កម្មករ កម្មការិនី រោងចក្រ​កំពុង ធ្វើការ​ដួល សន្លប់​ជាង​៤៥​នាក់​

8/01/2013 0 Comments A+ a-

ស្វាយរៀង ៖ កម្មករ កម្មការិនី រោងចក្រ​កាត់ដេរ​ដែល​មាន​យីហោ​ឈ្មោះ អេ​លី​ត ស្ថិត​ក្នុង​តំបន់ សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន ស្ថិត​ក្នុង​ភូមិ​តា​ពៅ សង្កាត់​-​ក្រុង បាវិត កំពុង​តែ​ធ្វើការ ក៏​ស្រាប់តែ ដួលសន្លប់​ជា​បន្តបន្ទាប់​។​
បើ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា កម្មករ កម្មការិនី ចាប់​ចូល​ធ្វើការ ពី​ម៉ោង​១ រហូតដល់​ម៉ោង១ និង ២៥​នាទី ក៏​ដួលសន្លប់​ជា​បន្តបន្ទាប់​ដោយ​មិនដឹង​មូលហេតុ​ពិតប្រាកដ​នៅឡើយ​ទេ​។ ករណី​កម្មករ​រោងចក្រ​សន្លប់​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៣ វេលា​ម៉ោង១ និង ២៥​នាទី នៅក្នុង​រោងចក្រ​ឈ្មោះ​អេ​លី​ត ជា​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់​។
​ ​លោក អ៊ូ សុខ​ឃឿន មន្ត្រី​ក្រសួង​ការងារ​បណ្តុះបណ្តាល និង វិជ្ជាជីវៈ​ប្រចាំ​នៅ​តំបន់​សេដ្ឋកិច្ច ពេ​សេ​មេន​ហាត​ធេ​ន បាន​អោយ​ដឹង​តាម​ទូរស័ព្ទ​ថា កម្មករ កម្មការិនី រោងចក្រ​អេ​លី​ត​សន្លប់​នោះ ចំនួន​៤៥​នាក់​។ លោក​បាន​បន្ត​ថា តាម​ការ​សន្និដ្ឋាន​កម្ម​ករ​ដែល​សន្លប់​នោះ​បណ្តាល​មក​ពី​ធំ​ក្លិន​ជ័រ ព្រោះ​នៅ​ជិត​គ្នា​នោះ​មាន​រោងចក្រ​ឈ្មោះ ស៊ី​កូ គេ​ផលិត​ស្បែកជើង​ហើយ​ពេល​ស្លជ័រ ផលិត​បាតស្បែកជើង​ធំ​ក្លិន​ចូលក្នុង​រោងចក្រ​អេ​លី​ត ក៏​ដួលសន្លប់​បែបនេះ​ទៅ​។​
​ ​លោក អ៊ូ សុខ​ឃឿន បាន​បញ្ជាក់​ថា ការ​ស្លជ័រ​នោះ​ខាង​រោងចក្រ​ស៊ី​កូ មាន​រៀបចំ​បំពង់​បង្ហុយ ឡើងលើ​ត្រឹមត្រូវ ពុំ​ដែល​មាន​បញ្ហា​អ្វី​នោះ​ទេ ប៉ុន្តែ​ដោយ​ថ្ងៃនេះ​ធាតុអាកាស​ប្រែប្រួល ខ្យល់​បក់ វិល​ចុះឡើង ក៏​ជះក្លិន​ចូល​រោងចក្រ​អេ​លី​ត បណ្តាល​អោយ​កម្មករ កម្មការិនី ដួលសន្លប់​បែបនេះទៅ​។ ក្នុងករណី​ខាង​លើ​នេះ​ពុំ​បណ្តាល​អោយ​កម្មករ​ណា​ម្នាក់​រងគ្រោះ​ដល់​អាយុជីវិត​នោះ​ទេ​។​
​ ​បច្ចុប្បន្ន​កម្មករ កម្មការិនី ទាំង​៤៥​នាក់ កំពុង​សំរាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ជី​ភូ និង គ្លី​និ​ច​ផាសុខភាព​២ ស្ថិត​ក្នុង​ក្រុង​បាវិត​៕ប្រភព កម្ពុជាថ្មី
គឹម សេង​