គណបក្សកាន់ អំណាច​ប្រើ​សន្លឹក​ អាត់​ចុងក្រោយ​ ដើម្បី​បង្ហាញ​អំពី​ ភាព​ស្អាតស្អំ និង​ឆន្ទៈ​នយោបាយ​របស់ខ្លួន​

8/10/2013 0 Comments A+ a-

សន្លឹក​​អាត់​​ចុង​ក្រោយ​ ​ដែល​​មនុស្ស​​ភាគ​ច្រើន​​គិត​ថា​ គណ​បក្ស​​ប្រជា​ជន​​កម្ពុជា​ ​មិន​អាច​​ធ្វើ​ទៅ​​រួច​​នោះ​ ​ឥឡូវ​នេះ​​គណ​បក្ស​​ប្រជា​ជន​​កម្ពុជា​​បាន​​យកមក​បោក​​​​នៅ​​ចំពោះ​មុខ​​គណ​បក្ស​សង្រ្គោះ​ជាតិ​ ​នៅ​​ថ្ងៃ​ទី​៩​ សីហា​​នេះ​ ។​​
​សន្លឹក​អា​ត់​ចុង​ក្រោយនេះ គឺ​ការព្រមព្រៀង​បង្កើត​គណកម្មការ​ចម្រុះ​មួយ​ដែលមាន​វត្តមាន​អង្គការ​សង្គម​ស៊ីវិល ដែលមាន​ជំនាញ​ខាង​ការបោះឆ្នោត និង​តំណាង​សហគមន៍​អន្តរជាតិ ដើម្បី​ត្រួតពិនិត្យ​លទ្ធផល​បោះឆ្នោត ដែល​ខាង​គណបក្សប្រឆាំង​ចោទថា គ​.​ជ​.​ប បានធ្វើ​ការ​លួចបន្លំ និង​ការធ្វើអោយមាន​ភាពមិន​ប្រក្រតី​ជាច្រើន ។​
​នៅ​បន្ទាប់ពី​ការបោះឆ្នោត គឺ​នៅក្រោយពី​ឃើញ​ការចេញ​លទ្ធផល​បឋម​ដោយ គ​.​ជ​.​ប និង​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នៅ​កម្ពុជា (Comfrel) ដោយ​បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះឆ្នោត ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ឈរ​នៅ​លំ​ដាប់​​លេខ​រៀង​ទី​២ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​បានចាប់ផ្តើម​ប្រកាស​ទាមទារ​អោយមាន​គណ​ក​ម្មាចម្រុះ​ដើម្បីត្រួតពិនិត្យ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​កាលពី​ថ្ងៃទី​២៨ កក្កដា ២០១៣ ។ ដំបូង​ឡើយ ខាង​គណបក្ស​ប្រជាជន​កម្ពុជា មិនបាន​យល់​ព្រម​​ទេ ដោយ​សំអាងថា យន្តការ​ដោះស្រាយ បញ្ហា​ដែលមាន​ស្រាប់ ហើយ​ស្របតាម​ច្បាប់បោះឆ្នោត​រប​ស់​កម្ពុជា​ផង​នោះ គឺមាន​តែ​គ​.​ជ​.​ប និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ទេ ។ នៅពេលនោះ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​បានប្រកាស​អំពី​គម្រោងការធ្វើ​មហា​បាតុកម្ម​ប្រឆាំង​លទ្ធផល​បោះឆ្នោត ។​
​លុះដល់​ថ្ងៃទី​២ ខែសីហា គណបក្ស​ប្រជាជន​កម្ពុជា បាន​បន្ទន់ឥរិយាបទ ដោយបាន​ឯកភាព​ជាមួយ​គណបក្ស​ប្រឆាំង​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​បង្កើត​គណកម្មការ​ត្រីភាគី​រវាង​គណបក្សជាប់ឆ្នោត​ទាំងពីរ និង​គ​.​ជ​.​ប ដើម្បី​ត្រួតពិនិត្យ​ភាពមិនប្រក្រតី​ទាំងនោះ ។ មិនបាន​មួយថ្ងៃ​ពេញលេញ​ផង គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដកខ្លួន​ថយ​ចេញពី​ការចរចា ហើយ​ប្រធាន​គណបក្ស នេះ​គឺ​លោក​សម រង្ស៊ី បាន​ព្រមាន​អំពី​ការធ្វើ​មហា​បាតុកម្ម​នៅ​ទូទាំងប្រទេស ។
