបន្ទូលអំពាវនាវឲ្យ គណបក្សនយោបាយ ដែលទទួលបានអាសនៈសភា តាមរយៈការបោះ ឆ្នោតគាំទ្ររបស់ប្រជាពលរដ្ឋកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្ស សង្រ្គោះជាតិ ត្រូវរក្សាឲ្យបាននូវស្ថិរភាព និងសន្តិភាព តាមការដោះស្រាយវិវាទ និងបញ្ហានៅសេសសល់ ដោយ សន្តិវិធី។
ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូលយ៉ាងដូច្នេះ «ដើម្បីជាផលប្រ យោជន៍ ដ៏ឧត្តមសម្រាប់ប្រទេស និងប្រជាពលរដ្ឋយើង និងដើម្បីរក្សាសន្តិភាព និងស្ថិរភាពជាតិ ខ្ញុំសូមអំពាវនាវ ដល់គណបក្សទាំងពីរ ដែលប្រជាពលរដ្ឋ បានបោះឆ្នោតគាំទ្រឲ្យមានអាសនៈក្នុងរដ្ឋសភា នីតិកាលទី៥ ខាងមុខ សូមបន្តពិភាក្សាគ្នារ រកដំណោះស្រាយដោយសន្តិវិធី ចំពោះការវិវាទ ឬបញ្ហាទាំងឡាយ ដែលនៅសេសសល់»។
នៅក្នុងព្រះរាជសារ ដែលចេញផ្សាយទាំងយប់នេះ ព្រះមហាក្សត្រខ្មែរ ក៏បានមានព្រះរាជបន្ទូលផងដែរ ឲ្យប្រជា ពលរដ្ឋខ្មែរទាំងអស់ រក្សានូវភាពស្ងប់ស្ងៀម និងភាពថ្លៃថ្នូររបស់ជាតិ។ «ខ្ញុំ ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំង អស់ សូមរក្សាភាពស្ងប់ស្ងៀម និងភាពថ្លៃថ្នូររបស់ជាតិ ហើយបន្តប្រកបរបរចិញ្ចឹមជីវិតដោយភាពសុខសាន្ត ព្រម ទាំងរក្សាឯកភាព និងសាមគ្គីជាតិខ្ពស់ ដែលជាកម្លាំងរបស់យើង ក្នុងការជម្នះរាល់ការលំបាកធំៗ ទាំងឡាយកន្លង ទៅ»។
ព្រះរាជបន្ទូលអំពាវនាវរបស់ព្រះមហាក្សត្រខ្មែរ ឲ្យអ្នកនយោបាយ និងប្រជាពលរដ្ឋខ្មែររក្សានូវភាពស្ងប់ស្ងាត់ និង ដោះស្រាយបញ្ហាដោយសន្តិវិធីក្នុងនាមជាជាតិខ្មែរដូច គ្នានេះ ត្រូវបានគេមើលឃើញថា ធ្វើឡើងបន្ទាប់ពីកម្តៅ នៃ នយោបាយនៅកម្ពុជា ក្រោយពេលបោះឆ្នោតកំពុងពុះកញ្ជ្រោលខ្លាំង ដោយសារតែគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ សុទ្ធតែបានប្រកាសអះអាងនូវលទ្ធផលឈ្នះឆ្នោតដូចៗគ្នា ខណៈដែលលទ្ធផលឆ្នោត បណ្តោះ អាសន្ន នឹងត្រូវគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គ្រោងនឹងប្រកាសនៅថ្ងៃទី១០ ខែ សីហា ខាងមុខនេះ។
ព្រះរាជឱង្ការរបស់ព្រះមហាក្សត្រខ្មែរ ក៏ត្រូវគេមើលឃើញផងដែរថា ធ្វើឡើងស្របពេលលោក សម រង្ស៊ី ប្រធាន គណបក្សសង្រ្គោះជាតិ និងលោក កឹម សុខា ជាអនុប្រធាន បានប្រកាសបង្ហាញជំហររបស់ខ្លួន នៅចំពោះប្រជា ពលរដ្ឋជាម្ចាស់ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តពីជោគជ័យរបស់គណបក្ស សង្រ្គោះជាតិកាល ពីបោះឆ្នោតនាពេលកន្លងទៅ។ មិនតែប៉ុណ្ណោះថ្នាក់ដឹកនាំកំពូល នៃបក្សប្រឆាំងមួយនេះ បានគំរាមធ្វើមហាបាតុ កម្មទូទាំងប្រទេសប្រឆាំងទៅនឹង លទ្ធផលបោះឆ្នោតរបស់ គ.ជ.ប និងទាមទារឲ្យ គ.ជ.ប បង្កើតគណៈកម្មការ ពិសេស ដើម្បីដោះស្រាយភាពមិនប្រក្រតី នៅពេលបោះឆ្នោត៕
Photo by DAP-NEWS
Photo by DAP-NEWS