អាកាសធាតុ ក្តៅខ្លាំង ធ្វើអោយ បុរសម្នាក់ ស្លាប់ហើយ រស់ឡើងវិញ តែបែរជា ត្រូវប៉ូលីស ចាប់ខ្លួន

8/08/2013 0 Comments A+ a-

រឿងហេតុគួរអោយហួសចិត្តមួយ បានកើតឡើងក្នុងប្រទេសចិន បង្កអោយមនុស្ស ជាច្រើនសិបនាក់ បានប្រជៀតគ្នាយ៉ាងកកកុញ មកមើលសាកសព បុរសម្នាក់ ដែលត្រូវបានគេអះអាងថា ស្លាប់ដោយសារស្នាដៃ របស់ពួកមន្ត្រី សន្តិសុខសណ្តាប់ធ្នាប់ទីក្រុង ជាអ្នកវាយធ្វើបាប។
កាលពីវេលាម៉ោងប្រមាណជា ៤រសៀល ក្នុងទីក្រុង Wuhan នៃខេត្ត Hubei ប្រទេសចិន មានបុរសជាង ១០នាក់ បាននាំគ្នាសែងបុរសម្នាក់ ជាអ្នកលក់គ្រឿងភេសជ្ជៈ តាមដងផ្លូវ ដែលដេកគ្របក្រណាត់ស បិទជិត ហើយស្រែកទាមទារសំណង ១សែន យ័ន ចំពោះការស្លាប់របស់គាត់។ យ៉ាងណាមិញ មនុស្សជាង ៣០០នាក់ បាននាំគ្នាឈរមើល បង្កអោយមានការកកស្ទះ និង បាត់បង់សណ្តាប់ធ្នាប់សាធារណៈ ថែមទៀតផង ទើបក្រោយមក ប៉ូលីស ជាង ៨០នាក់ ត្រូវបានបញ្ជូនមកដល់ ដើម្បីរៀបចំសណ្តាប់ធ្នាប់ ឡើងវិញ។ ប៉ុន្តែអ្វីដែល គួរអោយភ្ញាក់ផ្អើលនោះ គឺសាកសព ដែលកំពុងតែដេកសុខៗ ស្រាប់តែស្ទុះក្រោកឡើង រួចស្រវ៉ាចាប់យកដបទឹក ដើម្បីផឹក ហើយប្រាប់ទៅដល់គ្នីគ្នា របស់គេថា អាកាសធាតុក្តៅខ្លាំងណាស់ រូបគេមិនអាចទ្រាំទ្របានទៀតនោះទេ។
បន្ទាប់ពីប៉ូលីស ដឹងថានេះជាឆាកល្ខោន ដើម្បីស្វែងរកប្រាក់ពីសាធារណៈជន ហើយនោះ ប៉ូលីសក៏បានធ្វើការឃាត់ខ្លួន បុរសអ្នកលក់ភេសជ្ជៈ ឈ្មោះ ហាន ដែលបន្លំធ្វើជាស្លាប់នោះ រួមនឹង គ្នីគ្នារបស់គាត់ ២នាក់ផ្សេងទៀត ពីបទ ធ្វើឲ្យបាត់បង់ សណ្តាប់ធ្នាប់សាធារណៈ។ 
តើប្រិយមិត្តយល់យ៉ាងណា?


















ប្រភព : ខ្មែរឡូត