​លោក​រង្ស៊ី បាន​ថ្លែង​ពន្យុះ​អោយ​ប្រជាពលរដ្ឋ​កម្ពុជា នៅតាម​បណ្តា​ខេត្ត និង​រាជធានី ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បានឈ្នះ​ឆ្នោត ថាអោយ​ត្រៀមខ្លួន​ធ្វើ​មហា​បាតុកម្ម ដើម្បី​បញ្ចប់​អំណាចរបស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី​ហ៊ុន សែន អោយខាងតែបាន​នៅ​ឆ្នាំ​២០១៣​នេះ ។
​សារ​នេះ ត្រូវបាន​គេ​ស្តាប់​ឭ និង​មើលឃើញ​ពេញ​ពិភពលោក តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ ។ អ្នក​ស្តាប់ អ្នកអាន និង​អ្នកទស្សនា បាន​វិនិច្ឆ័យ​ថា សារ​របស់លោក​សម រង្ស៊ី គឺ​ចង់​ប្រើ​លេស នៃ​ភាពមិនប្រក្រតី ដែល​កើតចេញពី​ការបោះឆ្នោត ដើម្បី​ផ្តួលរំលំ​របប​គ្រប់គ្រង​បច្ចុប្បន្ន ដែល​ឈ្នះឆ្នោត ។ ឈ្នះឆ្នោត​ត្រង់​ថា សូម្បីតែ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ដោយ​ឯករាជ្យ ក៏​បង្ហាញលទ្ធផល​ថា គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បានតែ​ពី​៥៥ ទៅ​៥៦ អាសនៈ​ប៉ុណ្ណោះ នៅ​ខណៈដែល​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ពី​៦៧ ទៅ​៦៨​អាសនៈ ។​
​គណបក្ស​សង្គ្រោះ​ជាតិ ទំនងជា​គិតថា គណបក្ស​ប្រជាជន​កម្ពុជា មិនអាច​ដើរ​ដល់​ចំណុច​មួយ ដែលថា មានការ​ព្រមព្រៀង​អោយមាន​ការចូលរួម​ពី​អង្គការក្រៅរដ្ឋាភិបាល ដែលមាន​ជំនាញ ផ្នែក​បោះឆ្នោត និង​តំណាង​សហគមន៍​អន្តរជាតិ​នោះទេ ។ លក្ខខណ្ឌ​មួយ​នេះ ការពិត​វា​ជា​ព្រនង់​មួយ​សម្រាប់​សំពង​គណបក្ស​ប្រជាជន​កម្ពុជា អោយ​ទទួលយក​លក្ខខណ្ឌ​អ្វី​ម្យ៉ាង ឬ​ច្រើនយ៉ាង ។​
​លក្ខខណ្ឌ​ទី​១ គឺ​ការ​បែក​ចែក​អំណាច នៅ​ក្នង​ស្ថាប័ន​នីតិបញ្ញត្តិ ឬ​អាច​ឈានទៅរក​ការ​បែក​ចែក​អំណាច​នៅក្នុង​ស្ថាប័ន​នីតិប្រតិបត្តិ ។ ឯ​លក្ខខណ្ឌ​ទី​២ គឺ​ចំពោះ​ករណី​លោក​សម រង្ស៊ី ផ្ទាល់ ព្រោះថា រឿង​លោក​សម រង្ស៊ី បើទោះជា​ក្នុង​កាលៈទេសៈ​ណាក៏ដោយ ចរចា​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ក៏ដោយ សភា​ចម្រុះ​ក៏ដោយ ក៏​លោក​សម រង្ស៊ី គ្មាន​ចំណែក​នៅក្នុង​នោះដែរ ព្រោះថា អាសនៈ​លំដាប់​លេខ​រៀង​ទី​១​របស់លោក​នៅ​ខេត្តកំពង់ចាម ត្រូវបាន​ជំនួស​ដោយ​លោក កឹម សុខា ទៅហើយ ។ តាមច្បាប់​រដ្ឋធម្មនុញ្ញ​ក្តី ច្បាប់បោះឆ្នោត​ក្តី បេក្ខជន​ប្រធានសភា អនុប្រធានសភា នាយករដ្ឋមន្ត្រី ឬ​ឧបនាយករដ្ឋមន្ត្រី ក៏​សុទ្ធតែ​បោះឆ្នោត​ជ្រើស​ចេញពី​តំណាងរាស្ត្រ​ដែល​ជាប់ឆ្នោត ។​
​អញ្ចឹង​ហើយ បានជា​ជំហរ​របស់លោក​សម រង្ស៊ី ខុសពី​ជំហរ​របស់លោក កឹម សុខា លោក​យ៉ែម បុញ្ញ​រិ​ទ្ធ លោក​យឹម សុវណ្ណ លោក​សុន ឆៃ និង​បេក្ខជន​សភា​ជាប់ឆ្នោត​ឯទៀត ។
​នៅពេល​ថ្លែង​ទៅកាន់​ហ្វូង​អ្នកគាំទ្រ លោក​កឹម សុខា លោក​យ៉ែម បុញ្ញ​រិ​ទ្ធ លោក​យឹម សុវណ្ណ លោក​សុន ឆៃ​ និយាយ​អំពី​ការធ្វើ​មហា​បាតុកម្ម ដោយ​ភ្ជាប់​មក​នូវ​លក្ខខណ្ឌ​ចាំបាច់​មួយ ដែលថា មហា​បាតុកម្ម​នេះ​ផ្ទុះឡើង ក្នុងករណី​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត មិន​ត្រូវបាន​ដោះស្រាយ​តាម​យន្ត​ការដែល​គណបក្ស​ស​ង្គ្រោះ​ជាតិ​បានស្នើ​ឡើង ។​
​ចំណែក​លោក សម រង្ស៊ី វិញ អ្វីដែល​សំខាន់​សម្រាប់​លោក គឺ​ការផ្លាស់ប្តូរ​របប​ដឹកនាំ​បច្ចុប្បន្ន​ទាំងស្រុង នៅ​ឆ្នាំ​២០១៣​។ ហេតុអ្វី​? ព្រោះថា លទ្ធផល​បោះឆ្នោត​នៃ​ឆ្នាំ​២០១៣​នេះ មិនបាន ផ្តល់​ផលប្រយោជន៍​ផ្ទាល់ខ្លួន​អ្វី​ដល់​លោក​សម រង្ស៊ី​ឡើយ ។ ច្បាប់រដ្ឋធម្មនុញ្ញ និង​ច្បាប់បោះឆ្នោត សុទ្ធតែ​មិនអាច​ជួយ​កែខៃ​ស្ថានភាព​របស់លោក​បាន ។ ហេតុនេះ លោក​ត្រូវ​នៅ​រង់ចាំ៥​ឆ្នាំទៀត ដែល​នឹង​ធ្វើអោយ​វ័យ​របស់លោក​ឈានចូល​៧០​ឆ្នាំ ។ ហេតុ​នេះហើយ បានជា​លោក​សម រង្ស៊ី ចេះតែមាន​ប្រសាសន៍ថា មិនអាច​អោយ​ឪ​កាស​មាស​នេះ រំលង​ផុត​ទេ គឺ​​ឪកាស​​​ប្រើ​កម្លាំង​​មហា​ជន​ដើម្បី​ផ្លាស់​ប្តូរ​របប​។
​សរុបសេចក្តី​មក គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ដើរ​ដល់​ផ្លូវបំបែក​ជា​ពីរ ពោលគឺ​ធ្វើបាតុកម្ម​មហាជន​ដើម្បី​ផ្តួលរំលំ​អំណាច​រដ្ឋ​បច្ចុប្បន្ន ដើម្បី​ប្រយោជន៍​លោក​សម រង្ស៊ី ក្លាយជា​នាយករដ្ឋមន្ត្រី និង​ការចូលរួម​តុ​ចរចា ដើម្បី​ផលប្រយោជន៍​ប្រជាជាតិ​កម្ពុជា​ទាំងមូល តាម​ទស្សនាទាន​របស់​សមាជិក​គណ​កម្មា​ធិការ​នាយក​ភាគច្រើន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឬមួយ​ប្រើប្រាស់​ផ្លូវ​ទី​២​នេះ ដើម្បី​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា បើកផ្លូវ​អោយមាន​ការ​ផ្តល់​ឪ​កាស​អោយ​លោក សម រង្ស៊ី​ផង ។​
​ជម្រើស​ទី​១ តាម​សេនា​រី​យ៉ូ​របស់លោក សម រង្ស៊ី ទំនងជា​ទៅ​មិន​រួច​ទេ ព្រោះ​វា​ជាការ​ប្រថុយប្រថាន​មួយ ពោលគឺ​អាច​ទទួល​ជ័យជំនះ ដោយ​ការ​ប្រឈម​មុខ​​កាប់សម្លាប់​គ្នា​រវាង​បាតុករ និង​បាតុករ ឬមួយ​ឈានទៅដល់​ការ​រំលំ​រលាយ​រចនាសម្ព័ន្ធ​របស់​បក្សប្រឆាំង​ទាំងស្រុង​នៅពេល​បដិវត្ត​មិនបាន​សម្រេច ដែល​​នេះ​ផ្ទុយ​ពី​ផលប្រយោជន៍​ដែល​លោក​កឹម សុខា និង​បេក្ខជន​សភា ជាប់ឆ្នោត​ទាំង​៥៥ ឬ​៥៦​នាក់ ចង់​បាន​ ​និង​ត្រូវ​ទទួល​បាន​។​​
​ជម្រើស​ទី​២ គឺ​ការចរចា​ស្វែងរក​ភាព​ស្រុះស្រួល​គ្នា អាច​នឹង​នាំអោយ​គណបក្សប្រឆាំង​មួយ​នេះ ចាក់​ឬ​ស​ចាក់​គល់​ក្នុង​ស្រទាប់​ប្រជាជន កាន់តែ​ជ្រៅ ដែល​​នឹង​ឈានទៅរក​ការដណ្តើម​អំណាចស្របច្បាប់បាន​ទាំងស្រុង​នៅ​អាណត្តិ​ក្រោយៗ សមនិង​ពាក្យចាស់​បូរាណ​ពោលថា​៖ «​សន្សឹមៗ កុំ​បំបោល ក្រែង​ពុំ​ដល់​ដូច​ប្រាថ្នា​»​។​
​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា សន្លឹក​អាត់​ចុង​ក្រោយនេះ គឺ​ការឯកភាព​អោយមាន​អង្គការក្រៅរដ្ឋាភិបាល​ដែលមាន​ជំនាញ​ផ្នែក​បោះឆ្នោត និង​តំណាង​សហគមន៍​អន្តរជាតិ ចូលរួម​ក្នុងគណកម្ម​ការ​ចម្រុះ​នោះ គឺ​បាន​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​៣ ។​
​ទី​១ គឺ​ដើម្បី​បង្ហាញថា ជ័យជំនះ​ដែល​ទទួលបាន​ពី​ការបោះឆ្នោត​ត្រឹម ៦៧ ឬ​៦៨​អាសនៈ​នេះ គឺជា​ជ័យជំនះ​ដោយ​បរិសុទ្ធ ហើយ​ដែល​កើតចេញពី​ឆន្ទៈ​របស់​រាស្ត្រ​ហើយ​វា​ជាការ​លាងជម្រះ ភាព​មន្ទិល​ទាំងឡាយ ក្នុង​អារម្មណ៍​របស់​សហគម​ន៍​អន្តរជាតិ បណ្តា​អង្គទូត​នានា និង​អង្គការ​សង្គម​ស៊ីវិល ចំពោះ​ភាពមិនប្រកត្រីទាំងឡាយ​ដែល​ត្រូវ​បានលើកឡើង​ដោយ​គណបក្សប្រឆាំង ។​
​ទី​២ គឺជា​បង្ហាញ​នូវ​ឆន្ទៈ​នយោបាយ​ក្នុងការ​ដោះស្រាយ​បញ្ហា​ជាតិ​ជូន​ប្រជាជាតិកម្ពុជា និង​សហគមន៍​អន្តរជាតិ ។​
​ទី​៣ គឺជា​ការ​ជាន់កែង​លោក​សម រង្ស៊ី អោយ​បញ្ចេញ​ក្រឡាសា​ចុងក្រោយ​នៃ​ការ​បញ្ឆេះ​កំហឹង​អោយ​ផ្ទុះ​បាតុកម្ម​មហាជន ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​ដែល​ស្របច្បាប់ និង​មានការ​ទទួលស្គាល់ពី​សហគមន៍​អន្តរជាតិ ។​
​សន្លឹក​អាត់​ចុង​ក្រោយនេះ ប្រហែលជា​នឹងធ្វើ​អោយ​លោក​សម រង្ស៊ី ស្ថិតនៅ​ក្នង​ភាព​ឯកោ​ ដោយ​អស់ចិត្ត តែបើ​លោក​សម រង្ស៊ី នៅតែ​លោត​ចូលក្នុង​ច្រក​របស់លោក​ទៀត នោះ​នៅ​ទីបំផុត គឺ​៖ «​សេះ​ផាយ​ទៅៗ ទៅ​តែ​សេះ​ហើយ​!» ឬមួយ​ក៏​ធ្វើអោយ​លោក​សម រង្ស៊ី ងាក​មក​សម្របសម្រួល​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន វិញ ដោយសារតែ​ទម្ងន់​គាំទ្រ​ផ្នែក​ការទូត​ពី​អន្តរជាតិ​នៅខាង​សម្តេច​តេ​ជោ និង​គណបក្ស​ប្រជាជន​កម្ពុជា ច្រើនជាអតិបរមា​ជាង​ខាង​លោក​​​​សម​ រង្ស៊ី​ ៕​
ប្រភពពី Free Press Magazine